អាជ្ញាធរ​ខេត្ត​អនុញ្ញាត​ឲ្យ​បង្កើត​ស្ថានីយ​ជញ្ជីង​ខែល​ជ័យ​ទប់ស្កាត់​រថយន្ត​ដឹក​លើស​ទម្ងន់

ខេត្តកំពង់ចាម ៖ ផ្លូវជាតិ​លេខ​៧១​ពី​ចំណុច​ថ្នល់​បែក​ស្រុក​ចំការលើ​រហូត​មក​ដល់​ចំណុច​រង្វង់​ត្រើង ស្ថិត​នៅ​ភូមិ​ខែល​ជ័យ ឃុំ​អូរ​ស្វាយ ស្រុក​កំពង់សៀម បាន​រង​ការ​ខូចខាត​ដោយ​អន្លើ​ពី​សំណាក់​រថយន្ត​ប្រភេទ​ធុន​យក្ស​ដឹក​ទំនិញ ។ កត្តា​បែប​នេះ​ហើយ​ទើប​អាជ្ញាធរ​ខេត្ត​ ក៏​ដូច​ជា​ក្រសួង​សាធារណការ​ បាន​បង្កើត​ស្ថានីយ​ថ្លឹង​រថយន្ត​ខែល​ជ័យ​មួយ​កន្លែង​ដើម្បី​ទប់ស្កាត់​ការ​ដឹក​លើស​ទង្ង​ន់ ។

លោក នួន គី​ម​ហេង អនុប្រធាន​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្ត បាន​ប្រាប់​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​១៨ វិច្ឆិកា ២០១៥​នេះ​ថា មាន​រថយន្ត​ធំ​ៗ​ដឹក​ដំឡូង ដឹកស្រូវ និង​អុស​ ចេញ​មក​ពី​ខេត្តព្រះវិហារ ខេត្តសៀមរាប ខេត្តកំពង់ធំ កាត់​ចូល​មក​ស្រុក​ចំការលើ ចេញ​តាម​រង្វង់​មូល​ត្រើង ស្រុ​កកំពង់សៀម ដោយ​មាន​ជា​ច្រើន​គ្រឿង ដើម្បី​យក​ទៅ​លក់​នៅ​ទីផ្សារ​ក្នុងស្រុក និង​ប្រទេស​វៀតណាម​ជាដើម ។

លោក នួន គី​ម​ហេង បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា ដោយសារ​តែ​មាន​កត្តា​ដឹក​ធ្ងន់​បែប​នេះ​ហើយ​ ទើប​បណ្តាល​ឲ្យ​ផ្លូវជាតិ​លេខ​៧១​បាន​រង​ការ​ខូចខាត ស្រុត​ដោយ​អន្លើ មានទឹក​ដក់ ដែល​បង្ក​ឲ្យ​ម៉ូតូ និង​រថយន្ត​តូច​ធំ​ផ្សេង​ទៀត​ពិបាក​ក្នុង​ការ​ធ្វើ​ដំណើរ ។ ហេតុ​ដូច្នេះ​ហើយដោយ​សារ​តែ​មាន​សេចក្តីរាយការណ៍​ពី​សំណាក់​មន្ត្រី​នៅ​មូលដ្ឋាន​ ជំនាញ​សាធារណការ​រ​ខេត្ត​បាន​ចុះ​ទៅ​ពិនិត្យ​ឃើញ​មាន​ខូច​ជា​ច្រើន​កន្លែង ទើប​លោក​ប្រធាន​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្ត បាន​ធ្វើ​លិខិត​មួយ​ច្បាប់​ទៅ​លោក លន់ លឹ​ម​ថៃ អភិបាលខេត្ត នៅ​ថ្ងៃ​ទី​៥ វិច្ឆិកា ២០១៥ ដើម្បី​បង្កើត​ក្រុមការងារ​ត្រួតពិនិត្យ​យានយន្ត​នៅ​ស្ថានីយ​ជញ្ជីង​អ​ចល័ត​ខែល​ជ័យ ​លោក​អភិបាលខេត្ត​បាន​ឯកភាព​ឲ្យ​បង្កើត ហើយ​លោក ត្រាំ អ៊ី​វ​តឹក រដ្ឋមន្ត្រីក្រសួង​សាធារណការ​ ក៏​បាន​យល់ព្រម​ផង​ដែរ ។

បន្ទាប់​មក​មន្ត្រី​ក្រោម​ឱវាទ​ក៏​បាន​ចាប់ផ្តើម​អនុវត្តន៍​ចុះ​ផ្សព្វផ្សាយ​ដល់​ម្ចាស់​យានយន្ត និង​អ្នកបើកបរ​រថយន្ត​ដោយ​ធ្វើ​ឡើង​ចាប់ពី​ថ្ងៃ​ទី​១៣ វិច្ឆិកា ២០១៥ រយៈពេល​១​ខែ ដើម្បី​ឲ្យ​ម្ចាស់​យានយន្ត​បាន​យល់​ជ្រួតជ្រាប​ពី​ច្បាប់ ។ ក្រោយមក​ទៀត​ប្រសិនបើ​ពិនិត្យ​ឃើញ​រថយន្ត​ធំ​ៗ​ណា​ដែល​ផ្ទុកទំនិញ​លើស​ទម្ងន់​កំណត់​នោះ នឹង​ត្រូវ​ចាប់​ផាកពិន័យ ក្នុង​ករណី​បើ​ឃើញ​លើស​លើក​ទី​២​ត្រូវ​តែ​ពិន័យ​ទ្វេរ​ដង និង​ដក​ប័ណ្ណបើកបរ​រថយន្ត​ផង​ដែរ ។

លោក​អនុប្រធាន​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្ត បញ្ជាក់​ថា រូប​លោក​សូម​ស្នើ​ឲ្យ​ម្ចាស់​យានយន្ត​ទាំងឡាយ​មេត្តា​នាំ​គ្នា​គោរព​ច្បាប់​ឲ្យ​បាន​ខ្ជាប់ខ្ជួន ធ្វើ​យ៉ាងណា​រាល់​ការ​ដឹក​ជញ្ជូន​ទំនិញ​កុំ​ឲ្យ​លើស​ទង្ង​ន់ ចៀសវាង​ការ​ខូច​ស្រុត​ផ្លូវថ្នល់ និង​ដើម្បី​ប្រើប្រាស់​ឲ្យ​បាន​យូរអង្វែង​ទៅ​មុខ​ទៀត ។ ក្នុង​ករណី​បើ​រក​ឃើញ​មាន​មន្ត្រី​ណា​មានការ​ឃុបឃិត​ជាមួយនឹង​រថយន្ត​ដឹក​លើស​ទង្ង​ន់​ឲ្យ​បើក​ឆ្លងកាត់ ហើយ​ខូច​ផ្លូវ មន្ត្រី​នោះ​នឹង​ត្រូវ​ប្រឈម​ផ្លូវច្បាប់ រួម​ជាមួយនឹង​ម្ចាស់​រថយន្ត​ផង​ដែរ ៕