សាលា​ដំបូង​រាជធានី​ភ្នំពេញ​ចេញ​ដីកា​តាម​ចាប់​ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម សឺន ហាយ

បន្ទាប់​ពី​អនុញ្ញាត​ឲ្យ​ព្រះតេជព្រះគុណ សឺន ហាយ ស្ថិត​នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន​បាន​ជាង ៧​ខែ សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៣ វិច្ឆិកា បាន​ប្រកាស​ឲ្យ​សមត្ថកិច្ច​តាម​ចាប់​ព្រះអង្គ ដើម្បី​យក​មក​ឃុំ​ខ្លួន​នៅ​ក្នុង​ពន្ធនាគារ​ពី​បទ​ប្រើប្រាស់​ឯកសារ​ក្លែងក្លាយ និង​ស្លៀក​ដណ្ដប់​តាម​បែប​ព្រះពុទ្ធ​សាសនា​ដោយ​គ្មាន​សិទ្ធិ។ តែ​មន្ត្រី​សិទ្ធិ​មនុស្ស​មើល​ឃើញ​ថា ដីកា​នេះ​ធ្វើ​ឡើង​ដើម្បី​បំបិទ​មាត់​សកម្មជន​ដែល​ហ៊ាន​តវ៉ា​ពី​បញ្ហា​ទឹក​ដី​កម្ពុជា​ក្រោម។

ដីកា​បង្គាប់​ឲ្យ​ចាប់​ខ្លួន និង​ឃុំ​ខ្លួន​ព្រះតេជព្រះគុណ សឺន ហាយ ចេញ​ដោយ​ចៅក្រម​ជំនុំ​ជម្រះ ឃី ឆៃ កាល​ពី​ថ្ងៃ​ទី​៣ វិច្ឆិកា ហើយ​ដែល​ត្រូវ​បាន​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា សម្រេច​ឲ្យ​កង​កម្លាំង​សាធារណៈ​ស្រាវជ្រាវ​ស្វែងរក​ព្រះសង្ឃ​អង្គ​នេះ យក​មក​ទទួល​ទោស។

ព្រះតេជព្រះគុណ សឺន ហាយ ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ចាប់​ផ្សឹក​ទាំង​បង្ខំ និង​ដោយ​តក់​ក្រហល់​កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៤ កន្លង​មក ប៉ុន្តែ​នៅ​ថ្ងៃ​ទី​១៣ ខែ​មេសា ឆ្នាំ​២០១៥ ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម​អង្គ​នេះ ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ សម្រេច​ឲ្យ​ស្ថិត​នៅ​ក្រៅ​ឃុំ​ជា​បណ្ដោះ​អាសន្ន។

ដីកា​ចាប់​ខ្លួន​នេះ ធ្វើ​ឡើង​តាម​សាលក្រម​ព្រហ្មទណ្ឌ​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ ដែល​បាន​ចេញ​នៅ​ថ្ងៃ​ទី​២៨ ខែ​តុលា ឆ្នាំ​២០១៥ ដែល​បាន​សម្រេច​ផ្ដន្ទាទោស​ព្រះតេជព្រះគុណ សឺន ហាយ ដាក់​ពន្ធនាគារ​រយៈពេល​ពីរ​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ចំនួន ៦​លាន​រៀល។ សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​ចោទ​ព្រះតេជព្រះគុណ សឺន ហាយ ពី​បទល្មើស​ព្រហ្មទណ្ឌ​ករណី​ប្រើប្រាស់​ឯកសារ​ក្លែងក្លាយ និង​ស្លៀក​ដណ្ដប់​តាម​បែប​ព្រះពុទ្ធ​សាសនា​ដោយ​គ្មាន​សិទ្ធិ។

ករណី​នេះ មន្ត្រី​សិទ្ធិ​មនុស្ស​យល់​ថា​មិន​មែន​ជា​បទល្មើស​ព្រហ្មទណ្ឌ​ទេ។

ប្រធាន​ផ្នែក​បច្ចេកទេស​ស៊ើប​អង្កេត​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត ពន្យល់​ថា ប្រសិន​បើ​ចាប់​ខ្លួន​ព្រះតេជព្រះគុណ សឺន ហាយ តាម​បទ​ចោទ​ខាង​លើ វា​ជា​ការ​បំពាន​សិទ្ធិ​របស់​ព្រះតេជព្រះគុណ​យ៉ាង​ធ្ងន់ធ្ងរ៖ «»។

វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី​១៨ វិច្ឆិកា នេះ មិន​អាច​ទាក់ទង លោក ឃី ឆៃ ចៅក្រម​ជំនុំ​ជម្រះ​ដែល​ចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់​ខ្លួន និង​ឃុំ​ខ្លួន​ព្រះតេជព្រះគុណ សឺន ហាយ បាន​ទេ។

យ៉ាង​ណា​ក៏ដោយ លោក អំ សំអាត អះអាង​ថា ដីកា​នេះ គឺ​ធ្វើ​ឡើង​ដើម្បី​គំរាម​ដល់​ជន​ទាំងឡាយ​ណា​ដែល​ធ្វើ​សកម្មភាព​តវ៉ា​រឿង​ទឹក​ដី​កម្ពុជា​ក្រោម និង​រឿង​ដី​ធ្លី៖ «»។

កន្លង​មក នៅ​ពេល​ដែល​រដ្ឋាភិបាល​វៀតណាម ប្រកាស​ថា​ទឹក​ដី​កម្ពុជា​ក្រោម ជា​របស់​វៀតណាម យូរ​លង់​ណាស់​មក​ហើយ ព្រះតេជព្រះគុណ សឺន ហាយ បាន​ចេញ​មុខ​តវ៉ា​នឹង​ការ​អះអាង​នេះ ហើយ​ថែម​ទាំង​បាន​ដុត​ទង់ជាតិ​វៀតណាម អស់​ជាច្រើន​ផ្ទាំង​ទៀត​ផង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។