សត្វ​​ទា​នៅ​សៀមរាប​​ជាង​៣​ពាន់​ក្បាល​​ត្រូវ​បាន​សម្លាប់​សង្ស័យ​ជំងឺ​ផ្ដាសាយ​បក្សី

មន្ត្រី​ក្រសួង​សុខាភិបាល និង​មន្ទីរ​សុខាភិបាល​ខេត្ត​សៀមរាប កំពុង​តាមដាន និង​ឃ្លាំមើល​រួមគ្នា​ទៅ​លើ​ប្រជាពលរដ្ឋ​ខ្លះ​ដែល​រស់​នៅ​ឃុំ​ព្រៃជ្រូក ស្រុក​ពួក ខ្លាចក្រែង​កើត​មាន​ជំងឺ​ផ្ដាសាយ​បក្សី។ ពួកគេ​ត្រៀម​ខ្លួន​ចាំ​ព្យាបាល​ជំងឺ​នេះ​ជូន​ប្រជាពលរដ្ឋ បន្ទាប់ពី​កាល​ពី​ថ្ងៃ​ទី​១៤ ខែ​វិច្ឆិកា កន្លង​ទៅ ក្រសួង​កសិកម្ម បាន​ចេញ​ប្រកាស​ព័ត៌មាន​ដោយ​កំណត់​ថា នៅ​ភូមិ​ច្រនៀង ឃុំ​ព្រៃជ្រូក នៃ​ស្រុក​ពួក គឺជា​តំបន់​មួយ ដែល​ផ្ទុះឡើង​នូវ​ជំងឺ​ផ្ដាសាយ​បក្សី។

មន្ត្រី​ជំនាញ​បសុសត្វ​របស់​មន្ទីរ​កសិកម្ម ខេត្ត​សៀមរាប ដែល​សហការ​ជាមួយ​មន្ទីរ​ពាក់ព័ន្ធ​ខ្លះ​ទៀត បាន​ចុះ​ទៅ​សម្លាប់​សត្វ​ទា​ប្រមាណ​ជាង ៣.០០០​ក្បាល ដែល​កសិករ​ចិញ្ចឹម​នៅ​ឯ​ទីវាល​មួយ​កន្លែង ក្នុង​ភូមិ​ច្រនៀង ឃុំ​ព្រៃជ្រូក ចម្ងាយ​ប្រមាណ ៤០​គីឡូម៉ែត្រ ភាគ​ខាងលិច​ពី​ទី​រួម​ខេត្ត​សៀមរាប កាល​ពី​ល្ងាច​ថ្ងៃ​ទី​១៧ ខែ​វិច្ឆិកា កន្លង​ទៅ។

ការ​សម្លាប់​សត្វ​ទារ​កប់​ចោល​ចំនួន​ជាង ៣.០០០​ក្បាល​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​សត្វ​ទា ១​ហ្វូង​បាន​កើត​ជំងឺ​ងាប់​ជា​បន្តបន្ទាប់ ហើយ​ក្រសួង​កសិកម្ម ក៏​បាន​ប្រកាស​កំណត់​កន្លែង​ដែល​សត្វ​ទា​ឈឺ​ទាំង​នោះ​ថា ជា​តំបន់​ដែល​ផ្ទុះ​ឡើង​នៃ​ជំងឺ​ផ្ដាសាយ​បក្សី H5N1 មក។

ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ខេត្ត​សៀមរាប គឺ​លោក មឿង សុនិត្យា។ លោក​មាន​ប្រសាសន៍​កាល​ពី​រសៀល​ថ្ងៃ​ពុធ ទី​១៨ ខែ​វិច្ឆិកា ថា រូបលោក​និង​មន្ត្រី​ជំនាញ​បាន​ចុះទៅ​សម្លាប់​សត្វ​ទា ១​ហ្វូង ដែល​បាន​កើត​ជំងឺ​កប់​ចោល ព្រមទាំង​បាញ់​ថ្នាំ​សម្លាប់​មេរោគ​នៅ​តំបន់​នោះ​រួច​រាល់​ហើយ​កាល​ល្ងាច​ថ្ងៃ​ទី​១៧ ខែ​វិច្ឆិកា។

លោក មឿង សុនិត្យា បញ្ជាក់​ទៀត​ថា បន្ទាប់​ពី​ការ​សម្លាប់​សត្វ​ទា​ជាង ៣.០០០​ក្បាល​កប់​ចោល​មក គឺ​មន្ត្រី​ជំនាញ​ផ្នែក​ពេទ្យសត្វ នៅ​តែ​បន្ត​តាមដាន​នៅ​ជុំវិញ​តំបន់​ដែល​ទា​កើត​ជំងឺ​ត​ទៅ​ទៀត៖ «យើង​បាន​ទប់ស្កាត់​ទាន់​ពេល​វេលា​ដោយ​យើង​សម្លាប់​ចោល​ទា​ដែល​ឈឺ​នោះ​ភ្លាម។ បន្ទាប់​មក​យើង​ធ្វើ​ការ​តាមដាន​នៅ​តំបន់​ជុំវិញ​នៃ​កន្លែង​ផ្ទុះ​ជំងឺ​នោះ​ដែរ»

មន្ត្រី​មន្ទីរ​កសិកម្ម​ឱ្យ​ដឹង​ថា នៅ​ទូទាំង​ខេត្ត​សៀមរាប គឺ​មាន​តែ​តំបន់​ភូមិ​ច្រនៀង ឃុំ​ព្រៃជ្រូក ស្រុក​ពួក តែ ១​ប៉ុណ្ណោះ ដែល​សត្វ​ទា​បាន​ឈឺ​ងាប់​ពាក់ព័ន្ធ​នឹង​ករណី​ផ្ដាសាយ​បក្សី។

មន្ត្រី​មន្ទីរ​សុខាភិបាល​ខេត្ត​សៀមរាប លោក​វេជ្ជបណ្ឌិត ក្រូស សារ៉ាត់ មាន​ប្រសាសន៍​ថា បើ​ទោះ​បី​ជា​មន្ត្រី​ពេទ្យសត្វ​បាន​សម្លាប់​សត្វ​ទា​ចោល​ជាង ៣​ពាន់​ក្បាល ពាក់ព័ន្ធ​នឹង​ជំងឺ​ផ្ដាសាយ​បក្សី H5N1ក៏ដោយ ក៏​រហូត​មក​ដល់​ពេល​នេះ​មិន​មាន​ប្រជាពលរដ្ឋ​ណា​ម្នាក់​នៅ​តំបន់​ជុំវិញ​នោះ បាន​ឆ្លង​ជំងឺ​នោះ​ឡើយ។

លោក​វេជ្ជបណ្ឌិត ក្រូស សារ៉ាត់ បញ្ជាក់​ថា ទោះ​យ៉ាង​ណា ជា​ច្រើន​ថ្ងៃ​មក​នេះ មន្ទីរ​សុខាភិបាល​បាន​សហការ​ជាមួយ​មន្ត្រី​សុខភាព​នៅ​តាម​ឃុំ និង​ស្រុក ឱ្យ​ចុះ​អប់រំ​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​ជុំវិញ​កន្លែង​សត្វ​ទា​ឈឺ​ងាប់​ឱ្យ​បាន​យល់​ពី​អាការៈ​នៃ​ជំងឺ​ផ្ដាសាយ​បក្សី ហើយ​បើ​មាន​អាការៈ​ផ្ដាសាយ ឬ​ក៏​ជំងឺ​ផ្លូវ​ដង្ហើម​ត្រូវ​ប្រញាប់​មក​រក​គ្រូពេទ្យ៖ «ខាង​ក្រសួង​សុខាភិបាល ជាមួយ​នឹង​មន្ទីរ​សុខាភិបាល ជាមួយ​នឹង​ស្រុក​ប្រតិបត្តិ គឺ​យើង​ចុះ​ផ្សព្វផ្សាយ​អប់រំ​អ្នក​ស្រុក បើ​សិន​ណា​ជា​មាន​បញ្ហា​គ្រុន​ផ្ដាសាយ ឬ​មួយ​គឺ​ប្រញាប់​ព្យាបាល»

កាល​ពី​ថ្ងៃ​ទី​១៤ ខែ​វិច្ឆិកា កន្លង​ទៅ ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ចេញ​សេចក្ដី​ប្រកាស​ស្ដីពី​ការ​កំណត់​តំបន់​ផ្ទុះ​ឡើង​នៃ​ជំងឺ​ផ្ដាសាយ​បក្សី​ចំនួន ២​កន្លែង​នៅ​ក្នុង​ប្រទេស​កម្ពុជា គឺ ១​កន្លែង​នៅ​ភូមិ​ដង្គត់ធ្នង់ ឃុំ​តាគ្រាម ស្រុក​បាណន់ ខេត្ត​បាត់ដំបង និង​មួយ​កន្លែង​ទៀត​នៅ​ភូមិ​ច្រនៀង ឃុំ​ព្រៃជ្រូក ស្រុក​ពួក ខេត្ត​សៀមរាប។

ជំងឺ​ផ្ដាសាយ​បក្សី គឺ​ជា​ប្រភេទ​ជំងឺ​ផ្លូវ​ដង្ហើម​ដែល​បង្ក​ឡើង​ដោយ​មេរោគ​ម្យ៉ាង​ហៅ​ថា H5N1។ ជំងឺ​នេះ​អាច​កើត​លើ​បក្សី​គ្រប់​ប្រភេទ និង​អាច​ឆ្លង​ពី​សត្វ​ទៅ​មនុស្ស​តាម​រយៈ​ការ​ប៉ះ​ដោយ​ផ្ទាល់ និង​ការ​ទទួល​ទាន​សាច់​សត្វ​ដែល​ឈឺ​ងាប់​ជាដើម។ កាល​ពី​ដើម​ឆ្នាំ​២០១៤ កន្លង​ទៅ ជំងឺ​ផ្ដាសាយ​បក្សី H5N1 បាន​ផ្ទុះ​ឡើង​នៅ​កម្ពុជា ចំនួន ៩​ករណី ហើយ​បាន​សម្លាប់​មនុស្ស​ចំនួន ៥​នាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។