សង្គម​ស៊ីវិល​និង​ពលរដ្ឋ​ខេត្ត​ត្បូងឃ្មុំ​បារម្ភ​ពី​ការ​ជួល​ដី​ក្បែរ​ព្រំដែន​ឲ្យ​ពលរដ្ឋ​វៀតណាម

ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​មួយ​ចំនួន​ក្នុង​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ក្បែរ​ព្រំដែន​កម្ពុជា-វៀតណាម នៅ​តែ​បន្ត​ជួល​ដី​របស់​ខ្លួន​ទៅ​ឲ្យ​ប្រជាជន​បរទេស ពិសេស​ជនជាតិ​វៀតណាម។ បញ្ហា​នេះ សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ​រស់នៅ​ខេត្ត​ត្បូងឃ្មុំ សម្ដែង​ក្តី​បារម្ភ​ខ្លាច​តែ​មាន​បញ្ហា​កើត​ឡើង​នៅ​ពេល​ខាង​មុខ ខណៈ​អាជ្ញាធរ​មាន​ភាព​ធូរ​រលុង​ក្នុង​ការ​គ្រប់គ្រង​នោះ។

មន្ត្រី​សិទ្ធិ​មនុស្ស និង​ពលរដ្ឋ បាន​ឲ្យ​ដឹង​ថា សកម្មភាព​ជួល​ដី​ឲ្យ​ពលរដ្ឋ​វៀតណាម ពី​សំណាក់​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​មួយ​ចំនួន​នៅ​ស្រុក​មេមត់ រួម​មាន​ក្រុមហ៊ុន ម៉ែន សារុន ក្រុមហ៊ុន កុយ សុខងួន ជាដើម នៅ​តែ​បន្ត​កើត​មាន។

មន្ត្រី​សម្រប​សម្រួល​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​ត្បូងឃ្មុំ លោក នាង សុវ៉ាត មាន​ប្រសាសន៍​ថា ក្រុមហ៊ុន​ទាំង​នេះ​វិនិយោគ​នូវ​ចំណែក​ដី​ខ្លះ​ដែល​ទទួល​បាន​ពី​រាជ​រដ្ឋាភិបាល ប៉ុន្តែ​ចំណែក​ដី​ទំនេរ​ខ្លះ​ទៀត ពួក​គេ​ក៏​បាន​ជួល​ទៅ​ឲ្យ​ប្រជាជន​វៀតណាម។ បើ​ទោះ​បី​ជា​លោក​មិន​ដឹង​ពី​ចំនួន​ផ្ទៃ​ដី​ជួល​នោះ​ច្បាស់​ក៏ដោយ ប៉ុន្តែ​បញ្ហា​នេះ​ជា​រឿង​គួរ​ឲ្យ​បារម្ភ​មួយ ស្រប​ពេល​ជម្លោះ​ដីធ្លី​តាម​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ​កំពុង​កើត​មាន​ឡើង។ លើស​ពី​នេះ មាន​តំបន់​ខ្លះ​ជនជាតិ​វៀតណាម អាច​សង់​ផ្ទះ​បាន​ទៀត​ផង ហើយ​តំបន់​ទាំង​នោះ ពលរដ្ឋ​ខ្មែរ​ពិបាក​ចូល​ទៅ​ដល់​ថែម​ទៀត។ បញ្ហា​នេះ លោក​ថា​វា​ផ្ទុយ​ទៅ​នឹង​សារាចរ​របស់​រាជ​រដ្ឋាភិបាល ដែល​បាន​ប្រកាស​ហាម​ឃាត់​ពលរដ្ឋ​ខ្មែរ​នៅ​តាម​ព្រំដែន​មិន​ឲ្យ​លក់ ឬ​ជួល​ដី​ខ្លួន​ទៅ​ឲ្យ​ប្រជាពលរដ្ឋ​ប្រទេស​ជិត​ខាង៖ «ឥឡូវ​តំបន់​ហ្នឹង​ជា​កន្លែង​ដែល​យើង​ពិបាក​ចូល​ហើយ ព្រោះ​អី​មាន​ជើង​កាង​នៅ​តំបន់​ហ្នឹង។ យើង​មិន​អាច​ធ្វើ​អ្វី​កើត។ ខ្ញុំ​ចេះ​តែ​ភ័យ​ដែរ ភ័យ​ថា​តើ​យើង​ការពារ​ព្រំដែន​យើង​យ៉ាង​ម៉េច បើ​នៅ​តាម​ព្រំដែន ជួល​ឲ្យ​បរទេស»

ទាក់ទង​បញ្ហា​នេះ អ្នក​គ្រប់គ្រង​ក្រុមហ៊ុន ម៉ែន សារុន លោក សៅ សុខម៉ៃ ច្រឡោត​តែ​ម្តង​នៅ​ពេល​សាកសួរ​អំពី​បញ្ហា​ជួល​ដី​ទៅ​ឲ្យ​ប្រជាជន​វៀតណាម នេះ ដោយ​លោក​ស្នើ​ឲ្យ​ប្រាប់​ពី​ប្រភព និង​បង្ហាញ​ពី​ភស្តុតាង​ថែម​ទៀត​ផង ពីព្រោះ​លោក​អះអាង​ថា វា​ជា​រឿង​មិន​ពិត៖ «ឮ​គេ​និយាយ​មួយ​រយ​ដង មិន​ស្មើ​យើង​ឃើញ​មួយ​ដង​ទេ។ រៀន​ធ្វើ​អ្វី​ក៏ដោយ មាន​ឯកសារ​ត្រឹមត្រូវ​ផង»

ដោយឡែក​ជំទប់​ទី​១ ឃុំ​ទន្លូង លោក ពឹង ប៊ុនថន ធ្លាប់​បញ្ជាក់​ថា កន្លង​មក​ក្រុមហ៊ុន កុយ សុខងួន គឺ​បាន​ជួល​ចំណែក​ដី​ខ្លះ​ទៅ​ឲ្យ​ពលរដ្ឋ​វៀតណាម មែន ហើយ​ខាង​អាជ្ញាធរ​ឃុំ​ក៏​បាន​រាយការណ៍​ព័ត៌មាន​នេះ​ទៅ​ថ្នាក់​លើ​ហើយ​ដែរ។

ចំណែក​អភិបាល​ស្រុក​មេមត់ លោក ចេង ប៊ុណ្ណារ៉ា មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១៨ វិច្ឆិកា ថា កន្លង​មក​ធ្លាប់​មាន​ករណី​ប្រជាពលរដ្ឋ​ខ្មែរ​រស់នៅ​ក្បែរ​ព្រំដែន បាន​ជួល​ដី​ទៅ​ឲ្យ​ជនជាតិ​វៀតណាម មែន ប៉ុន្តែ​ករណី​ក្រុមហ៊ុន​យក​ដី​របស់​ខ្លួន​ទៅ​ជួល​ឲ្យ​ពលរដ្ឋ​វៀតណាម នោះ ខាង​អាជ្ញាធរ​ស្រុក​នៅ​មិន​ទាន់​ដឹង​ទេ។ ត្បិត​តែ​ខាង​លោក​នៅ​មិន​ទាន់​ដឹង​ក៏ដោយ​ចុះ ប៉ុន្តែ​លោក​ថា​នឹង​ចុះ​ស្រាវជ្រាវ​ជុំវិញ​រឿង​នេះ៖ «អត់​ទាន់​ទទួល​បាន​ថា​យ៉ាង​ម៉េច​ទេ ប៉ុន្តែ​នឹង​ចុះ​ស្រាវជ្រាវ​បញ្ហា​ហ្នឹង»

ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ ប្រជាពលរដ្ឋ​នៅ​ឃុំ​ជាំក្រវៀន សុំ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ​ម្នាក់​អះអាង​ថា ពិត​ជា​មាន​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​មួយ​ចំនួន​នៅ​ស្រុក​មេមត់ បាន​យក​ដី​របស់​ខ្លួន​ទៅ​ជួល​ឲ្យ​ប្រជាជន​វៀតណាម ដាំ​ដំឡូង និង​ដាំ​អំពៅ​ប្រាកដ​មែន។ លោក​ថា តម្លៃ​ជួល​ដី​មួយ​ហិកតារ​ចន្លោះ​ពី ៧០​ម៉ឺន​ទៅ ១​លាន​រៀល​ក្នុង​មួយ​ឆ្នាំ​អាស្រ័យ​ទៅ​លើ​ប្រភេទ​ដី ហើយ​ពួក​គេ​ខ្លះ​ជួល​រហូត​ដល់ ៥​ឆ្នាំ​ក៏​មាន។ ប្រភព​ដដែល​យល់​ថា ជា​រឿង​មិន​ត្រឹមត្រូវ នៅ​ពេល​ក្រុមហ៊ុន​ទាំង​នោះ​យក​ដី​ពី​រដ្ឋ​ទៅ​ជួល​បន្ត​បែប​នេះ ហើយ​លោក​បារម្ភ​ខ្លាច​តែ​បាត់​បង់​ដី​តំបន់​នោះ ប្រសិន​បើ​សកម្មភាព​ជួល​ដី​ឲ្យ​បរទេស​នៅ​តែ​បន្ត​កើត​មាន។ លោក​ថា ប្រសិន​បើ​ក្រុមហ៊ុន​ទាំង​នោះ​មិន​អាច​គ្រប់គ្រង​ដី​សម្បទាន​របស់​ខ្លួន​បាន រដ្ឋ​គប្បី​ដក​ហូត​ចែក​ជូន​ពលរដ្ឋ​ខ្មែរ គឺ​ជា​ការ​ប្រសើរ។

ការ​លើក​ឡើង​របស់​ប្រជាពលរដ្ឋ​នេះ កាល​ពី​ថ្ងៃ​ទី​១៧ វិច្ឆិកា រាជ​រដ្ឋាភិបាល​បាន​ចេញ​សារាចរ​ហាម​ប្រជាពលរដ្ឋ​ខ្មែរ​មិន​ឲ្យ​លក់ ឬ​ជួល​ដី​ស្រែ ដី​ចម្ការ ឬ​ដី​លំនៅឋាន​នៅ​តាម​ព្រំដែន ទៅ​ឲ្យ​ប្រជាពលរដ្ឋ​ប្រទេស​ជិត​ខាង រួម​មាន​ប្រទេស​ថៃ វៀតណាម ឡាវ បើ​ទោះ​បី​ក្នុង​រូបភាព​ណា​ក៏ដោយ។ រាជ​រដ្ឋាភិបាល​បញ្ជាក់​ថា ប្រសិន​បើ​មាន​ការ​ជួល​ដី​រួច​ហើយ តែ​ពុំ​មាន​ឯកសារ​គតិយុត្តិ ឬ​កិច្ចសន្យា​ត្រឹមត្រូវ អភិបាល​ខេត្ត​ត្រូវ​ណែនាំ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ឲ្យ​បញ្ឈប់​ការ​ជួល​ដី​នោះ ដោយ​ដាក់​ឱសានវាទ​ក្នុង​រយៈពេល​កំណត់​មួយ​ជាក់លាក់​ស្រប​តាម​ស្ថានភាព​ជាក់ស្តែង ប៉ុន្តែ​បើ​ការ​ជួល​ដី​នោះ​មាន​ឯកសារ​គតិយុត្តិ ឬ​កិច្ចសន្យា​ត្រឹមត្រូវ ពួក​គេ​អាច​បន្ត​រហូត​ដល់​អស់​សុពលភាព ទើប​បញ្ចប់​លែង​ឲ្យ​មាន​ការ​ជួល​ដី​បន្ថែម​ទៀត។

អភិបាល​ខេត្ត ត្រូវ​ចាត់​ឲ្យ​មាន​ការ​ពិនិត្យ​ឯកសារ ឬ​កិច្ចសន្យា​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​បាន​ជួល​ដី​នៅ​តាម​តំបន់​ព្រំដែន​ឲ្យ​ទៅ​ប្រជាពលរដ្ឋ​ប្រទេស​ជិត​ខាង​នា​ពេល​កន្លង​មក។ បន្ថែម​ពី​លើ​នេះ ក្រសួង​ស្ថាប័ន និង​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ ត្រូវ​ដាក់​ចេញ​នូវ​វិធានការ និង​យុទ្ធសាស្ត្រ​សមស្រប ដើម្បី​ជួយ​ជំរុញ​ការ​បង្កបង្កើនផល និង​ការ​ដាំ​ដុះ​ដំណាំ​ផ្សេងៗ​របស់​ប្រជាពលរដ្ឋ​នៅ​តាម​តំបន់​ព្រំដែន ដែល​អាច​រួម​ចំណែក​ដល់​ការ​លើក​កម្ពស់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ និង​ដើម្បី​ទប់ស្កាត់​មិន​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ជួល​ដី​ឲ្យ​ទៅ​ប្រជាពលរដ្ឋ​ប្រទេស​ជិត​ខាង​ត​ទៅ​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។