ផ្ទុះ​អាវុធ​៦គ្រាប់​​បណ្តាល​ឱ្យ​មនុស្ស​រង​របួស​ម្នាក់​​នៅ​ផ្លូវ​រថភ្លើង​

​រាជ​ធានីភ្នំពេញ ៖ កាលពី​វេលា​ម៉ោង​៨និង​២០​នាទីយប់​ថ្ងៃ​ទី​១៨​ វិច្ឆិកា ២០១៥ នៅ​​ចំណុច​​ផ្លូវ​រ​ថ​ភ្លើង​ ​ស្ថិត​នៅ​ក្នុង​ភូមិ​២ សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ មាន​ករណី​ផ្ទុះអាវុធ​ចំនួន​​៦​គ្រាប់ ​បណ្តាល​ឱ្យ​​មនុស្ស​រងរ​បួស​ម្នាក់​ ។

​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជុំវិញ​កន្លែង​​កើត​​ហេតុ បាន​ឱ្យ​ដឹង​ថា មុន​ពេល​កើហេតុ​នៅ​វេលា​ម៉ោង​ខាង​​លើ​ មាន​ជន​ម្នាក់​ អាយុ​ជាង​៣០​ឆ្នាំ មាន​សៀត​អាយ​កូ​ម​នៅ​ចង្កេះ ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុង​ដា ធុន​សេ​១២៥ ព​ណ៌ក្រហម ​មក​ឈប់​កន្លែង​​កើត​​ហេតុ ​​ខណៈនោះ​​ក៏​មាន​ទំនាស់​ពា​ក្យ​សម្តី​​ជាមួយ​​ក្រុម​ក្មេង​ស្ទាវ​​មាន​គ្នា​៥​នាក់ ​ហើយ​​​ក្រុម​ក្មេង​ស្ទាវ​ទាំងនោះ​បាន​យក​ដាវ​កាប់​ជន​​​ដែល​ជិះ​ម៉ូតូ​នោះ​បណ្តាល​ឱ្យ​រ​ងរ​បួស ​​ហើយ​​ជន​នោះ​ក៏​បាន​ដក​កាំ​ភ្លើង​បាញ់​​តប​តវិញ​បណ្តាល​ឱ្យ​​ត្រូវ​ចំ​ជើង​ជន​​ក្រុម​ក្មេង​ស្ទាវ​ម្នាក់​ឈ្មោះ សាល ​​ហើយ​ក៏​​​នាំ​គ្នា​​រត់គេច​ខ្លួន​ទាំង​សងខាង​បាត់​​អស់​តែ​ម្តង​ ។

​ក្រោយ​កើតហេតុ ​​សមត្ថកិច្ច​ក៏​បាន​ទៅ​ដល់​​​នៅ​កន្លែង​កើតហេតុ​ ឃើញ​​បន្សល់​ទុក​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុង​ដា ធុន​​សេ​១២៥ ពណ៌ក្រហម ​ពាក់​ស្លាក​លេខភ្នំពេញ​ 1CS-4449 ​និង​គ្រាប់​៩មិល្លីម៉ែត្រ​​មិន​ទាន់​​​ផ្ទុះ​ចំនួន​​១​គ្រាប់ ​ដាវ​ចំនួន​៣​ដើម ​និង​​សម្បក​​គ្រាប់​ ​​​ត្រូវ​បាន​សមត្ថកិច្ច​យក​ទៅ​​រក្សា​ទុក​នៅ​​អធិការ​ដ្ឋាន​នគ​រ​បាល​​ខណ្ឌ​ ​៕