អាដហុក​អំពាវនាវ​អាជ្ញាធរ​ឲ្យ​ស៊ើប​អង្កេត​ដី​សម្បទាន​សង្គមកិច្ច​ខេត្ត​មណ្ឌលគិរី

រាជ​រដ្ឋាភិបាល បាន​អនុញ្ញាត​ឲ្យ​អាជ្ញាធរ​ខេត្ត​មណ្ឌលគិរី រៀបចំ​ដី​សម្បទាន​សង្គមកិច្ច ៣​ពាន់​ហិកតារ សម្រាប់​ជន​ក្រីក្រ និង​ជនជាតិ​ដើម​ភាគ​តិច​គ្មាន​ដី​តាំង​ទីលំនៅ ដើម្បី​លើក​ស្ទួយ​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ឲ្យ​បាន​ប្រសើរ។ ក៏ប៉ុន្តែ​រហូត​ពេល​នេះ អាជ្ញាធរ​ខេត្ត​មណ្ឌលគិរី មិន​ទាន់​បែង​ចែក​ដី​ទៅ​ដល់​ប្រជាពលរដ្ឋ​ត្រឹមត្រូវ​តាម​គោលការណ៍​ណែនាំ​នោះ​នៅ​ឡើយ ជាពិសេស​គម្រោង​ផ្តល់​ដី​សម្បទាន​នោះ​បាន​បង្កើត​ឲ្យ​មាន​បាតុភាព​ជាច្រើន​ករណី។

មន្ត្រី​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ខេត្ត អំពាវនាវ​សុំ​ឲ្យ​អាជ្ញាធរ​ថ្នាក់​ជាតិ ស៊ើប​អង្កេត​ភាព​មិន​ប្រក្រតី​នៃ​ការ​បែង​ចែក​ដី​សម្បទាន​សង្គមកិច្ច​នៅ​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំ​ណាមលៀរ ឃុំ​ប៊ូស្រា ស្រុក​ពេជ្រាដា ខេត្ត​មណ្ឌលគិរី ដែល​កើត​មាន​រឿង​ចម្រូងចម្រាស​ច្រើន​ករណី។

ការ​អំពាវនាវ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​មន្ត្រី​សិទ្ធិ​មនុស្ស​ខេត្ត​មណ្ឌលគិរី លោក សុក រដ្ឋា កាល​ពី​ដើម​ខែ​វិច្ឆិកា បាន​ស៊ើប​អង្កេត​ទៅ​លើ​ករណី​បែង​ចែក​ដី​សម្បទាន​សង្គមកិច្ច​នេះ និង​រក​ឃើញ​មាន​ភាព​ប្រក្រតី​ដូចជា ការ​បែង​ចែក​ដី​នៅ​យឺតយ៉ាវ  អ្នក​ទទួល​បាន​ដី​សម្បទាន​សង្គមកិច្ច​មួយ​ចំនួន​មិន​មាន​លក្ខណៈ​សម្បត្តិ​ទទួល​បាន​ដី​តាម​ការ​កំណត់​របស់​រាជ​រដ្ឋាភិបាល ដី​សម្បទាន​ខ្លះ​ត្រូវ​បាន​គេ​លក់​បន្ត​ពី​ម្នាក់​ទៅ​ម្នាក់ និង​ដោយឡែក​ជម្លោះ​ប្រឈម​មុខ​ដាក់​គ្នា​រវាង​ជនជាតិ​ដើម​ភាគ​តិច​នៅ​តំបន់​នោះ និង​សហគមន៍​ជនជាតិ​ចាម ដែល​កាប់​ទន្ទ្រាន​ព្រៃ​ឈើ​ដើម្បី​យក​ដី៖ «អ៊ីចឹង​ត្រូវ​តែ​ចុះ​អនុវត្ត​នីតិវិធី​ហ្នឹង​ឲ្យ​បាន​ត្រឹមត្រូវ ឲ្យ​ស្រប​អនុក្រឹត្យ​លេខ​១៩ ហើយ​ចែក​ជូន​ទៅ​ដល់​ប្រជាពលរដ្ឋ​មុខ​សញ្ញា​ដែល​ទទួល​បាន​ដី គឺ​មិន​មាន​ជា​អ្នក​មាន​ទេ គឺ​អ្នក​ក្រ​ពិត​ប្រាកដ»

របាយការណ៍​អង្កេត​របស់​សមាគម​អាដហុក (ADHOC) រដ្ឋាភិបាល​បាន​សម្រេច​ផ្តល់​ដី ៣.០០០​ហិកតារ​សម្រាប់​សម្បទាន​សង្គមកិច្ច​ដល់​ពលរដ្ឋ​មក​ពី​ខេត្ត​កំពង់ចាម ជាង ៥៨៨​គ្រួសារ និង​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ភូមិ​ពូលុ ១៥០​គ្រួសារ បន្ទាប់​ពី​ប្រជាពលរដ្ឋ​ទាំង​នោះ​បាន​ស្នើសុំ​ដី​សម្រាប់​ចិញ្ចឹម​ជីវិត ដោយ​មូលហេតុ​ពួក​គេ​មិន​មាន​ដី​តាំង​ទីលំនៅ និង​ធ្វើ​ស្រែ​ចម្ការ។

ទាក់ទិន​នឹង​គម្រោង​សុំ​ដី​សម្បទាន​សង្គមកិច្ច​នេះ ប្រធាន​គម្រោង អ្នកស្រី មីត ម៉ាល័យ បញ្ជាក់​ថា គម្រោង​ស្នើសុំ​ដី​មាន​ទំហំ ៣​ពាន់​ហិកតារ ក្នុង​នោះ​មួយ​គ្រួសារ​ត្រូវ​ទទួល​បាន​ដី​លំនៅឋាន និង​ដី​ចម្ការ​សរុប ៥​ហិកតារ ក៏ប៉ុន្តែ​ទាក់ទិន​ការ​ស្នើសុំ​របស់​សហគមន៍​ជនជាតិ​ដើម ១៥០​គ្រួសារ អាជ្ញាធរ​ខេត្ត​បាន​កាត់​ដី ៦០០​ហិកតារ​សម្រាប់​ចែក​ជូន​ប្រជាពលរដ្ឋ​សហគមន៍។ អ្នកស្រី​ទទួល​ស្គាល់​ថា ជំហាន​ទី​១ នេះ អាជ្ញាធរ​ខេត្ត​បាន​ចែក​ដី​ជូន​ពលរដ្ឋ​ចំណាក​ស្រុក​ប្រមាណ ២០០​គ្រួសារ ក៏ប៉ុន្តែ​មាន​គ្រួសារ​ខ្លះ​មិន​ទាន់​មក​តាំង​ទីលំនៅ និង​ខ្លះ​បាន​ផ្ទេរ​ដី​ពី​ម្នាក់​ទៅ​ម្នាក់ ដោយ​គ្មាន​ការ​ទទួល​ខុស​ត្រូវ។ ដោយឡែក​មាន​ពលរដ្ឋ​ចំណាក​ស្រុក​ខ្លះ​ទៀត បាន​មក​កាប់​រាន​ដី​តំបន់​នោះ​បែប​អនាធិបតេយ្យ ដើម្បី​យក​ដី​ជា​កម្មសិទ្ធិ ជា​ហេតុ​ធ្វើ​ឲ្យ​មាន​ទំនាស់​កើត​ឡើង​ជាមួយ​ពលរដ្ឋ​ជនជាតិ​ដើម​ព្នង អ្នក​អភិរក្ស​ព្រៃ​ឈើ​នោះ៖ «បង​ប្អូន​មក​នៅ​យូរ​ហើយ​ចេះ​តែ​កាប់​ព្រៃ​អ៊ីចឹង​ទៅ គាត់​ទៅ​ចាប់​យក​ម៉ាស៊ីន​ឲ្យ​ប៉ូលិស អ៊ីចឹង​រក​ដំណោះស្រាយ​ណា​មួយ​ក៏​មិន​ទាន់​មាន​ដំណោះស្រាយ​ជាក់លាក់​ដែរ»

ផ្ទុយ​ពី​ការ​លើក​ឡើង​នេះ តំណាង​សហគមន៍​ពូលុ លោក ថ្លាង ផូ បដិសេធ​ថា រហូត​មក​ទល់​នឹង​ពេល​នេះ សហគមន៍​មិន​បាន​ទទួល​ដី​សម្បទាន​នោះ​នៅ​ឡើយ។ ចំណែក​ដី​ព្រៃ​តំបន់​នោះ កំពុង​រង​ការ​កាប់​រាន​យក​ដី​ពី​អ្នក​ចំណាក​ស្រុក​ជា​ជនជាតិ​ចាម យក​ដី​លក់។ លោក​បន្ត​ថា ជនជាតិ​ចាម បាន​ប្រើ​កាំបិត​ពូថៅ ប្រឆាំង​តប​ត​ជាមួយ​សហគមន៍​ដែល​រារាំង​ពួក​គេ​មិន​ឲ្យ​កាប់​ព្រៃ​យក​ដី៖ «គេ​អត់​ស្តាប់​ទេ​កាន់​តែ​កាប់​ខ្លាំង​ឡើងៗ យើង​ភាគ​តិច​បើ​យើង​ទៅ​គេ​គ្នា​ច្រើន គេ​តាម​កាប់ គេ​ថា​ចាប់​ស្អី​កន្លែង​ពួក​ខ្ញុំ។ បង​ប្អូន​លក់​តៗ​គ្នា​មួយ​ហិកតារ​ប៉ុន្មាន​រយ»

យ៉ាង​ណា​ក៏ដោយ អភិបាល​ស្រុក​ពេជ្រាដា លោក នួន សារ៉ន មាន​ប្រសាសន៍​ថា លោក​បាន​ចុះ​ណែនាំ​ប្រជាពលរដ្ឋ​មិន​ឲ្យ​កាប់​រាន​ព្រៃ​នៅ​តំបន់​នោះ​ទេ។ លោក​ថា គម្រោង​បែង​ចែក​ដី​នេះ ឋិត​ក្រោម​ចំណាត់​ការ​របស់​អាជ្ញាធរ​ខេត្ត៖ «ទេ​អត់​ទាន់​បាន​ចែក រង់ចាំ​ខេត្ត យើង​បាន​ចុះ​ហើយ បាន​ផ្សព្វផ្សាយ​ហើយ»

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​អភិបាល​ខេត្ត​មណ្ឌលគិរី លោក អេង ប៊ុនហ៊ាង សុំ​បញ្ជាក់​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​១៨ ខែ​វិច្ឆិកា។

ទោះ​ជា​យ៉ាង​នេះ​ក្តី តំណាង​សហគមន៍​ដដែល​ឲ្យ​ដឹង​ថា ព្រៃ​នៅ​តំបន់​នោះ​កំពុង​រក​កាប់​រាន​អនាធិបតេយ្យ​យក​ដី​អស់​លើស​ពី ៣​ពាន់​ហិកតារ​ហើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។