ប្តី​ទៅរក​ស្រី​នៅ​ខាងក្រៅ​ហើយ​មក​រិះគន់ថា ដើមទ្រូង​នាង​ខ្ញុំ​តូច ក្បាល​បោះ​ធំ​

Sanofi

​នាង​ខ្ញុំ​សួរ​ប្តី​ថា ហេតុអ្វី​បានជា​បង​ក្បត់​ខ្ញុំ​ទៅ​មាន​ស្រី​នៅ​ខាងក្រៅ​ពេលនោះ​គាត់​ក៏​មិន​លាក់បាំង​ហើយ​និយាយ​ត្រង់ៗ​ថា ពេល​នៅក្បែរ​នាង​ខ្ញុំ គាត់​មិនមាន​ភាព​ត្រេកត្រអាល ហើយ​មើល​មក​នាង​ខ្ញុំ​ដូចជា​មនុស្ស​ប្រុស ព្រោះតែ​ដើមទ្រូង​នាង​ខ្ញុំ​តូច​ពេក ។ ​កាលពី​បួន​ឆ្នាំមុន នាង​ខ្ញុំ​គឺជា​និស្សិត​ទើប​បញ្ចប់​ការសិក្សា និង មាន អាយុ ២២ ឆ្នាំ ។ មិត្ត​ជិតស្និទ្ធ​របស់​ម្តាយ​នាង​ខ្ញុំ គឺជា​អ្នកគ្រប់គ្រង​ក្នុង​ក្រុមហ៊ុន​ធំ​មួយ ដូច្នេះ​ម្តាយ​ខ្ញុំ​ក៏​រកបាន​ការងារ​មួយ​ឱ្យ​នាង​ខ្ញុំ​ធ្វើ​នៅ​ទីនោះ និង ទទួលបាន​ប្រាក់ខែ ៤៥០ ដុល្លារ ក្នុង​មួយខែ ។

ដោយសារតែ​គ្រួសារ​នាង​ខ្ញុំ​មាន​ជីវ​ភាពល្អ​គួរសម ដូច្នេះ​ប្រាក់​របស់​នាង​ខ្ញុំ​ក៏​មិនបាន​បែងចែក ឬ រួមចំណែក​ក្នុង​គ្រួសារ នោះដែរ បែបនេះហើយ​ការ​ស៊ីចាយ​របស់​នាង​ខ្ញុំ​ក៏មាន​កម្រិត​ខ្ពស់ និង ញឹកញាប់​។ ថ្ងៃមួយ​ក្នុងអំឡុងពេល​សហការ​ជាមួយ​ក្រុមហ៊ុន​ដៃគូ​នាង​ខ្ញុំ​ក៏បាន​ជួប​បុរស​សង្ហា​ម្នាក់​(​បច្ចុប្បន្ន​ជា​ស្វាមី​នាង​ខ្ញុំ​) គាត់​ជា​អ្នក​ភ្នំពេញ និង និយាយស្តី​ផ្អែមល្ហែម​មាន​សុជីវធម៌​ខ្ពស់ ។ ក្រោយ​រយៈពេល​ទាក់ទង​គ្នា​ជិត​មួយឆ្នាំ យើង​ទាំងពីរ​ក៏​សម្រេចចិត្ត​រៀបការ ។​​រយៈពេល​ពីរ​ឆ្នាំ​បាន​កន្លងផុតទៅ ឪពុកម្តាយ​នាង​ខ្ញុំ​ក៏បាន​ទិញ​ផ្ទះល្វែង​មួយ​ខ្នង​សម្រាប់​គ្រួសារ​ថ្មី​របស់ខ្ញុំ ពេលនោះ​គ្រួសារ​ខ្ញុំ​មាន​ភាពសប្បាយ​រីករាយ​ជាធម្មតា ។

បញ្ហា​បានចាប់ផ្តើម​ឡើង​បន្ទាប់ពី​ប្តី​នាង​ខ្ញុំ​សុំ​ទៅ​ហាត់ប្រាណ​រាល់ពេល​រសៀល​ថ្ងៃអាទិត្យ ក្រោយមក​ក៏​កើនឡើង​ពី​ពីរ​ទៅ​បួន​ដង​ក្នុង​មួយ​សបា្តហ៍ ដែល​អំឡុង​ពេលនោះ​នាង​ខ្ញុំ​កំពុង​ថែទាំ​កូនប្រុស​ច្បង​មាន​អាយុ​ជិត​ពីរ​ឆ្នាំ ។ មិនយូរប៉ុន្មាន​ក្រោយពី​ថ្ងៃ​លោក​ប្តី​ចាប់ផ្តើម​ទៅ​ហាត់ប្រាណ​នាង​ខ្ញុំ​សង្កេតឃើញថា រឿង​លើ​គ្រែ​រវាង​គាត់ និង នាង​ខ្ញុំ​ហាក់ដូច​ពិបាក​នឹង​កើតឡើង ព្រោះ​ពេលណា​ដែល​នាង​ខ្ញុំ​ចង់​ស្និទ្ធស្នាល​នឹង​គាត់​ពេលនោះ​គាត់​ចេះតែ​ថា​អស់កម្លាំង​មិនសូវ​ស្រួលខ្លួន ឬ ថា​ចាំ​ថ្ងៃក្រោយ ។ ម្យ៉ាងទៀត​បន្ទាប់ពី​ឆ្លងទន្លេ​រួច​ក្បាលពោះ​របស់​នាង​ខ្ញុំ​បែរជា​ធំ​ជាង​មុន ហើយ​ដើមទ្រូង​ក៏​ប្រែជា​ស្វិត​តូច​ដោយសារតែ​មិនមាន​ទឹកដោះ ដូច្នេះ​នាង​ខ្ញុំ​ក៏​មិនជា​ចង់​ឡើង​គ្រែ​ជាមួយ​គាត់​ប៉ុន្មាន​ដែរ ។

រយៈពេល​ច្រើន​ខែ​បាន​កន្លងផុតទៅ រឿង​លើ​គ្រែ​ក៏​ហាក់​ត្រូវបាន​បំភ្លេចចោល​ស្ទើរ​ទាំងស្រុង ថ្វីបើ​គ្រួសារ​យើង​នៅតែមាន​សភាព​ធម្មតា ប៉ុន្តែ​នាង​ខ្ញុំ​សង្កេតឃើញថា​ដូចជា​មានរឿង​អ្វី​លាក់បាំង​នឹង​នាង​ខ្ញុំ ។ ដោយ​ចង់ដឹង​ខ្លាំងពេក​នាង​ខ្ញុំ​ក៏​ចាប់ផ្តើម​តាមដាន ទើប​ដឹងថា ប្តី​កំពុងមាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​ស្រី​ម្នាក់​ដែល​លក់​កាហ្វេ​ក្នុង​ហាង​មួយ​នៅក្បែរ​កន្លែង​ហាត់ប្រាណ ។ នាង​ខ្ញុំ​ក៏​តាមដាន​ពួកគេ​តាំងពី​កន្លែង​ហាត់ប្រាណ​រហូតដល់​ផ្ទះសំណាក់ ។ ពេលមកដល់​ផ្ទះ​នាង​ខ្ញុំ​ក៏​សួរនាំ និង បង្ហាញ​រូបថត​ដែល​ថត​បាន ។

ពេលនោះ​គាត់​ក៏​សារភាព​ហើយ​ថា ដោយសារតែ​ដើមទ្រូង​របស់​នាង​ខ្ញុំ «​ស្វិត​» ចំណែក​ក្បាលពោះ​វិញ​ធំ និង សុទ្ធតែ​ខ្លាញ់ ។ ក្រៅពីនេះ​គាត់​ថា នៅតែ​ស្រឡាញ់​នាង​ខ្ញុំ​ចំណែក​ទំនាក់ទំនង​រវាង​គាត់ និង ស្រី​ម្នាក់​នោះ គឺ​គ្រាន់តែ​ដើម្បី​ដោះស្រាយ​បញ្ហា​ផ្លូវភេទ​ម្តងម្កាល​ប៉ុណ្ណោះ ។ ប៉ុន្តែ​សម្តី​របស់គាត់​ហាក់ដូច​មិនគួរ​ឱ្យ​ជឿ​សោះឡើយ គាត់​ហាក់​លែង​ស្រឡាញ់​នាង​ខ្ញុំ​ដូច​មុន​នាង​ខ្ញុំ​ចង់​លែងលះ ប៉ុន្តែ​ខ្លាច​មាន​បញ្ហា​ច្រើន​ទៅ​ថ្ងៃមុខ ។ តើ​ពេលនេះ​នាង​ខ្ញុំ​គួរតែ​ធ្វើ​ដូចម្តេច ?

ចំពោះ​នារី​មាន​វិបត្តិ​

តាម​ការស្រាវជ្រាវ បញ្ហា​ប្តី​ទៅ​មាន​ស្រី​ខាងក្រៅ​គឺមាន​កត្តា​ជំរុញ​ជាច្រើន ក្នុងនោះ​មានដូចជា​ការអូសទាញ​ពី​មិត្តភក្តិ ភាព​ទាក់ទាញ​របស់​ស្ត្រី​នៅ​ខាងក្រៅ​ការចង់​សាកល្បង​របស់​ថ្មី ចំណង់​ផ្លូវភេទ​មាន​កម្រិត​ខ្ពស់​មាន​បញ្ហា​ក្នុង​គ្រួសារ​ប្រពន្ធ​មិនអាច​តម្រូវ​តាម​តណ្ហា​ប្តី​ប្រពន្ធ​មាន​សម្រស់ អន់ថយ ឬ គ្មាន​សម្រស់​ឬមួយ​វា​កើតឡើង​ដោយសារ​ការដោះដូរ​អ្វីមួយ ដូចជា​ដើម្បី​រក្សា​តំណែង​ក្នុង​ក្រុមហ៊ុន ។​ល​។​ ​ទោះជា​ការ​«​សៅ​គ្រី​»​មាន​មូលហេតុ​ច្រើនយ៉ាង​ណាក៏ដោយ ប៉ុន្តែ​បើតាម​ការរៀបរាប់​ករ​ណី​របស់​នាង​ប្រហែលជា​បណ្តាលមកពី​រឿង​សម្រស់ ច្រើនជាង​បញ្ហា​ផ្សេងៗ ។

ចូរ​សាកល្បង​សួរ​ខ្លួនឯង​ថា តើ​ខ្លួន​ពេញចិត្ត​នឹង​ទំហំ​ដើមទ្រូង​រង្វង់​ចង្កេះ ក្បាលពោះ ឬ សម្រស់​របស់ខ្លួន​ដែរឬទេ ? ប្រសិនបើ​នាង​យល់ថា​មិន​ពេញចិត្ត តើ​ធ្វើ​ដូចម្តេច​ស្វាមី​របស់​នាង​ពេញចិត្ត ។ ម្យ៉ាងទៀត​បុរសៗ​តែង​ចូលចិត្ត និង ត្រូវការ​ភាព​ផ្អែមល្ហែម ការ យកចិត្តទុកដាក់ និង ភាពស្និទ្ធស្នាល​ពី​ប្រពន្ធ ប៉ុន្តែ​ព្រោះតែ​ដើមទ្រូង​តូច​ក្បាល​ពោះធំ​នាង​បែរជា​បន្ថែម​គម្លាត​ពី​គាត់​ដោយ​ការលែង​ស្និទ្ធស្នាល​ដូច​មុន នេះ​ក៏​ជា​កត្តារួម​ចំណែក​មួយ​ជំរុញ​ឱ្យ​ប្តី​របស់​នាង​ទៅរក​ស្រី​ខាងក្រៅ ដើម្បី​បំពេញ​បំណង​បំពេញ​តណ្ហា និង សេចក្តីត្រូវការ​របស់​គាត់ ។

ការដែល​គាត់​សារភាព និង រិះគន់​ដោយ​ត្រង់ៗ​ថា​នាង​មាន​ដើមទ្រូង​តូច ក្បាល​ពោះធំ​បែបនេះ ក៏​មិនមែន​មានន័យថា​គាត់​ចង់​បែក​ពី​នាង​ទេ ផ្ទុយទៅវិញ​គឺ​វា​អាចជា​សារ​មួយ​ដើម្បី​ជំរុញ​នាង​ឱ្យ​យកចិត្តទុកដាក់​ខ្ពស់​ទៅលើ​សម្រស់​របស់ខ្លួន ព្រោះថា​បុរស​តែងតែមាន​មោទកភាព​នៅពេល​ប្រពន្ធ របស់ខ្លួន​មាន​រូបរាង និង សម្រស់​ស្រស់ស្អាត ។ តាម​យោបល់​របស់​«​ប្រជាប្រិយ​» ដំបូង​ត្រូវ​ប្រុងប្រយ័ត្ន​ចំពោះ​បញ្ហា​លើ​គ្រែ​រវាង​នាង និង ស្វាមី​ពោលគឺ​នាង​ត្រូវឱ្យ​គាត់​ប្រើ​ស្រោមអនាម័យ រាល់ពេល​រួមភេទ ដើម្បី​បង្ការ​ជំងឺ​កាមរោគ​នានា ព្រោះ​ប្តី​របស់​នាង​អាច​ឆ្លង​ជំងឺ​ពី​ស្រី​ម្នាក់​នោះ ដូច្នេះ​ត្រូវ​ជំរុញ​ឱ្យ​គាត់​ទៅពិនិត្យ​ឈាម​រក​មេរោគ ។

ចំណែក​នាង​ក៏​គួរ​ស្វែងរក​សេវា​កែ​សម្ផស្ស និង ហាត់ប្រាណ ដើម្បី​ឱ្យមាន​សម្រស់ និង មាន​រាង​ស្រ​ឡូ​ន​ជាង​បច្ចុប្បន្ន ។ នៅពេល​ដើមទ្រូង​ក្បាលពោះ សម្រស់​ផ្ទៃមុខ​របស់​នាង​ស្រស់​សោភា​ឡើងវិញ «​ប្រជាប្រិយ​»​ជឿថា​លោក​ប្តី​របស់​នាង​ប្រាកដជា​ងាក​មក​ចាប់អារម្មណ៍ និង ស្រឡាញ់​នាង​ជាង​មុន​មិន​ខាន ។​ទាក់ទិន​នឹង​បញ្ហា​ផ្លូវភេទ​បន្ទាប់ពី​មាន​សម្រស់​ស្រស់ស្អាត​ដូច​មុន នាង​ក៏​គួរតែ​ស្វែងយល់​បន្ថែម​អំពី​អ្វីដែល​ជា​តម្រូវការ​រប​ស់បុ​រស​នៅពេល​ឡើង​គ្រែ​ម្តងៗ ហើយ​គួរ​បំពេញ​បំណង​របស់គាត់​តាម​ដែល​អាចធ្វើ​ទៅបាន ។ ធ្វើ​បើ​បាន​បែបនេះ​ជឿថា​នាង​មិនចាំបាច់​គិតដល់​បញ្ហា​លែងលះ​នោះទេ ៕


 

Related