លោក អេង ឆៃអ៊ាង៖ បើ សម រង្ស៊ី ចូលស្រុកតាមគម្រោង គេនឹងថ្កោលទោសថា អ្នកនយោបាយគិតតែ ប្រជាប្រិយភាពខ្លួនឯង

ភ្នំពេញ៖ លោក អេង ឆៃអ៊ាង មន្រ្តីជាន់ខ្ពស់និងជាតំណាងរាស្រ្ត គណបក្សសង្រ្គោះជាតិ បានលើកឡើងថា បើ លោក សម រង្ស៊ី ចូលស្រុក តាមការកំណត់ នៅយប់ថ្ងៃទី១៦ ខែវិច្ឆិកានោះ អំពើហិង្សានឹងកើតមានឡើង ហើយ លោក សម រង្ស៊ី នឹងត្រូវគេថ្កោលទោសថា ជាអ្នកនយោបាយដែលចង់បាន តែប្រជាប្រិយភាពខ្លួនឯង មិនគិតពី សុខទុក្ខប្រជារាស្រ្ត។

លោក អេង ឆៃអ៊ាង បានលើកឡើងថា ការវិលត្រឡប់របស់លោក សម រង្ស៊ី ទោះជាពន្យារពេល ឬចូលមកតាម គម្រោងក៏ដោយ សុទ្ធតែទទួលរងនៅការរិះគន់ ប៉ុន្តែបើលោកចូលតាមគម្រោងនោះ អំពើហិង្សារហូតដល់ស្លាប់ មនុស្ស និងការចាប់ខ្លួនអ្នកគាំទ្រដាក់ពន្ធនាគារ អាចនឹងកើតមានឡើង ។

លោក អេង ឆៃអ៊ាង បានសរសេរនៅលើបណ្តាញសង្គម Facebook នៅរសៀលនេះថា «សេចក្តីសំរេចរបស់ សម រង្ស៊ី ពន្យាពេលចូលស្រុក ឬ ចូលស្រុកតាមគំរោង គឺជៀសមិនផុតពីការនិន្ទារិះគន់ឡើយ។ សម រង្ស៊ី ពន្យាពេលមិន ចូលស្រុក មនុស្សមួយចំនួនបាននិន្ទារិះគន់ថា សម រង្ស៊ី ជាអ្នកនយោបាយកំសាក មិនហ៊ានជាប់គុក ក្លាហានក្នុង ស្នូក...។ តែបើ សម រង្ស៊ី ចូលស្រុកតាមកាសន្យានាយប់ថ្ងៃទី ១៦-១១-២០១៥ ហើយមានអំពើហិង្សាកើតឡើង ស្លាប់មនុស្ស និងមានការចាប់មនុស្សដាក់គុកច្រវ៉ាក់ ពេលនោះគេនឹងថ្កោលទោស សម រង្ស៊ី ថា ជាអ្នកនយោបាយ ចង់បានតែប្រជាប្រិយភាពខ្លួនឯង ចង់ឲ្យគេហៅ អ្នកក្លាហាន អត់គិតពីសុខទុក្ខរបស់ប្រជារាស្ត្រ ...»។

សូមជំរាបថា លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ បានសម្រេចពន្យារពេលត្រឡប់មកប្រទេសកម្ពុជា ខុសពីផែនការ បន្ទាប់ពីលោកធ្វើទស្សនកិច្ចនៅប្រទេសជប៉ុន កូរ៉េខាងត្បូង និងម៉ុងហ្គោលី ។ អំឡុងពេល ទស្សនកិច្ច លោកត្រូវតុលាការក្រុងភ្នំពេញចេញដិកាឱ្យចាប់ខ្លួនតាមសាលក្រម និងសាលដិកា របស់តុលាការ កាលពីឆ្នាំ២០១៣ ពាក់ព័ន្ធនឹងបទបរិហារកេរ្តិ៍ លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង ។ លោកត្រូវបាន សភាបញ្ជាក់ថា ត្រូវបាត់បង់ភាពជាសមាជិកសភា តំណាងរាស្រ្ត និងអភ័យឯកសិទ្ធិសភាផងដែរ៕

លោក អេង ឆៃអ៊ាង៖ បើ សម រង្ស៊ី ចូលស្រុកតាមគម្រោង គេនឹងថ្កោលទោសថា អ្នកនយោបាយគិតតែ ប្រជាប្រិយភាពខ្លួនឯង