ហ៊ុន សែន-សម រង្ស៊ី ឈ្លោះគ្នា បែរជាប់បណ្តឹង ហោ ណាំហុង?

តារាសម្ដែងពីរនាក់ កំពុងឈ្លោះគ្នា ស្រាប់តែមានតារម្នាក់ទៀត ចូលមកដាក់បណ្ដឹង ចាប់តារាម្នាក់ ឲ្យជាប់ពន្ធនាគារ។ ឆាកល្ខោន ដែលមានលក្ខណៈ«នយោបាយ» ទាំងសាច់ទាំងឆ្អឹង។
ហ៊ុន សែន-សម រង្ស៊ី ឈ្លោះគ្នា បែរជាប់បណ្តឹង ហោ ណាំហុង?
លោក សម រង្ស៊ី (ខាងឆ្វេង) និងលោក ហ៊ុន សែន។ (រូបថតសហការី)

តាមច្បាប់ បុគ្គលណាប្រព្រឹត្តិខុស បុគ្គលនោះត្រូវទទួលទោស។ រីឯបុគ្គលរងគ្រោះ គឺជាអ្នកប្តឹង ហើយប្តឹង​ក្នុង​សាច់រឿង ដែលមានជម្លោះទៀត។ តែនេះ លោក សម រង្ស៊ី វាយត្រូវលោក ហ៊ុន សែន ដែលប្រកាសថា លោក​ជារងគ្រោះនោះ... ស្រាប់តែបែរជាលោក ហោ ណាំហុង ជាអ្នករើករណីបណ្ដឹង ដាក់លោក សម រង្ស៊ី ទៅវិញ។ តើរឿងពិត ជាអ្វី? សូមអាន និងទស្សនា ពីការលើកឡើង របស់មតិមួយចំនួន ដូចខាងក្រោម៖

ក្នុងកិច្ចសម្ភាស ជាមួយអ្នកសារព័ត៌មាន កាលពីថ្ងៃទី១៥ ខែវិច្ឆកា ម្សិលម៉ិញនេះ លោក សុខ ឥសាន អ្នក​នាំ​ពាក្យគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងមិនអាចអនុគ្រោះ ឲ្យលោក សម រង្ស៊ី បានទៀតឡើយ ព្រោះតែមិនគោរពតាមកិច្ចព្រមព្រៀង និងគោរព តាមវប្បធម៌​សន្ទនា​នោះ។

លោកបន្តថា ជាញ៉យដង លោក សម រង្ស៊ី តែងតែធ្វើការសុំ ទោស លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នូវ​កំហុស​ឆ្គង​នានា ហើយលោក ហ៊ុន សែន ក៏តែងតែអនុគ្រោះឲ្យរហូតមក។ លោកបន្តថា មកទល់ពេលនេះ ការ​មិន​គោរព​«សំដី» របស់លោក សម រង្ស៊ី លោក ហ៊ុន សែន និងមិនអត់អោនឲ្យឡើយ។ លោក បន្តថា ដូចនេះ លោក សម រង្ស៊ី ត្រូវទទួលទោស តាមការចោទប្រកាន់ របស់តុលាការ។

សូមស្តាប់ការបកស្រាយទាំងស្រុងរបស់លោក សុខ ឥសាន ដូចខាងក្រោម៖




លោក គី វណ្ណារ៉ា តំណាងរាស្ត្រ មណ្ឌលខេត្តកំពង់ឆ្នាំង មកពីគណបក្សសង្គ្រោះជាតិ បានលើកឡើងថា បើ​ទោះ​ជាមានដីកាចាប់ខ្លួន លោក សម រង្ស៊ី ដែលមើលទៅ មិនស្របនឹងទិដ្ឋភាពច្បាប់ក៏ដោយ ក៏​គណបក្ស​ទាំង​ពីរ នៅ​តែអនុវត្តតាមវប្បធម៌សន្ទនាដែរ។ យ៉ាងណា លោកបានសម្ដែងការហួសចិត្ត ទៅលើមតិដែល​ហាម​មិន​ឲ្យភាគី នៃវប្បធម៌សន្ទនា និយាយស្តីអ្វីសោះ ហើយទុកឲ្យខ្លួននិយាយតែម្នាក់ឯង ទើបចាត់ទុកថា គោរពឬ​រក្សា​បាន នូវប្បធម៌សន្ទនា។ លោក គី វណ្ណារ៉ា បានថ្លែងឡើងថា៖ «ពេលប្រើប្រាស់វប្បធម៌សន្ទនា គាត់មាន​ទស្សនៈ​ថា រក្សាវប្បធម៌សន្ទនា អ្នកឯងកុំនិយាយ ទុកឲ្យខ្ញុំធ្វើអ្វី ស្រេចតែចិត្តខ្ញុំ អ្នកឯងកុំនិយាយទៅ អាហ្នឹង​រក្សា​បាន​វប្បធម៌​សន្ទនាហើយ។»

សូមស្តាប់ការបកស្រាយទាំងស្រុងរបស់លោក គី វណ្ណារ៉ា ដូចខាងក្រោម៖







ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្ដិភាពលោក យ៉ង់ គឹមអេង នយោបាយខ្មែរ បាន​ចាត់​ទុកគ្នាជាសត្រូវ។ តើហេតុអ្វីបានជាតុលាការ ចេះតែចេញដីកាកើត? បើព្រះមហាក្សត្របានលើក​លែង​ទោស​ទាំងស្រុង ដែលមានន័យថា ជាបុគ្គលគ្មានទោស នោះទើប គ.ជ.ប និងរដ្ឋសភាអាចទទួល និង​បញ្ចូល​ជា​សមាជិក​រដ្ឋសភាបាន។ ចុះឥឡូវបែរជាមានទោស ក្រោមបទចោទតាំងពីឆ្នាំ២០០៨ ដែលលោកបានក្លាយ ជា​តំណាង​រាស្រ្ត ក្នុងឆ្នាំ២០១៤នោះ។ យ៉ាងណាការចោទប្រកាន់ លោក សម រង្ស៊ី ដោយតុលាការ និង​រដ្ឋាភិបាល​នេះ មន្រ្តីអង្គការសង្គមស៊ីវិលរូបនេះ នៅតែចាត់ទុកថា វាជារឿងនយោបាយ កើតចេញពីនយោបាយ នៃ​ភាព​ចង់​​ឈ្នះ​ចង់​ចាញ់​រៀងៗខ្លួន។

សូមស្តាប់ការបកស្រាយទាំងស្រុងរបស់លោក យ៉ង់ គឹមអេង ដូចខាងក្រោម៖




តាមមតិពលរដ្ឋម្នាក់ បានបង្ហាញនូវចម្ងល់របស់ខ្លួនថា ជម្លោះរវាងបុគ្គលពីរនាក់ លោក ហ៊ុន សែន និងលោក សម រង្ស៊ី។ ដូច្នេះបើ លោក ហ៊ុន សែន មិនសុខចិត្តដោយចង់ឈ្នះ ឬចង់ចាប់លោក សម រង្ស៊ី ដាក់គុក ព្រោះ​តែមិនគោរពកិច្ចព្រមព្រៀង មិនគោរពវប្បធម៌សន្ទនា ឬមិនគោរពលោកជានាយករដ្ឋមន្រ្តី គួណាស់ លោក ហ៊ុន សែន ជាអ្នកប្តឹង ឬជាដើមបណ្តឹង ក្នុងរឿងដែលខ្លួនមិនសុខចិត្តនេះឯង។

ពលរដ្ឋម្នាក់ ដែលកំពុងអង្គុយអានសារព័ត៌មាន លោកបានលើកឡើង ដោយសុំមិនបញ្ចេញឈ្មោះថា៖ «ការ​ពិតទៅជម្លោះកើតឡើង តែរវាងបុគ្គល និងបុគ្គល។ រវាងលោក ហ៊ុន សែន និងលោក សម រង្ស៊ី។ រវាង​ការ​មិន​គោរពកិច្ចព្រមព្រៀង និងវប្បធម៌សន្ទនាជាដើម ចុះហេតុអ្វី បែរជាមានបណ្តឹង ដោយលោក ហោ ណាំហុង រឿង​បរិហារកេរ្តិ៍ណាទៅវិញ។ (...) ឯរឿង ហោ ណាំហុង នេះទៀតសោធ បានចប់តាំងពី៨ឆ្នាំមុនឯណោះ។ វា​ជារឿងមជ្ឈឹម តាមច្បាប់ បានផុតរលុត ក្នុងអំឡុងពេលប្រាំឆ្នាំ បើគ្មានការស្នើឲ្យអនុវត្តទោស ដោយ​ភាគី​នោះ​ទេ។»៕