ចូល​ច្រៀង​ខារ៉ាអូខេ មិត្តភក្តិ​ខ្ចី​ម៉ូតូ​ដឹក​សង្សារ​ទៅ​ផ្ទះសំណាក់ អត់​ដឹង​ផ្អើល​បាត់​ទាំង​យប់

រាជធានី​ភ្នំពេញ ៖ រវល់​តែ​ច្រៀង​ខារ៉ាអូខេ អត់​ដឹង​មិត្តភក្តិ​យក​ម៉ូតូ​ដឹក​ស្រី​ទៅ​ដេក​ផ្ទះសំណាក់ បែរជា​ផ្អើល​ឆោឡោ​ថា បាត់​ម៉ូតូ ដែល​​ហេតុការណ៍​នេះ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១១ និង​២៨​នាទី​យប់​ថ្ងៃ​ទី​១៨ វិ​ច្ឆ​កា ២០១៥ ស្ថិត​នៅ​ចំណុច​ខារ៉ាអូខេ ហ្គូ​ន​ដេ​ន ស៊ី​ធី​ធូ តាម​ផ្លូវ​លេខ​២៧១ ក្នុង​សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌ​ចំកា​មន ។

ម្ចាស់​ម៉ូតូ​ឈ្មោះ​ជា វ៉ា​ន់​ថន អាយុ​២៧​ឆ្នាំ ស្នាក់​នៅផ្ទះ​ជាប់​វត្ត​ពោធិញ្ញាណ ផ្លូវ​លេខ​៣៧១ សង្កាត់​បឹង​ទំពុន ខណ្ឌមានជ័យ ម៉ូតូ​ដែល​​ផ្អើល​ថា បាត់​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ សេរី​២០១៤ ពាក់​ស្លាក​លេខ​ភ្នំពេញ 1CH-3874 ។

ប្រភព​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ម្ចាស់​ម៉ូតូ​បាន​ដឹក​មិត្តភក្តិ​ម្នាក់​ចូល​ទៅ​ច្រៀង​នៅ​ខារ៉ាអូខេ​ខាងលើ រួម​ជាមួយ​និង​មិត្តភក្តិ​ផ្សេង​​៣ ទៅ​៤​នាក់​ទៀត ខណៈ​ពេល​កំពុង​ផឹកស៊ី អត់​ដឹង​ថា មិត្ត​ភ​ក្កិ​លួច​យក​កូនសោ​ម៉ូតូ​ដឹក​ស្រី​ស្នេហ៍​ម្នាក់​ដែល​ទើបនឹង​ទាក់ទង​បាន​នាំ​ទៅ​ផ្ទះសំណាក់​ទេ ។

លុះ​ពេល​ផឹកស៊ី​យូរ​ទៅ ម្ចាស់​ម៉ូតូ​ចេះ​តែ​ឆ្ងល់​ថា ហេតុ​អី​ក៏​បាត់​មិត្តភក្តិ​ដែល​ខ្លួន​ដឹក​មក​ជាមួយ​ទៅ​ណា​បាត់ ក៏​បាន​ទូរស័ព្ទ​ចូល​អត់​មាន​អ្នក​លើក ម្ចាស់​ម៉ូតូ​ក៏​បាន​ត្រឡប់​ទៅ​ផ្ទះ​វិញ ស្រាប់តែ​រក​ម៉ូតូ​អត់​ឃើញ​ផ្អើល​ថា ម៉ូតូ​ត្រូវ​មិត្តភក្តិ​លួច​យក​ទៅ​បាត់​ហើយ ។