ឯកអគ្គរាជទូត​កម្ពុ​ជា នឹង​ជួបពិភាក្សា​ការងារ​ជាមួយ​ក្រសួង​វប្បធម៌​ឥណ្ឌា ពាក់ព័ន្ធ​នឹង​ការសាងសង់​ប្រាសាទ​ចម្លង​តាម​រចនាបថ​ប្រាសាទអង្គរវត្ត​

ភ្នំពេញ: យោងតាម​លិខិត​របស់​អ្នកនាំពាក្យ ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ លោក ជុំ សុន្ទរី នៅ​ថ្ងៃទី​១៧ ខែវិច្ឆិកា  ឆ្នាំ​២០១៥​នេះ ឯកអគ្គរាជទូត​កម្ពុ​ជាប្រចាំ​នៅ​ប្រទេស​ឥណ្ឌា នឹង​ជួបពិភាក្សា​ការងារ​ជាមួយ​លោកស្រី Monika K.Mohta លេខាធិការ (Additional Secretary) នៃ​ក្រសួងការបរទេស​ឥណ្ឌា និង​លោក Shri K.K. Mittal លេខាធិការ (Additional Secretary) នៃ​ក្រសួង​វប្បធម៌​ឥណ្ឌា ពាក់ព័ន្ធ​នឹង​ការសាងសង់​ប្រាសាទ​ចម្លង​តាម​រចនាបថ​ប្រាសាទអង្គរវត្ត នៅ​រដ្ឋ Bihar ប្រទេស​ឥណ្ឌា ដែល មាន​ចំណុច​សំខាន់ៗ​ដូចខាងក្រោម​៖

១-  លោកស្រី Monika K.Mohta  លេខាធិការ ក្រសួងការបរទេស​ឥណ្ឌា បាន​លើកឡើងថា រដ្ឋាភិបាល​ឥណ្ឌា នឹង​ទប់ស្កាត់​មិន​ឲ្យ​មានការ​សាងសង់​ទេ ។ ក្រសួងការបរទេស​ឥណ្ឌា បាន​ជម្រាប​ក្រុមហ៊ុន The Mahavir Mandir Trust មិន​ឲ្យ​សាងសង់​ប្រាសាទ​ចម្លង​តាម​រចនាបថ​ប្រាសាទអង្គរវត្ត ។ ក្រុមហ៊ុន​នេះ បាន​សន្យាថា នឹងមិន​សាងសង់​ប្រាសាទ​ចម្លង​តាម​រចនាបថ​ប្រាសាទអង្គរវត្ត​ទេ ប៉ុន្តែ​សុំ​សាងសង់​ប្រាសាទ​មាន​រចនាបថ​ប្រាសាទ​ឥណ្ឌា ហើយនឹង​បញ្ជូន​គម្រោង​សាងសង់​នេះ​ទៅ​ក្រសួង​វប្បធម៌ និង​ក្រសួងការបរទេស​ឥណ្ឌា ដើម្បី​ស្នើសុំ​ការសាងសង់​។​

២-  លោក Shri K.K. Mittal លេខាធិការ​ក្រសួង​វប្បធម៌​ឥណ្ឌា បាន​លើកឡើងថា​៖ ក្រសួង​វប្បធម៌​ឥណ្ឌា នឹងធ្វើ​ការសិក្សា និង​បញ្ជូន​គម្រោង​ថ្មី​នេះ​ទៅ​ក្រសួងការបរទេស​ឥណ្ឌា​៕​