គ​.​ជ​.​ប ត្រូវការ​មន្ត្រី​ចុះឈ្មោះ​បោះឆ្នោត​៧០០០​នាក់ ដែល​ចេះ​កុំព្យូទ័រ ក្នុង​អាណត្តិ​នេះ​

​ក្រោយពី​ប្រតិបត្តិការ​នៃ​ការចុះឈ្មោះ​បោះឆ្នោត​សាកល្បង​តាម​ប្រព័ន្ធ​កុំព្យូទ័រ​អស់​រយៈពេល​កន្លះ​ខែ​មក គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត បាន​រកឃើញ​បញ្ហា​ចម្បងៗ​មួយចំនួន​ដែល​ត្រូវ​ដោះស្រាយ ដោយ​បញ្ហា​ធំជាងគេ​នោះ គឺ​ការខ្វះ​ធនធានមនុស្ស​និង​ឧបករណ៍​បច្ចេកទេស​។ ក្នុង​អាណត្តិ​នេះ គ​.​ជ​.​ប ត្រូវការ​មន្ត្រី​ចុះឈ្មោះ​បោះឆ្នោត​យ៉ាងតិច ៧០០០​នាក់​ឡើងទៅ ដែល​ចេះ​ទាំង​នីតិវិធី​ចុះឈ្មោះ​បោះឆ្នោត​និង​ប្រើប្រាស់​កុំព្យូទ័រ​។ នេះ​ជាការ​អះអាង​របស់លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ​.​ជ​.​ប​។​

​ដើម្បី​ឲ្យ​ដំណើរការ​បោះឆ្នោតក្រុមប្រឹក្សា​ឃុំ​សង្កាត់ និង​ការបោះឆ្នោត​ឆ្នោត​ថ្នាក់ជាតិ​ប្រព្រឹត្ត​ទៅដោយ​រលូត និង​ទទួលបាន​ជោគជ័យ គ​.​ជ​.​ប ចាំបាច់​ត្រូវមាន​មន្ត្រី​បច្ចេកទេស​ដែល​ចេះ​ប្រើប្រាស់​កុំព្យូទ័រ ក្នុង​ការចុះ​ឈ្នោះ​បោះឆ្នោត​ចំនួន​៧០០០​នាក់​។ ក្រៅពីនេះ កង្វះខាត​កុំព្យូទ័រ និង​ឧបករណ៍​បច្ចេកទេស​ផ្សេងៗ រួមទាំង​ភ្លើងអគ្គិសនី ក៏​ជា​បញ្ហា​ធំ​ដែល គ​.​ជ​.​ប ត្រូវ​ដោះស្រាយ​ផងដែរ​។ នេះ​ជា​ប្រសាសន៍​របស់លោក ហង្ស ពុទ្ធា ដែល​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​នាពេល​ព្រឹក​នេះ​។​

​អ្នកនាំពាក្យ​រូបនេះ​បានបញ្ជាក់​ដូច្នេះ​ថា​៖ «​បច្ចុប្បន្ន យើង​មាន​មន្ត្រី​ចុះឈ្មោះ​បោះឆ្នោត​ប្រមាណ​ជាង​២០០​នាក់​ប៉ុណ្ណោះ ដែល​ចេះ​ប្រើ​កុំព្យូទ័រ​។ ដូច្នេះ រឿង​ដែល​យើង​ត្រូវ​គិតគូរ​ដំបូង​គេ​នោះ គឺ​យើង​ត្រូវ​បន្ថែម​មន្ត្រី​បច្ចេកទេស ឲ្យ​គ្រប់​ចំនួន​៧០០០​នាក់ ដែល​ចេះ​ទាំង​ការប្រើប្រាស់​កុំព្យូទ័រ​និង​នីតិវិធី​នៃ​ការចុះ​បោះឆ្នោត​។ ហើយ​យើង​ក៏ត្រូវ​ការ​កុំព្យូទ័រ​បន្ថែមទៀត​ដែរ​»​។

​លោក បាន​បន្តទៀតថា ភាគី​ជប៉ុន និង​សហភាព​អឺរ៉ុប​សន្យាថា នឹង​បន្ត​ផ្តល់ជំនួយ​ផ្នែក​ឧបករណ៍​បច្ចេកទេស​ប​ន្ថែ​ម​ទៀត ក្រោយពី គ​.​ជ​.​ប ជំរាប​ពី​ការខ្វះខាត​របស់ខ្លួន​ក្នុង​កិច្ចប្រជុំ​កាលពី​ថ្ងៃទី​១៦ វិច្ឆិកា ជុំវិញ​ការចុះឈ្មោះ​បោះឆ្នោត​សាកល្បង ដែល​បាន​ប្រព្រឹត្តិ​ទៅ​អស់​រយៈពេល ១៥​ថ្ងៃ កន្លងមកនេះ​។ ពាក់ព័ន្ធ​នឹង​ថវិកា​វិញ រូបលោក​អះអាងថា គ​.​ជ​.​ប នឹង​ស្នើសុំ​ពី​រដ្ឋាភិបាល​កម្ពុជា ប្រសិនបើ ភាគី​ជប៉ុន និង​សហភាព​អឺរ៉ុប​មិន​បន្ត​ផ្តល់​ឲ្យ​នោះទេ​។​

​តាម​ការគ្រោងទុក គ​.​ជ​.​ប កំណត់ថា នឹង​ចុះឈ្មោះ​ប្រជាពលរដ្ឋ​ឲ្យ​បាន​ចំនួន ៣២,៥២៨ នាក់ ក៏ប៉ុន្តែ​ប្រជាជន​តែ ១៧,៥៥៦​នាក់ ដែល​បានមក​ចុះ​បោះឆ្នោត​សាកល្បង​នេះ​។ តែ​ទោះបីជា​យ៉ាង​ក៏ដោយ លោក ហង្ស ពុទ្ធា នៅតែ​មើលឃើញ​ភាព​វិជ្ជមាន​របស់​ប្រជាពលរដ្ឋ និង​សរសើរ​ថា ប្រជាពលរដ្ឋ​ហាក់ដូចជា​សកម្ម​ក្នុងការ​ចូលរួម និង​មាន​យល់ដឹង​ពី​ការចុះឈ្មោះ​បោះឆ្នោត​នេះ​។​

​សូមបញ្ជាក់ថា គ​.​ជ​.​ប បានចាប់ផ្តើម​បេសកកម្ម​នៃ​ការចុះឈ្មោះ​បោះឆ្នោត​សាកល្បង​តាម​ប្រព័ន្ធ​បច្ចេកទេស​នេះ តាំងពី​ថ្ងៃទី​១ វិច្ឆិកា​មក និង​បញ្ចប់​នៅ​ទី​១៥ វិច្ឆិកា ដោយ​ចំណាយ​ថវិកា​អស់​១​លាន​ដុល្លារ​៕

​តើ​ប្រព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យជួ​យ​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​អ្វីខ្លះ​ក្នុ​ង​កា​រ​ស្វែង​រ​ក​កា​រ​ងា​រ​ធ្វើ​?​​