អ្នកវិភាគ និយាយ​ពី​អំណាច​រដ្ឋបែប​«ឆ្មា​ជើង​បី»​ក្រោម ហ៊ុន សែន

នៅពេលដែលលោក ហ៊ុន សែន និងក្រុមរបស់លោក លើកឡើង ពីការប្រព្រឹត្តិទៅនៃ«អំណាចរដ្ឋ» តាមបែប​នីតិរដ្ឋ ទាក់​ទង​នឹង​ការចេញដីកា របស់តុលាការ ឲ្យតាមចាប់ខ្លួនប្រធានគណបក្សប្រឆាំង លោក សម រង្ស៊ី នោះ អ្នក​តាមដាន​ស្ថានការណ៍​នយោបាយ​កម្ពុជា​វិញ បានហៅចំណាត់​ការទាំងនោះ ថាជាការអនុវត្តច្បាប់ តាម​បែប​«ឆ្មា​ជើង​បី»។
អ្នកវិភាគ និយាយ​ពី​អំណាច​រដ្ឋបែប​«ឆ្មា​ជើង​បី»​ក្រោម ហ៊ុន សែន
លោក ហ៊ុន សែន ថ្លែងជាភាសាវៀតណាម នៅចំពោះមុខកម្មាភិបាលវៀតណាម កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៣។ (រូបថតផ្តិតពីវីដេអូ)

នីតិអំណាចទាំងបី ឬ«អំណាចរដ្ឋ» របស់ប្រទេសនីតិរដ្ឋ តាមបែបប្រជាធិបតេយ្យ ត្រូវប្រព្រឹត្តិទៅដោយ​សំអាង​ទៅលើច្បាប់។ ចុះដីកាឲ្យចាប់ខ្លួន ចេញដោយតុលាការកម្ពុជា ចេញឲ្យចាប់ខ្លួន ប្រធានគណបក្សប្រឆាំង និង​បញ្ឈប់លោក ពីសមាជិកសភា ដោយរដ្ឋសភាកម្ពុជា ជាការប្រព្រឹត្តិទៅ ដោយនីតិរដ្ឋ និងជាការអនុវត្តច្បាប់ របស់​«អំណាចរដ្ឋ»មែន ឬយ៉ាងណា? សម្រាប់អ្នកតាមដានព្រឹត្តិការណ៍កម្ពុជា និងមានជំនាញខាងច្បាប់វិញ បាន​ចាត់ទុកថា នេះជាការអនុវត្តច្បាប់ តាមបែប«ឆ្មាជើងបី» របស់នាយករដ្ឋមន្ត្រីបីទសវត្សន៍ លោក ហ៊ុន សែន។

សូមអានបទសម្ភាស របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ជាមួយលោក ព្រហ្ម គិត អតីតមន្ត្រី​ច្បាប់ច្រើនជំនាន់ ពីប្រទេសកម្ពុជា និងជាអ្នកវិភាគ ប្រចាំឲ្យទស្សនាវដ្ដីដូចខាងក្រោម៖

មនោរម្យ.អាំងហ្វូ៖ ក្នុងរយៈពេលមិនដល់ពីរសប្ដាហ៍ស្រួលបួលផង ព្រឹត្តិការណ៍នយោបាយកម្ពុជា បាន​កើត​ឡើង​ នូវហេតុការណ៍ធំៗចំនួនពីរ នោះគឺការដកតំណែង របស់លោក កឹម សុខា ពីតំណែងជាអនុប្រធាន​រដ្ឋសភា និងការតាមចាប់ខ្លួន លោក សម រង្ស៊ី ទាក់ទងនឹងសំនុំរឿង ដែលគ្មាននរណានឹកនាដល់ តាំងពី៨ឆ្នាំ​មកហើយ និងមានសាលក្រម ចូលជាស្ថាពរ នៅឆ្នាំ២០១៣។ តើលោក ព្រហ្ម គិត យល់ឃើញបែបណា ចំពោះ​ហេតុការណ៍​នយោបាយទាំងនេះ?

ព្រហ្ម គិត៖ រឿងនេះកើតចេញ ពីខ្សែញ៉ាក់នយោបាយច្រើន តែអ្នកកាន់ចុងខ្សែនេះ មានតែម្នាក់ទេ គឺលោក ហ៊ុន សែន នេះតែម្ដង។ ហេតុអី បានជាខ្ញុំនិយាយថា គឺលោក ហ៊ុន សែន ជាអ្នកបញ្ជាពីក្រោយ? មិនពិបាក​យល់ទេ រឿងវាកើតចេញ ពីហេតុ និងផល ហើយខ្ញុំសូមបន្ថែមមួយទៀត គឺទង្វើ។ គ្រប់រឿងទាំងអស់ កើត​ឡើង​នៅក្រោយ ការថ្លែងរបស់លោក ហ៊ុន សែន។ អញ្ចឹងរឿងទាំងនេះ វាជាបែបផែននយោបាយចាស់គំរិលមួយ  ហើយ​គេ​អាច​និយាយ​បាន​ថា ជានីតិវិធី​របស់មនុស្ស​ដែលមិនចេះច្បាប់ និងរបស់មនុស្ស ដែលមានល្បិច​ទុក​កាំបិត​មួយ​ពី​ក្រោយ​ខ្នង ទុក​ចាំចាក់​នរណាម្នាក់ ដែលមានមាឌធំស្មើខ្លួន ហើយហ៊ានប្រឆាំងខ្លួន។

មនោរម្យ.អាំងហ្វូ៖ តែលោក ហ៊ុន សែន និយាយថា នេះជាចំណាត់ការទូទៅ ដែលកើតមានឡើង នៅ​ក្នុង​«អំណាចរដ្ឋ»...

ព្រហ្ម គិត៖ ត្រង់នេះហើយ ដែលបង្ហាញកាន់តែច្បាស់ និងធ្វើឲ្យខ្ញុំ កាន់តែចង់និយាយ ពី«អំណាចរដ្ឋ» តាម​បែប«ឆ្មាជើងបី» ក្រោមការដឹកនាំ​របស់លោក ហ៊ុន សែន។ លោក ហ៊ុន សែន ជានាយករដ្ឋមន្ត្រី របស់ប្រទេស​មួយទាំងមូល ដូច្នេះភារកិច្ច និងតួនាទីដែលលោកត្រូវធ្វើ ដោយគតិយុទ្ធ ស័ក្ដិសមជា«អំណាចរដ្ឋ»នោះ គឺ​ត្រូវ​ធ្វើឲ្យ​អំណាច​រដ្ឋទាំងនេះ ប្រព្រឹត្តិទៅឬមានដំណើរការទៅ ដោយមិនចាំបាច់ មានការបង្គាប់បញ្ជា ពីលោក។ មិនមែនទាល់​តែលោក ហ៊ុន សែន និយាយហើយ ទើបនាំគ្នាស្ទុះស្ទាទាំងតុលាការ ទាំងរដ្ឋសភា ទាំងស្លន់​ស្លោរ ទាំងប៉ីទាំង​ទ្រ​ដូច្នេះទេ។ ខ្ញុំលើកយកឧទាហរណ៍មួយ មកនិយាយ ដូចក្នុងករណីតុលាការចេញដីកា ឲ្យចាប់​ខ្លួន​​មេ​គណបក្ស​ប្រឆាំងនេះអញ្ចឹង។ ការប្រព្រឹត្តិទៅដោយធម្មតា របស់អំណាចរដ្ឋ គឺត្រូវមន្ត្រីតុលាការទាំងនោះ ធ្វើ​ការងារ​ដោយឯករាជ្យ តាមជំនាញ និងតាមនីតិវិធី មានពេលមានកាល ច្បាស់លាស់។ មិនមែនផ្អិប​ករណី​នេះ មិន​និយាយ​រក​ប្រមាណជា២ឆ្នាំហើយ ទើបលើកមកនិយាយ ក្នុងថ្ងៃនេះនោះទេ។ វាជាកំហុស​រដ្ឋបាល​​មួយ​ធំ​ណាស់។ ទាំងជនដើមបណ្ដឹង និងទាំងជនចុងចោទ មិនដឹងថា តើតុលាការកម្ពុជា ធ្វើការរបៀប​ម៉េច និង​​ដល់​ណា​ហើយ? ព្រោះសំនុំរឿង ប្ដឹងផ្ដល់ចេញសាលក្រម សម្រេចជាស្ថាពររួចហើយ ស្រាប់តែស្ងាត់​ឈឹង អត់​ចេញ​​ដីកា​ឲ្យ​ចាប់ខ្លួនភ្លាមៗ ទាល់តែ២ឆ្នាំក្រោយ ទើបបញ្ជាឲ្យចាប់។ បើជាចោរប្លន់វិញ បានន័យថា តុលាការ​មួយ​​នេះ ទុករហូតដល់២ឆ្នាំក្រោយ ទើបចេញដីកាឲ្យចាប់ខ្លួន មកដាក់ទោស។ បែបនេះ គេហៅថា «អំណាច​រដ្ឋ»​បែប​«ឆ្មាជើងបី»។

មនោរម្យ.អាំងហ្វូ៖ គណៈកម្មាធិកាអចិន្ត្រៃយ៍រដ្ឋសភា បានបញ្ឈប់លោក សម រង្ស៊ី ពីតំណាងរាស្ត្រ និងបាន​ចុះ​ហត្ថលេខសម្រេច ដោយប្រធានរដ្ឋសភា លោក ហេង សំរិន ព្រោះរដ្ឋសភាយោង ពីដីកាឲ្យចាប់ខ្លួន របស់​តុលាការខាងលើនេះដែរ។ ឆ្លើយទៅនឹងសំនួរ របស់អ្នកសារព័ត៌មាន ដែលសួរថា បើលោក សម រង្ស៊ី នៅមាន​ទោស រឿងហេតុអី ដែលគ.ជ.ប រដ្ឋសភា និងព្រះមហាក្សត្រ បានទទួលស្គាល់លោក សម រង្ស៊ី មកធ្វើជា​តំណាង​រាស្ត្រនោះ អ្នកនាំពាក្យរដ្ឋសភា លោក ឈាង វុន បានឆ្លើយថា មកពីរដ្ឋសភាមិនដឹង រឿងនេះជាមុន។ តើ​ករណីនេះ ដែលត្រូវបានរដ្ឋសភាបកស្រាយ ត្រឹមតែប៉ុណ្ណឹង មាននីតិភាពដល់កម្រិតណា?

ព្រហ្ម គិត៖ នេះបញ្ជាក់កាន់តែខ្លាំង ថារដ្ឋសភាកម្ពុជា ជាស្ថាប័នបង្កើតច្បាប់ បែប«ឆ្មាជើងបី»មួយទៀត។ បើ​ខាង​តុលាការ បានធ្វើកំហុសរដ្ឋបាលមួយហើយ តែខាងរដ្ឋសភា ដែលជាស្ថាប័នតំណាងឲ្យប្រជាជាតិ ជំនាញ​ខាង​ច្បាប់នេះ បានប្រព្រឹត្តិកំហុស កាន់តែធំទៅទៀត។ តាមត្រូវ រដ្ឋសភាត្រូវការពារ សមាជិកសភារបស់ខ្លួន ពីដីកា​ឲ្យចាប់ខ្លួននោះ ដោយសាររដ្ឋសភាមិនដឹងពីទណ្ឌភាព ហើយគឺខាងតុលាការនេះហើយ ជាអ្នកប្រព្រឹត្តិ​កំហុស​រដ្ឋបាល ឲ្យគេឯងយល់ច្រឡំពេញប្រទេស រាប់តាំងពីព្រះមហាក្សត្រ។ ខ្ញុំឆ្ងល់ថា ស្ថាប័នរដ្ឋទាំងបី មាន គ.ជ.ប រដ្ឋសភា និងព្រះមហាក្សត្រ ម៉េចក៏អន់ម្លេះ ដែលទទួលស្គាល់លោក សម រង្ស៊ី ជាតំណាងរាស្ត្រហើយ ឥឡូវ​នេះ​បែរជាលេបសម្ដីខ្លួនឯង ទៅវិញយ៉ាងនេះ? ជាពិសេស រដ្ឋសភាដែលជាស្ថាប័ន​ជំនាញខាងច្បាប់ បាននាំគ្នា​ស្ទុះ​ស្ទា​លេបសម្ដី និងនាំគ្នាចេញសេចក្ដីសម្រេច ត្រឡប់ត្រឡិន គួរឲ្យខ្មាសគេណាស់។ ហើយនេះ មកពីអ្វី? បើមិន​មែន​មកពីអ្នកទាញខ្សែញ៉ាក់ ជាអ្នកបញ្ជាមក ឲ្យធ្វើទាំងស្លន់ស្លោរដូច្នេះទេ អញ្ចឹងរឿងនេះ មាន​តែ​ម្យ៉ាង​ទេ គឺ​កំហុស​រដ្ឋបាល របស់ស្ថាប័នតុលាការ ដែលបានផ្អិប ការអនុវត្តន៍នីតវិធីរបស់ខ្លួន មិនឲ្យ​ចប់​ចុង​ចប់​ដើម។

មនោរម្យ.អាំងហ្វូ៖ នៅថ្ងៃទី១៦ ខែវិច្ឆិកា លោក ស ខេង រដ្ឋមន្ត្រីមហាផ្ទៃ បានបបង្កើគណៈកម្មការ​ពិសេស​មួយ ដើម្បីចាប់ខ្លួនលោក សម រង្ស៊ី។ តើនេះបង្ហាញពីអ្វី?

ព្រហ្ម គិត៖ មានបរិបទច្រើន។ ខ្ញុំមិននិយាយពីបរិបទនយោបាយ ដែលដូចជាការបង្ហាញសាច់ដុំ ដាក់ក្រុមអ្នក​គាំទ្រលោក សម រង្ស៊ី នោះទេ។ តែរឿងនេះ វាបានបង្ហាញ ពីរបៀបចាត់ចែងដំណើរប្រព្រឹត្តិទៅ នៃ​«អំណាច​រដ្ឋ»​មួយ ដែលមិនស្គាល់ពីតួនាទី ពីភារកិច្ចរបស់ខ្លួន។ ខ្ញុំឃើញគណៈកម្មការពិសេសនេះ ត្រូវបានបង្កើត​ច្រើន​ណាស់។ ស្អីក៏ដោយ សុទ្ធតែពិសេស។ តើការចាប់ខ្លួន ជនល្មើសរាល់ដង ចាំបាច់ត្រូវបង្កើត គណៈកម្មការ​ពិសេស​ដែរឬទេ? ឬធ្វើនេះ អាជ្ញាធរគ្រប់គ្រង​ដោយលោក ហ៊ុន សែន មានល្បិចគម្រាម កុំឲ្យលោក សម រង្ស៊ី ចូល​​មក​​ក្នុងស្រុកវិញ? តែបើចង់ចាប់លោក សម រង្ស៊ី ដាក់ពន្ធនាគា មិនពិបាកទេ គឺធ្វើធម្មតា ទុក​ឲ្យ​មេ​បក្ស​ប្រឆាំង ចូល​មក​ដល់​ទឹកដី​កម្ពុជា​សិន ហើយអញ្ជើញលោក ឲ្យបង្ហាញខ្លួនទៅ វាចប់ហើយ៕