ដំណើរ​បំពេញបេសកកម្ម​លើ​ទឹកដី​ខេត្តសៀមរាប​របស់​គណៈប្រតិភូ​ក្រុង​ស៊ូ​វ៉ុ​ន ​ប្រទេសកូរ៉េ

ខេត្តសៀមរាប ៖ នៅ​ថ្ងៃ​ទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៥ ក្នុង​ដំណើរ​បំពេញបេសកកម្ម​នៅ​លើ​ទឹក​ប្រវត្តិសាស្ត្រ​ខេត្តសៀមរាប​របស់​គណៈប្រតិភូ​ក្រុង​ស៊ូ​វ៉ុ​ន នៃ​សាធារណរដ្ឋ​កូរ៉េ ដឹកនាំ​ដោយ​លោក យ៉ុ​ម តែ​យ៉ុ​ង អភិបាលក្រុង​ស៊ូ​វ៉ុ​ន កាន់តែ​ធ្វើ​ឲ្យ​ខេត្ត​-​ក្រុង​ទាំង​ពីរ​មានការ​ទំនាក់ទំនង​ក្នុង​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្នា​កាន់តែ​មាន​ភាព​ប្រសើរ​ឡើង ។

នៅ​ក្នុង​ពិធី​អាហារ​ថ្ងៃត្រង់​ជូន​ដល់​គណៈប្រតិភូ​ដែល​រៀបចំ​ឡើង​ដោយ​អភិបាលខេត្ត នៅ​សណ្ឋាគារ​បុរី​អង្គរ ខេត្តសៀមរាប ក្រោម​វត្តមាន​ចូលរួម​របស់​លោក ឃឹម ប៊ុ​ន​សុង អភិបាល នៃ​គណៈ​អភិបាលខេត្ត ដោយ​មានការ​ចូលរួម​ពី​សំណាក់​លោក លោកស្រី សមាជិក​ក្រុមប្រឹក្សា​ខេត្ត គណៈ​អភិបាលខេត្ត អស់លោក លោកស្រី ជា​ថ្នាក់ដឹកនាំ​ និង​មន្ត្រីរាជការ​សាលាខេត្ត​ផង​ដែរ ។

មាន​ប្រសាសន៍​សំណេះសំណាល និង​ពិភាក្សា​គ្នា លោក ឃឹម ប៊ុ​ន​សុង ក៏​បាន​លើក​ឡើង​ពី​កិច្ច​ដឹកនាំ និង​ការ​អភិវឌ្ឍន៍ កែ​លម្អ​នូវ​សោភ័ណ​ភាព​ក្រុង​ប្រវត្តិសាស្ត្រ​ក្នុង​ការ​ទាក់ទាញ និង​ទទួល​ស្វាគមន៍​ភ្ញៀវ​ទេសចរ​ជាតិ អន្តរជាតិ និង​ឲ្យ​សក្តិ​សមជា​តំបន់​គោលដៅ​របស់​ភ្ញៀវ​ទេសចរណ៍​លើ​ពិភពលោក ចូល​មក​ទស្សនា​កម្សាន្ត ។ ក្នុង​នោះ​ដែរ​លោក​ក៏​បាន​លើក​ឡើង​អំពី​តួលេខ​នៃ​ភ្ញៀវ​ទេសចរណ៍​ចូល​មក​ទស្សនា​កម្សាន្ត ទាំង​ភ្ញៀវ​ជាតិ និង​អន្តរជាតិ មានការ​កើនឡើង ហើយ​ភ្ញៀវ​ទេសចរណ៍​ជនជាតិ​កូរ៉េ​ស្ថិត​ក្នុង​លំដាប់​លេខ​២ បន្ទាប់​ពី​ប្រទេស​ចិន ។

លោក ឃឹម ប៊ុ​ន​សុង ក៏​បាន​ជម្រាប​ដល់​គណៈប្រតិភូ​ផង​ដែរ​ពី​កិច្ច​ពិភាក្សា​ជាមួយ​អគ្គរដ្ឋទូត​កូរ៉េ​ប្រចាំ​នៅ​កម្ពុជា ក្នុង​ការ​បង្កើត​ឲ្យ​មាន​អគ្គ​កុងស៊ុល​កូរ៉េ​នៅ​ខេត្តសៀមរាប នៅ​ក្នុង​ឆ្នាំ​២០១៦ ក្នុង​ការ​ផ្តល់​នូវ​ទិដ្ឋាការ​ដល់​ខេត្ត​ចំនួន​៥ តំបន់​ភូមិ​ភា​ង​ខាងជើង​ប្រទេស ហើយ​ត្រូវ​បាន​ក្រសួងមហាផ្ទៃ និង​រាជ​រដ្ឋា​ភិបាល​​កម្ពុជា ក្នុង​ការ​ជម្រុញ​ឲ្យ​កំណើន​ភ្ញៀវ​ទេសចរណ៍​កូរ៉េ និង​អ្នក​វិនិយោគ​កូរ៉េ​ចូល​មក​កម្ពុជា សំខាន់​នៅ​ខេត្តសៀមរាប ។ ក្នុង​នោះ​ដែរ​អាជ្ញាធរ​ខេត្ត​តែងតែ​ជួប​ធ្វើ​កិច្ច​ពិភាក្សា និង​ណែនាំ​ដល់​សមាគម​ជនជាតិ​កូរ៉េ​ជា​ប្រចាំ​ផង​ដែរ ។

លោក ឃឹម ប៊ុ​ន​សុង ក៏​បាន​បញ្ជាក់​ថា ដំណើរ​បំពេញបេសកកម្ម​នៅ​ខេត្តសៀមរាប​កាន់តែ​ធ្វើ​ឲ្យ​លទ្ធផល​នៃ​កិច្ច​សហប្រតិបត្តិការ​រវាង​ខេត្ត​-​ក្រុង​ទាំង​ពីរ​កាន់តែ​ទទួល​បាន​នូវ​ផ្លែផ្កា​ល្អ​ក្រៃ​លែង ជា​ពិសេស​លើ​ការងារ​អប់រំ អនាម័យ បរិស្ថាន និង​ការ​ផ្តល់​នូវ​អគារសិក្សា អណ្តូងទឹក​ស្អាត បង្គន់​អនាម័យ ព្រមទាំង​ផ្តល់​នូវ​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ចុះ​មក​ព្យាបាល​ជូន​ប្រជាជន និង​ផ្តល់​នូវ​សម្ភារៈ​សិក្សា ស្បៀងអាហារ​ជាដើម ។

មាន​ប្រសាសន៍​ក្នុង​ពិធី​នោះ​ដែរ លោក យ៉ុ​ម តែ​យ៉ុ​ង អភិបាលក្រុង​ស៊ូ​វ៉ុ​ន​ក៏​បាន​សម្តែង​នូវ​ក្តី​ស្មោះស្ម័គ្រ​ពី​ការ​ខិតខំ​ប្រឹងប្រែង​របស់ លោក​អភិបាលខេត្ត​ក្នុង​កិច្ច​សហប្រតិបត្តិការ​ក្នុង​ការ​អភិវឌ្ឍន៍​នូវ​ភូមិ​មិត្តភាព​ភ្នំ​ក្រោម​ស៊ូ​វ៉ុ​ន ក្នុង​ការ​លើកកម្ពស់ ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ក្នុង​តំបន់​ភូមិ​ភ្នំ​ក្រោម​ឲ្យ​មាន​ជីវភាព​ប្រសើរ​ឡើង ។ លោក​ក៏​បាន​ថ្លែងអំណរគុណ​ចំពោះ​អាជ្ញាធរ​ខេត្ត ដែល​បាន​ផ្តល់​នូវ​ដី​ទីតាំង​សម្រាប់​សាងសង់​អគារសិក្សា អនុ​វិទ្យាល័យ និង​វិទ្យាល័យ ដើម្បី​បំពេញ​នូវ​សេចក្តី​តម្រូវការ​របស់​កូនចៅ​ប្រជាពលរដ្ឋ​នៅ​ក្នុងភូមិ​មិត្តភាព​ភ្នំ​ក្រោម​ស៊ូ​វ៉ុ​ន ។

លោក​អភិបាលក្រុង​ស៊ូ​វ៉ុ​ន ក៏​បាន​ធ្វើការ​កោតសរសើរ​ពី​ភាព​ដឹង​នាំ​ដ៏​ប៉ិនប្រសព្វ​របស់​លោក​អភិបាលខេត្ត​សៀមរាប ក្នុង​កិច្ច​អភិវឌ្ឍន៍ និង​កែ​លម្អ​សោភ័ណ​ភាព​ក្រុង​ឲ្យ​កាន់តែ​មាន​ភាព​ស្រស់​ត្រកាល​ឡើង​ប្រកបដោយ​ធម្មជាតិ​បៃតង​ក្នុង​ការ​ទាក់ទាញ​នូវ​ភ្ញៀវ​ទេសចរណ៍​មក​ពី​គ្រប់​មជ្ឈដ្ឋាន​លើ​សកលលោក​ចូល​មក​ទស្សនា​កម្សាន្ត​នូវ​តំបន់​វប្បធម៌​ធម្មជាតិ​ប្រវត្តិសាស្ត្រ​ក្នុង​តំបន់​អាស៊ី​យើង​នេះ ។

លោក យ៉ុ​ម តែ​យ៉ុ​ង ក៏​បាន​បញ្ជាក់​ផង​ដែរ​នូវ​ភាពយឺត​យ៉ាវ​ក្នុង​ការ​អនុវត្ត​គម្រោង​ជំហាន​ទី​៣​ក្នុង​ការ​សាងសង់​អគារសិក្សា ដោយ​មានការ​ជួប​នូវ​បញ្ហា​មួយ​ចំនួន ក្នុង​នោះ​ដែរ​លោក​នឹង​បន្ត​ខិតខំ​ជួយ​ឧបត្ថម្ភ​គាំទ្រ​ក្នុង​កិច្ច​អភិវឌ្ឍន៍​ភូមិ​មិត្តភាព​ភ្នំ​ក្រោម ស៊ូ​វ៉ុ​ន ដើម្បី​ធ្វើ​ឲ្យ​ជីវភាព​ប្រជាជន​តំបន់​នោះ​មាន​ភាព​ប្រសើរ​ឡើង ។ លោក​ក៏​មាន​ចំណាប់អារម្មណ៍​យ៉ាង​ខ្លាំង​អំពី​ទេសភាព​នៅ​លើ​ខ្នងភ្នំ​ក្រោម ដែល​ជា​ប្រភព​ចំណូល​មួយ​របស់​ប្រជាជន​តំបន់​នោះ​ក្រោយ​ពេល​ដែល​យើង​រៀបចំ​ឲ្យ​ទីកន្លែង​នោះ​ប្រកប​ទៅ​ដោយ​ទេសភាព​ធម្មជាតិ ប្រកបដោយ​បរិស្ថាន​ល្អ​បរិសុទ្ធ  ៕