ស្រវឹង បើក​រថយន្ដ​ទៅ​ព្រលះ​រនាំង​ចែក​ផ្លូវ អស់៨ផ្ទាំង

ហេតុករណ៍គ្រោះថ្នាក់មួយ បានកើតឡើង នៅតាមបណ្តោយផ្លូវព្រះមុនីវង្ស ដែលបង្កដោយ​បុរស​ស្រវឹង​ស្រា​ម្នាក់ បើក​រថយន្ត​ទៅ​បុក​រនាំងចែក ផ្លូវអស់ចំនួន ៨ផ្ទាំង។
ស្រវឹង បើក​រថយន្ដ​ទៅ​ព្រលះ​រនាំង​ចែក​ផ្លូវ អស់៨ផ្ទាំង
ទិដ្ឋភាពរថយន្ដ បើកបរដោយជនប្រមឹក និងរនាំងចែកផ្លូវ ដួលកណ្ដាលមហាវិថី មុនីវង្ស។ (រូបថត monoROOM.info/ H. Vuthy)

រនាំងដែកចែកផ្លូវ ចំនួន៨ផ្ទាំង ត្រូវបានរថយន្ដ ដែលបើកបរ ដោយជនស្រវឹងម្នាក់ បុកដួលយ៉ាងរណូក​រណែល ពេញមហាវិថីមុនីវង្ស។ រថយន្ដទំនើបនោះ មានប្រភេទ កាំរីបាឡែន មានស្លាកលេខភ្នំពេញ 2Q-2529 ហើយ​បានបុករនាំងចែកផ្លូវ កាលពីវេលាម៉ោង ៣ ទៀបភ្លឺនាថ្ងៃ ទី ១៧ ខែ វិច្ឆិកា ឆ្នាំ២០១៥ ក្នុង​សង្កាត់​មនោរម្យ ខណ្ឌ​៧មករា រាជធានីភ្នំពេញ។

គ្រោះថ្នាក់ បានបណ្តាល ឲ្យខូចរថយន្ត និងបើងរនាំងចែកផ្លូវ ទាំង៨ផ្ទាំង តែមិនបានបង្កគ្រោះថ្នាក់ ដល់​មនុស្ស​ណាម្នាក់ឡើយ។

ពលរដ្ឋនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតរឿងនេះ គេឃើញបុរសស្រវឹងម្នាក់ បានបើករថយន្ត នៅ​តាម​ផ្លូវមុនីវង្ស ទិសដៅពីជើងទៅត្បូង ស្រាប់តែមកដល់កន្លែងខាងលើ រថយន្តក៏រេចង្កូត ទៅបុករនាំងចែក​ផ្លូវ​តែម្តង។ ខ្លួនស្រវឹង តែក្លាហានកាន់ចង្កូតរថយន្ដ ដើម្បីបើកបរ តែដល់ពេលបើក មកបុករនាំងចែកផ្លូវ ឲ្យ​ដួល​រួច ស្រាប់តែបើកទ្វារថយន្ដ រួចរត់គេចខ្លួនបាត់ ដោយទុករថយន្ដចោល នឹងកន្លែងកើតហេតុ។

ក្រោយពេលកើតហេតុ នគរបាលចរាចរណ៍ផ្លូវគោក បានចុះមកដល់កន្លែងខាងលើ និងធ្វើការវាស់វាង ស្ទួច​យក​រថយន្តបង្កទៅរក្សាទុក ដើម្បីរងចាំភាគីម្ចាស់រថយន្ត មកដោះស្រាយសងការខូចខាត រនាំងចែកផ្លូវ ទាំង​នោះ៕