លោក គៀត ច័ន្ទ​ថា​រិ​ទ្ធ ៖ កងកម្លាំង​នគរបាល​តម្រួត​បទបញ្ជា​ត្រូវគោរព​វិន័យ និង​ឋានានុក្រម​

ភ្នំពេញ: លោក​ឧ​ត្ត​ម​សេនីយ៍​ឯក គៀត ច័ន្ទ​ថា​រិ​ទ្ធ អគ្គ​ស្នងការរង​នគរបាលជាតិ បាន​លើកឡើងថា កងកម្លាំង​តម្រួត​បទបញ្ជា ត្រូវគោរព​វិន័យ កង​ជួរ និង​ត្រូវ​ចេះ​គោរព​តាម​ឋានានុក្រម​។

​លោក​បានលើកឡើង​បែបនេះ​នៅក្នុង​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច ប្រធាន​អង្គភាព​តម្រួត​បទបញ្ជា កាលពី​ព្រឹក​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៥ ។ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក គៀត ច័ន្ទ​ថា​រិ​ទ្ធ បាន​មានប្រសាសន៍ថា ក្នុងនាម​ជា​កងកម្លាំង ត្រូវ​ពង្រឹង​វិន័យ ការ​ស្លៀកពាក់ (​ឯកសណ្ឋាន​) ឲ្យ​បាន​សមរម្យ ជាពិសេស​ត្រូវគោរព​តាម​ឋានានុក្រម​នៃ​ការងារ ។

​លោក​បាន​មានប្រសាសន៍​បន្តទៀតថា ទន្ទឹមនឹងនោះ​ចំពោះ​ថ្នាក់ដឹកនាំ​តាម​អង្គភាព ត្រូវ​ធ្វើជា​គំរូ ឲ្យ​ល្អ​ដល់ មន្ត្រីក្រោមឱវាទ ប្រៀបដូចជា​ឪពុក គ្រប់គ្រង​កូនចៅ ដើម្បី​ឲ្យ​មន្ត្រីក្រោមឱវាទ​គោរព និង​ស្រលាញ់ ជាពិសេស​ធ្វើ​ឲ្យ​មាន​សាមគ្គី​ផ្ទៃក្នុង ។​

​លោក​គៀត ច័ន្ទ​ថា​រិ​ទ្ធ ក៏បាន​លើកឡើង​ដែរ​ថា កងកម្លាំង​តម្រួត​បទបញ្ជា​ត្រូវការ​ហ្វឹកហាត់ ដូចនេះ ថ្នាក់ដឹកនាំ​របស់​អង្គភាព ត្រូវ​គ្រប់គ្រង​កម្លាំង និង​ពេលវេលា​សម្រាប់​ហ្វឹកហាត់​ឲ្យ​បានច្បាស់លាស់ ដើម្បី​ពង្រឹងសមត្ថភាព​របស់​កងកម្លាំង ។​

 នាឱកាស​នោះដែរ​ឯកឧត្តម បាន​ផ្ដាំផ្ញើ​ឲ្យ​កងកម្លាំង​ទាំងអស់​ត្រូវខិតខំ​បំពេញភារកិច្ច​របស់ខ្លួន​ឲ្យ​មាន​ប្រសិទ្ធិភាព មាន​សាមគ្គី​ផ្ទៃក្នុង ហើយ​ឯកឧត្តម​ផ្ដាំផ្ញើ​ដល់​ប្រធាន​អង្គភាព​ថ្មី​ដែល​ចូលមក​ដឹកនាំ​អង្គភាព​នាពេលនេះ​ត្រូវ​ពង្រឹង​លើ​ការគ្រប់គ្រង​កម្លាំង អាវុធយុទ្ធភណ្ឌ របស់​អង្គភាព ឲ្យ​បានច្បាស់លាស់ ជាពិសេស​ត្រូវ​គិតគូរ​ពី​ជីវភាព​រស់នៅ​របស់​ក​ង​កម្លាំង មានការ​លើកទឹកចិត្ត​ដល់​មន្ត្រី​ដែលមាន​ស្នាដៃ​ល្អ និង​មន្ត្រី​ដែល​ត្រូវ​ដល់ពេល​តំឡើង​ឋានន្តរសក្តិ ។​

​គួរបញ្ជាក់​ផងដែរ​ថា លោក​ឧ​ត្ត​ម​សេនីយ៍​ឯក យ៉េត រា​ហ្សា​ក់ ត្រូវបាន​ផ្លាស់ប្ដូរ​ពី​ប្រធាន​អង្គភាព​តម្រួត​បទបញ្ជា ទៅជា​អនុប្រធាន​សេនាធិការដ្ឋាន ដោយបាន​ដាក់​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ចាន់ ស៊ីថា ពី​អនុប្រធាន​អង្គភាព​អន្តរាគមន៍​ទៅជា​ប្រធាន​អង្គភាព​តម្រួត​បទបញ្ជា ជំនួស​វិញ ៕

លោក គៀត ច័ន្ទ​ថា​រិ​ទ្ធ ៖ កងកម្លាំង​នគរបាល​តម្រួត​បទបញ្ជា​ត្រូវគោរព​វិន័យ និង​ឋានានុក្រម​