ប្រធានាធិបតី​បារាំង៖ មាន​១៩​ជាតិ​សាសន៍ រងគ្រោះ​ក្នុង​អំពើភេរវកម្ម នៅ​ប៉ារីស

វិមាន​ប្រធានាធិបតី​បារាំង ​បាន​បង្ហាញ​កាលពី​ថ្ងៃ​ពុធ ទី ១៨​វិច្ឆិកា​ថា គេ​បាន​កំណត់​អត្តសញ្ញាណ​រាល់​ជនរងគ្រោះ ដែល​បាន​ស្លាប់​បាត់បង់​ជីវិត និង​រងរបួស នៅក្នុង​ការវាយប្រហារ​ភេរវកម្ម កាលពី​ថ្ងៃ​សុក្រ។ នៅ​ក្រោយ​ភេរវកម្ម សម្លាប់​មនុស្ស​១២៩​នាក់ រដ្ឋាភិបាល​បារាំង បាន​បើក​ចាត់វិធានការ​សំខាន់ៗ ប្រឆាំង​ក្រុមជីហាត​នៃអង្គការរដ្ឋអ៊ីស្លាម​ទាំង​នៅ​ប្រទេស​ស៊ីរី និង​ក្នុង​ស្រុក​បារាំង ជាទី ដែល​ប៉ូលិស​បារាំង​កំពុង​តាម​ប្រមាញ់ និង​បំបែក​សំបុក​ក្រុមជីហាត ជ្រុលនិយម។ នៅ​ថ្ងៃ​ព្រហស្បតិ៍នេះ រដ្ឋសភា​បារាំង​ក៏​នឹង​ត្រូវ​ពិភាក្សា​ផងដែរ​លើ​សំណើ​របស់​រដ្ឋាភិបាល​បារាំង​ដែល​ចង់​ពន្យារពេល ដាក់​ប្រទេស​បារាំង​ឲ្យ​ស្ថិតនៅក្នុង​ស្ថានភាព​ប្រកាស​អាសន្ន​រយៈពេល ៣​ខែ​បន្តទៀត។