សាលា​រាជធានី​ភ្នំពេញ​គ្រោង​ធ្វើ​ពិធី​រំឭក​ដល់​វិញ្ញាណក្ខន្ធ​អ្នក​រត់​ជាន់​គ្នា​ស្លាប់​នៅ​ស្ពាន​ពេជ្រ

សាលា​រាជធានី​ភ្នំពេញ គ្រោង​នឹង​ធ្វើ​ពិធី​រាប់​បាត្រ បង្សុកូល​រំឭក​វិញ្ញាណក្ខន្ធ​អ្នក​ដែល​បាន​ស្លាប់​ក្នុង​ហេតុការណ៍​រត់​ជាន់​គ្នា​លើ​ស្ពាន​ពេជ្រ។ សេចក្ដី​ជូន​ដំណឹង​របស់​សាលា​រាជធានី​ភ្នំពេញ ឲ្យ​ដឹង​ថា ពិធី​រំឭក​វិញ្ញាណក្ខន្ធ​ក្នុង​ខួប ៥​ឆ្នាំ​នោះ នឹង​ធ្វើ​នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា ដោយ​ចាប់​ផ្ដើម​ពី​ម៉ោង​៧ ក្នុង​នោះ​មាន​ប្រគេន​ទេយ្យវត្ថុ​ដល់​ព្រះសង្ឃ​ចំនួន ១០៨​អង្គ នៅ​ស្តូប​ក្បែរ​ស្ពាន​នាគ​កោះ​ពេជ្រ។

សេចក្ដី​ជូន​ដំណឹង​ដដែល​បញ្ជាក់​ថា ពុទ្ធបរិស័ទ ញាតិ​មិត្ត សាច់ញាតិ​នៃ​គ្រួសារ​ជន​រងគ្រោះ អាច​ចូលរួម​ពិធី​នេះ​តាម​សទ្ធា​ជ្រះ​ថ្លា​រៀងៗ​ខ្លួន។

កាល​ពី​យប់​ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា ឆ្នាំ​២០១០ ជា​ថ្ងៃ​ចុង​ក្រោយ​នៃ​ព្រះរាជ​ពិធី​បុណ្យ​អុំ​ទូក បណ្ដែត​ប្រទីប អក​អំបុក សំពះ​ព្រះ​ខែ មាន​ហេតុការណ៍​រត់​ជាន់​គ្នា​នៅ​លើ​ស្ពាន​ពេជ្រ​នៃ​កោះ​ពេជ្រ បណ្ដាល​ឲ្យ​ពលរដ្ឋ​ដែល​ភាគ​ច្រើន​ជា​យុវជន​ស្លាប់​ចំនួន ៣៥៣​នាក់ ក្នុង​នោះ​មាន​ស្រី ២២៣​នាក់ ប្រុស ១៣០​នាក់ និង​មាន​អ្នក​របួស​ចំនួន ៣៩៣​នាក់។

មិន​យូរ​ប៉ុន្មាន​បន្ទាប់​ពី​ហេតុការណ៍​នោះ ស្ពាន​ពេជ្រ​ត្រូវ​គេ​វាយ​កម្ទេច​ចោល។ មួយ​ឆ្នាំ​ក្រោយ​ព្រឹត្តិការណ៍​នេះ សាលា​រាជធានី​ភ្នំពេញ បាន​ចំណាយ​ថវិកា ១២​ម៉ឺន​ដុល្លារ កសាង​ស្តូប​មួយ​នៅ​ក្បែរ​ទីតាំង​ស្ពាន​នោះ​វិញ ដើម្បី​រំឭក​ការ​ចងចាំ និង​ឲ្យ​ក្រុម​គ្រួសារ​យក​ជា​ទីកន្លែង​គោរព​វិញ្ញាណក្ខន្ធ​ដល់​អ្នក​ស្លាប់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។