លោកស្រី ស៊ូ​ជី សន្យា​ពង្រឹង​ទំនាក់ទំនង​ជាមួយ​ចិន​ពេល​ឡើងកាន់​អំណាច​

​ប្រធាន​គណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ លោកស្រី អ៊ុង​សាន ស៊ូ​ជី បានប្រកាសថា មី​យ៉ាន់​ម៉ា​នឹង​បន្ត​កសាង​ទំនាក់ទំនង​ល្អជា​មួយ​ចិន នៅពេល​គណបក្ស​លោកស្រី​បង្កើត​រដ្ឋាភិបាល ខាងមុខ​។ លោកស្រី ថា រាល់​ក្រុមហ៊ុន​វិនិយោគ​បរទេស​រួមទាំង​ចិន​ផង​តែង​ត្រូវការ​ការគាំទ្រ​ពី​សំណាក់​រដ្ឋាភិបាល​។

​ក្នុង​កិច្ចសម្ភាសន៍​ជាមួយ​ទីភ្នាក់ងារ​ព័ត៌មាន​ចិន Xinhua ប្រមុខ​បក្សប្រឆាំង​ដែល​ទើប​ឈ្នះឆ្នោត លោកស្រី ស៊ូ​ជី អះអាងថា មី​យ៉ាន់​ម៉ា​មិនមាន​សត្រូវ​នោះទេ​។ លោកស្រី​ថា ទំនាក់ទំនង​ជាមួយ​ប្រទេសជិតខាង​គឺ​សំខាន់​ជាង​ប្រទេស​ដទៃ​និង​ត្រូវតែ​ប្រុងប្រយ័ត្ន​ជានិច្ច ដោយ​អ្នកជិតខាង ត្រូវតែ​ទទួលបាន​ការយកចិត្ត​ទុកដាក់​ជាពិសេស​ជាង​ប្រទេស​ដែល​នៅ​ឆ្ងាយ​។

​បញ្ហា​នៅតាម​ព្រំដែន​និង​ការជ្រៀតជ្រែក​របស់​ចិន​ចូលមកក្នុង​ដំណើរ​សន្តិភាព​របស់​មី​យ៉ាន់​ម៉ា នៅតែ​ជា​បញ្ហា​រារាំង​ដល់​ទំនាក់ទំនង​ប្រទេស​ទាំងពីរ​។ ជាពិសេស ទំនាស់​នៅតាម​តំបន់​ជនជាតិភាគតិច​របស់​មី​យ៉ាន់​ម៉ា​ជាមួយ​ព្រំដែន​របស់​ចិន បាន​បង្ក​ជា​ផលប៉ះពាល់​យ៉ាងខ្លាំង ដោយបាន​សម្លាប់​ប្រជាជន​ចិន​អស់​ជាច្រើន​ទៀតផង​។​

​យ៉ាងណាក៏ដោយ ទោះ​មាន​បញ្ហា​ខ្លះ​ក៏ដោយ លោកស្រី ស៊ូ​ជី បញ្ជាក់ថា គោលនយោបាយ​ការបរទេស​របស់​មី​យ៉ាន់​ម៉ា​នឹងមាន​តុល្យភាព ហើយ​ចិន​និង​មី​យ៉ាន់​ម៉ា​នឹង​ក្លាយជា​មិត្ត​ល្អ​។ លោកស្រី​សង្កត់ធ្ងន់ថា​៖« យើង​រក្សា​មិត្តភាព​ជាមួយ​ប្រទេស​ជា​មិត្ត​ទាំងអស់ មិន​ថា​ជិត​ឬក៏​ឆ្ងាយ​នោះទេ​»​។ យ៉ាងណាក៏ដោយ ចិន​ប្រហែលជា​ត្រូវ​ប្រឈមមុខ​ខ្លាំង​ក្នុងការ​រក្សា​ឥទ្ធិពល​របស់ខ្លួន​ទៅលើ​មី​យ៉ាន់​ម៉ា ពីព្រោះ​តែមាន​ការប្រកួត​ប្រជែង​ខ្លាំង​ពី​ប្រទេស​មួយចំនួនទៀត​ដូចជា​អាមេរិក ជប៉ុន ឥណ្ឌា និង​ប្រទេស​អាស៊ី​ដទៃទៀត​។​

​គួរ​បញ្ជាក់ថា ចិន​គឺជា​សម្ព័ន្ធមិត្ត​ដ៏​ជិតស្និទ្ធ​របស់​រដ្ឋាភិបាល​យោធា​មី​យ៉ាន់​ម៉ា​ក្នុង​រយៈពេល​២ ទសវត្ស ពេលដែល​ក្រុម​យោធា​នៅ​កាន់អំណាច​។ ហើយ​ចិន​នេះឯង ជា​អ្នកផ្ដល់ជំនួយ​ដ៏​សំខាន់​សម្រាប់​មី​យ៉ាម៉ា នៅពេលដែល​សហគមន៍​អន្តរជាតិ​ដូចជា​អាមេរិក​និង​អឺរ៉ុប​ជាដើម​នោះបាន​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច ការ​រាំងខ្ទប់​ការវិនិយោគ​និង​លំហូរ​ហិរញ្ញវត្ថុ តាំងពី​ឆ្នាំ​១៩៦២​ដល់​ឆ្នាំ​២០១១៕

​តើ​ប្រព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យជួ​យ​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​អ្វីខ្លះ​ក្នុ​ង​កា​រ​ស្វែង​រ​ក​កា​រ​ងា​រ​ធ្វើ​?​​