ចោរឆក់​៣​នាក់​ត្រូវ​សមត្ថកិច្ច​ខណ្ឌដង្កោ​ចាប់ខ្លួន​ បន្ទាប់​ពី​ឆក់​កាបូប​ពី​ស្ត្រី​ម្នាក់ ហើយ​ព្យាយាម​គេចខ្លួន

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ជា​ចោរឆក់​៣​នាក់​ជិះ​ម៉ូតូ​១​គ្រឿង​បាន​ធ្វើ​សកម្មភាព​ឆក់​កាបូប​លុយ​ពី​ស្ត្រី​ម្នាក់​ពេល​ដែល​នាង​កំពុង​ជិះ​ម៉ូតូ​ចេញពី​កន្លែង​វេរ​លុយវី​ងឆ្ពោះទៅ​ផ្ទះ​តែ​ម្នាក់ឯង ប៉ុន្តែ​ក្រោយ​ពេល​ឆក់​បាន​សម្រេច​​ព្យា​យម​ជិះ​ម៉ូតូ​គេចខ្លួន ត្រូវ​ស្ត្រី​រង​គ្រោះ​​ស្រែ​កថា ចោរ​ៗ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​តាម​ដងផ្លូវ​យ៉ាង​ខ្លាំង ខណៈនោះ​កម្លាំង​ប៉ូលិស​ប៉ុស្ដិ៍​ព្រៃ​ស និង​ប៉ូលិស​ខណ្ឌដង្កោ ក្រោម​ការ​ដឹកនាំ​បញ្ជា​របស់​​លោក​វរសេនីយ៍ទោ ជឹ​ម ស៊ី​ថា អធិការ​នគរបាល​ខណ្ឌ ដោយ​មានការ​ចូលរួម​ពី​សំណាក់​ប្រជាពលរដ្ឋ​ផង បាន​ដេញ​តាម​ចាប់​បាន​ភ្លាម​ៗ​ទាំង​៣​នាក់ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥ និង​១៥​នាទី​ល្ងាច ថ្ងៃ​ទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅ​តាម​បណ្ដោយ​ផ្លូវ​ព្រៃ​ស ស្ថិត​ក្នុងភូមិ​ព្រៃ​ស សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

ជនសង្ស័យ​ទាំង​៣​នាក់​នោះ​មាន ១-​ឈ្មោះ សុខ សុ​ធន អាយុ​១៨​ឆ្នាំ​, ២-​ឈ្មោះ ពេជ្រ កក្កដា អាយុ​២១​ឆ្នាំ និង ៣-​ឈ្មោះ ផាត ចំរើន អាយុ​១៩​ឆ្នាំ ទាំង​៣​នាក់​មាន​ទីលំនៅ​ក្នុងភូមិ​គោក​បញ្ជាន់ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ជិះ​ម៉ូតូ​១​គ្រឿង ម៉ាក​ស៊ុ​យ​ហ្ស៊ុ​យ​គី ស្មាស់ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​ 1K-6847 ។ ចំណែក​ជន​រង​គ្រោះ​ឈ្មោះ សែ​ម សុ​ផា​ន់​រី អាយុ​២៨​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​លេខ​៦១ ភូមិ​ព្រៃ​ទីទុយ សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ ដែល​នៅ​ក្នុង​កាបូប​របស់​នាង​មាន​លុយ​ចំនួន​១៣០២​ដុល្លារ ​និង​២០២០​បាត ព្រម​ទាំង​លុយ​ខ្មែរ​មួយ​ចំនួន​ទៀត​ផង​ដែរ ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ស្ត្រី​រង​គ្រោះ​បាន​ទៅ​វេរ​លុយ​ឲ្យ​បងប្អូន​នៅ​កន្លែង​វេរ​លុយ​វី​ង​ស្ថិត​ក្នុងភូមិ​កើតហេតុ លុះ​ពេល​ទៅ​ដល់​ផ្ទះ​វី​ង​ដោយសារ​មាន​មនុស្ស​ច្រើន​ពេក មិន​អាច​វេរទាន់​ក៏​បាន​ជិះ​ម៉ូតូ​ស្ពាយយ​កាបូប​ត្រឡប់​ទៅ​ផ្ទះ​វិញ​តែ​ម្នាក់ឯង ។ លុះ​ពេល​ទៅ​ដល់​ចំណុច​កើតហេតុ​ខាងលើ ស្រាប់តែ​មាន​ជន​សង្ស័យ​៣​នាក់​ជិះ​ម៉ូតូ​១​គ្រឿង​តាម​ពីក្រោយ​ហើយ​ធ្វើ​សកម្មភាព​ឆក់​យក​កាបូប​លុយ​បាន​សម្រេច បន្ទាប់​មក​បាន​ជិះ​រត់គេច​ខ្លួន ។ ពេល​នោះ​ស្ត្រី​រង​គ្រោះ​បាន​ស្រែ​កថា ចោរ​ៗបង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ពេញ​ដងផ្លូវ ត្រូវ​បាន​ប្រជា​ព​រដ្ឋ និង​ប៉ូលិស នាំ​គ្នា​ដេញ​តាម​រហូត​ដល់​ខាងក្រោយ​វត្ត​កំពែង ព្រំប្រទល់​សង្កាត់​ចោម​ចៅ​និង​ព្រៃ​ស ទើប​ចាប់​ខ្លួន​បាន​ទាំង​បី​នាក់ ដោយសារ​ជនសង្ស័យ​ផ្ដួល​ម៉ូតូ​ចោល​រត់​កាត់​វាលស្រែ ។

ក្រោយ​ពេល​ចាប់ខ្លួន​បាន សមត្ថកិច្ច​នាំ​ជនសង្ស័យ​ទាំង​៣​នាក់​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ ដើម្បី​សាកសួរ និង​កសាង​សំណុំរឿង ចំណែក​កាបូប​លុយ​បាន​ប្រគល់​ឲ្យ​ស្ត្រី​រង​គ្រោះ​វិញ ៕