អូបាម៉ា៖ វោហារសាសន៍​របស់​អាមេរិក​ប្រឆាំង​នឹង​ជនភៀសខ្លូន​ស៊ីរី​ចាំបាច់​ត្រូវ​តែ​បញ្ចប់

អូបាម៉ា៖ វោហារសាសន៍​របស់​អាមេរិក​ប្រឆាំង​នឹង​ជនភៀសខ្លូន​ស៊ីរី​ចាំបាច់​ត្រូវ​តែ​បញ្ចប់

ប្រធានាធិបតី​អាមេរិក បារ៉ាក់ អូបាម៉ា ក្នុង​ពេល​សន្ទនា​នៅ​ឯ​កិច្ច​ប្រជុំកំពូល​នៃ​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ីប៉ាស៊ីហ្វិក ក្នុង​ទីក្រុង​ម៉ានីល​ ប្រទេស​ហ្វីលីពីន នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៥។

ប្រធានាធិបតី​អាមេរិក បារ៉ាក់ អូបាម៉ា​ បាន​រិះគន់​អ្នក​នយោបាយ​អាមេរិក​ ដែល​ជំទាស់​នឹង​ការ​តាំង​ទីលំនៅ​ថ្មី​របស់​ជនភៀស​ខ្លួន​ស៊ីរី ​ដោយ​និយាយ​ថា វោហារសាសន៍​របស់​ពួក​គេ​ផ្ទុយ​នឹង​គុណ​តម្លៃ​របស់​អាមេរិក ហើយ​អាច​ក្លាយ​ជា​ឧបករណ៍​មួយ​សម្រាប់​ឲ្យ​ក្រុម​ជីវពល​រដ្ឋឥស្លាម យក​ទៅ​ប្រើប្រាស់​ ដើម្បី​ជ្រើសរើស​សមាជិក​ថ្មីរបស់​ពួក​គេ។

ចាប់​តាំង​ពី​ការ​វាយប្រហារ​នៅ​ទីក្រុង​ប៉ារីស​មក អ្នក​នយោបាយ​ខ្លះ​មក​ពី​ខាងគណបក្ស​សាធារណរដ្ឋ បាន​អំពាវនាវ​ឲ្យ​មាន​ការ​បញ្ឈប់​ការ​ចូល​តាំង​ទីលំ​នៅ​ជា​ថ្មី​របស់​ជនភៀសខ្លួន​ស៊ីរី ឬក៏​អនុញ្ញាតឲ្យ​តែ​ជនភៀសខ្លូន​ស៊ីរី​ដែល​កាន់​សាសនា​គ្រឹស្ត​តែ​ប៉ុណ្ណោះ ចូល​ក្នុង​ទឹក​ដី​អាមេរិក ដោយ​អ្នក​នយោបាយទាំង​នោះ​លើក​ឡើង​ថា វិធានការ​នេះ​នឹង​ជួយ​ទប់​ស្កាត់​ភេរវករ​ស៊ីរី កុំ​ឲ្យ​ធ្វើការ​វាយ​ប្រហារ​ស្រដៀង​គ្នា​នៅ​ក្នុង​សហរដ្ឋ​អាមេរិក។

ថ្លែង​ទៅ​កាន់​ក្រុម​អ្នក​យកព័ត៌មាន​នៅ​ឯ​កិច្ចប្រជុំ​សហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី​ប៉ាស៊ីហ្វិក​ក្នុង​ទីក្រុង​ម៉ានីឡា ប្រទេស​ហ្វីលីពិន​នៅថ្ងៃពុធ​នេះ លោក អូបាម៉ា និយាយ​ថា៖ «យើង​មាន​អាកប្បកិរិយា​ មិន​នឹង​ធឹង​សោះ។ ​នៅ​ពេល​ឆ្លើយតប​ទៅ​នឹង​ការ​វាយ​ប្រហារ​ភេរវកម្ម យើង​ភ័យ​ស្លន់​ស្លោរ»។

ក្រុម​សមាជិក​សភា​ពី​ខាង​គណបក្ស​សាធារណរដ្ឋ​ បាន​អំពាវនាវ​ឲ្យ​មាន​ការ​បញ្ឈប់​ផែនការ​ផ្តល់​ការ​តាំង​ទីលំនៅ​ដ្ឋាន​ថ្មី​ដល់​ជនជាតិ​ស៊ីរី​ចំនួន​១ម៉ឹន​នាក់​បន្ថែម​ទៀត ​នៅ​សហរដ្ឋ​អាមេរិក ​នៅ​ក្នុង​ការ​ជជែក​ដេញ​ដោល​គ្នា​មួយ​ដែល​ឆ្លុះ​បញ្ចាំង​ពី​ការ​ពិភាក្សា​ក្នុង​បណ្តា​ប្រទេស​នៅអឺរ៉ុប​អំពី​ការណ៍​ដែល​ថា​ តើ​ការ​ផ្តល់​ការ​តាំង​ទីលំ​នៅ​ថ្មី​នេះ បង្ក​គ្រោះថ្នាក់​ដល់​សន្តិជាតិ​ដែរ​ឬទេ។

លោក អូបាម៉ា និយាយ​ថា ការជជែក​ដេញ​ដោល​គ្នា​នេះ ស៊ី​គ្នា​ទៅ​នឹង​«បទ​ពិពណ៌នា​អំពី​សង្គ្រាម​មួយ​រវាង​សាសនា​ឥស្លាម​ និង​ប្រទេស​លោក​ខាង​លិច»៕