អ៊ុំ សេរីរ័ត្ន ​ប្រាប់​តិចនិក​​​​សង្គ្រោះ​បាល់​​ពិន័យ​១១​ម៉ែត្រ​ពី​ជើង​ក្រុម​ជប៉ុន​

អ៊ុំ សេរីរ័ត្ន ​ប្រាប់​តិចនិក​​​​សង្គ្រោះ​បាល់​​ពិន័យ​១១​ម៉ែត្រ​ពី​ជើង​ក្រុម​ជប៉ុន​

អ្នក​ចាំ​ទី​វ័យ​ក្មេង​ អ៊ុំ សេរីរ័ត្ន ​ដែល​បាន​សង្គ្រោះ​បាល់​ពិន័យ​១១​ម៉ែត្រ​ពី​ខាង​ជប៉ុន​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ហ៊ោកញ្ជ្រៀវ​ពេញ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​កាល​ពី​យប់​មិញ​នេះ ​បាន​ប្រាប់​តិចនិក​ដែល​ខ្លួន​ធ្វើ​បាន​ល្អ​ថា​មក​ពី​គេ​មើល​ឃើញ​ខ្យល់​បាល់​របស់​ក្រុម​ជប៉ុន ជាពិសេស​គឺ​ជើង​កីឡាករ​តែ​ម្ដង។

 
អ៊ុំ សេរីរ័ត្ន ​ប្រាប់​តិចនិក​​​​សង្គ្រោះ​បាល់​​ពិន័យ​១១​ម៉ែត្រ​ពី​ជើង​ក្រុម​ជប៉ុន​
 

ការ​ប្រកួត​ជម្រុះ​បាល់ទាត់​ពិភព​លោក​​ឆ្នាំ​២០១៨ ​នៅ​រុស្ស៊ី ជើង​ទី​២​ ជុំ​ទី​២ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​កាល​ពី​យប់​មិញ​នេះ ក្រុម​ម្ចាស់​ផ្ទះ​កម្ពុជា​ចាញ់​ក្រុម​ភ្ញៀវ​ជប៉ុន​ក្នុង​លទ្ធផល​២-០ ​ដោយ​គ្រាប់​បាល់​នេះ​កើត​ឡើង​ដោយ​ការ​ធ្វើ​ឱ្យ​ចូល​ទី​ខ្លួន​ឯង​របស់ ឃួន ឡាប៊ូរ៉ាវី ​និង​មួយ​គ្រាប់​ទៀត​ជា​ការ​តែត​របស់​Keisuke Honda ​នៅ​ចុង​ម៉ោង។ អ្វី​ដែល​គេ​កត់សម្គាល់​ក្នុង​ការ​ប្រកួត​គឺ​ខាង​ជប៉ុន​ដាក់​សម្ពាធ​លើ​កម្ពុជា​តាំង​ពី​ដើម ប៉ុន្តែ​មិន​អាច​ទម្លាយ​សំណាញ់​ទី​របស់​ អ៊ុំ សេរីរ័ត្ន ​បាន​ឡើយ បើ​ទោះ​ជា​ប្រឹង​អូស​ចូល​តំបន់​គ្រោះថ្នាក់ និង​ស៊ុត​ពី​ចម្ងាយ​ក៏​ដោយ។

 

ចំពោះ​ទម្រង់​លេង​ល្អ​អាច​ការពារ​សំណាញ់​ទី​បាន​ច្រើន​គ្រាប់​នេះ​ដែរ សេរីរ័ត្ន ​បាន​ប្រាប់​ហេតុផល​ខ្លួន​ធ្វើ​បាន​ល្អ​នេះ​ថា៖ “អ្នក​គាំទ្រ​ជា​ចំណែក​ដែល​បាន​ធ្វើ​ឱ្យ​ខ្លួន​មាន​ទឹក​ចិត្ត​លេង ហើយ​ការ​សង្គ្រោះ​បាល់​គឺ​ខ្ញុំ​តាមដាន​ជើង​កីឡាករ​ជប៉ុន​ខ្លាំង​មិន​ដាក់​ភ្នែក​នោះ​ទេ។ ការ​សង្គ្រោះ​បាល់​ពិន័យ​១១​ម៉ែត្រ​មួយ​គ្រាប់​នោះ ជា​ការ​សម្រេច​ចិត្ត​របស់​ខ្ញុំ​ក្នុង​ការ​ហក់​ចាប់។ ហើយ​ការ​សម្រេច​ចិត្ត​នោះ​គឺ​ខ្ញុំ​មើល​ទៅ​ចង្កេះ​របស់​កីឡាករ​ជប៉ុន”។

 

ឃើញ​អ្នក​គាំទ្រ​ទៅ​ចូល​រួម​មើល​ការ​ប្រកួត​ច្រើន ក៏​ដូចជា​សរសើរ​ទម្រង់​លេង​របស់​គេ សេរីរ័ត្ន គ្មាន​អ្វី​ក្រៅ​ពី​អរគុណ​ចំពោះ​វត្តមាន​ដ៏​ច្រើន​លើសលប់​នេះ​ទេ ហើយ​ក៏​រំពឹង​ថា​ទៅ​ថ្ងៃ​មុខ​ទៅ​អ្នក​គាំទ្រ​ទាំង​អស់​ក៏​នៅ​តែ​គាំទ្រ​ជា​និច្ច៕

 

 

អ៊ុំ សេរីរ័ត្ន ​ប្រាប់​តិចនិក​​​​សង្គ្រោះ​បាល់​​ពិន័យ​១១​ម៉ែត្រ​ពី​ជើង​ក្រុម​ជប៉ុន​

 

អត្ថបទ៖ មុន្នី រម្យ