​មហាជន​រិះគន់ មេ​គយ​ស្រុក​ស្ទឹងហាវ ករណី​កម្ទេច​ក្បាល​រថយន្ត ចាស់ៗ​ចំនួន ៥២​ចោល​

ព្រះសីហនុ: មន្ត្រី​គយ​និង​រដ្ឋាករ​ខេត្ត​ព្រះសីហនុ សហការ​ជាមួយសមត្ថកិច្ច​ចម្រុះ ព្រមទាំង​តំណាង​ក្រុមហ៊ុន​ពាក់ព័ន្ធ បាន​ប្រើ​គ្រឿងចក្រកិនកម្ទេច​ក្បាល​រថយន្ត​ប្រើ​រួច (​កាប៊ីន​រថយន្ត​) ចំនួន​៥២ គ្រឿង នៅ​តំបន់​សេដ្ឋកិច្ច​ពិសេសកំពង់ផែ​ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ កាលពី​ព្រឹក​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៥ តាម​ការសម្រេច​របស់ អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ ក្រោយ​ឃាត់ទុក​ពី​ការ​នាំចូលរបស់​ក្រុមហ៊ុន​មួយចំនួន តាំងពី​ខែកុម្ភ​: ឆ្នាំ​២០១៥ កន្លងទៅ​។​

​សាខាគយ និង​រដ្ឋាករ​ខេត្ត​ព្រះសីហនុ បានប្រកាសថា ដើម្បី​រក្សា​សុ​វត្ថិភាព​របស់ អ្នកធ្វើ​ចរាចរ​តាម​ដងផ្លូវ ក៏ដូចជា​ធ្វើ​ឲ្យ​ខូចខាត ដល់​ហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ជាពិសេស​ប៉ះពាល់​ដល់​យុទ្ធសាស្ត្រកៀរគរ​ចំណូល​របស់​ក្រសួង​ហិរញ្ញវត្ថុ សាខាគយ និង​រដ្ឋាករ​ខេត្ត​ព្រះសីហនុ ក៏ដូចជា​បណ្តា​អង្គភាព​គយ​ទាំងអស់ បាន​ខិតខំ​ទប់ស្កាត់ មិន​ឲ្យ​នាំចូល​ទំនិញ​ប្រភេទ​នេះ ដែលជា​កម្មវត្ថុ នៃ​ការយកមក​ដំឡើង​ក្នុងស្រុក របស់​ឈ្មួញ​ខិលខូច​មួយចំនួន ដើម្បី​ប្រាក់ចំណេញ គេចវេះពី​កាតព្វកិច្ចនៃ​ការបង់​ពន្ធអាករ លើ​យានយន្ត​តែប៉ុណ្ណោះ​។​

​ប្រភពពី​មន្ត្រី​មួយរូប សូម​មិន​បញ្ចេញ​ឈ្មោះ បាន​ខ្សឹបប្រាប់​អ្នកសារព័ត៌មាន​ក្នុងស្រុក ឲ្យ​ដឹងថា បើទោះបី​ជាមាការ​កម្ទេចចោលក្បាល​រថយន្ត (​កាប៊ីន​រថយន្ត​) ខាងលើនេះ​ក្តី គេ​សង្កេតឃើញថា ក្នុង​៥២​ក្បាល គេ​កម្ទេចចោល​ប្រមាណ​ជា ២០ ក្បាល​រថយន្ត​ប៉ុណ្ណោះ ដែល​គេ​សង្ស័យថាមួយចំនួន​ត្រូវបាន​គេ​ឃុបឃិត​គ្នាជាមួយ​ក្រុមហ៊ុន យកចេញ​មិន​ឲ្យ​ថ្នាក់លើ​របស់គេ​ដឹង រូបភាព​ត្រីងៀត​ឆ្លៀត​ពង​នេះ ត្រូវបាន​មហាជន​ក្នុង​តំបន់​នោះ ក៏ដូចជា​មហាជនក្នុង​ខេត្ត​ព្រះសីហនុ ដឹង​យ៉ាង​ច្បាស់ក្រឡែត​ផងដែរ​។​

​លើសពីនេះទៅទៀត គេ​មានការ​សង្ស័យថា មាន​ទំនិញ​មួយចំនួន ដែល​ឆ្លងកាត់​កំពង់ផែ​មួយ​នេះ មានការ​បង់ពន្ធ​មិន​គ្រប់​ចំនួន ដែល​ធ្វើ​ឲ្យ​បាត់បង់​ថវិកា​ជាតិ យ៉ាងច្រើន​សន្ធឹកសន្ធាប់ ដែល​ទង្វើ​បែបនេះគេ​សង្ស័យថា មានការ​ពាក់ព័ន្ធ ឃុបឃិត​គ្នា ពុករលួយ​ស៊ីសង្វាក់​គ្នាជា​លក្ខណ​:​ប្រព័ន្ធ​ទៀតផង​។ ដូច្នេះ​សូម​ឲ្យ​លោក គន់ ញឹម អគ្គនាយក​ទីចាត់ការគយ និង​រដ្ឋាករ ចុះ​ពិនិត្យមើល​ភាពមិនប្រក្រតី លោក លាង  អ៊ួ​ក ប្រធាន​ទីស្នាក់ការ​គយ និង​រដ្ឋាករ​ច្រកទ្វារ​កំពង់ផែ​អន្តរជាតិ ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ​ផង​។​

​ទាក់ទិន​ជុំវិញ​បញ្ហា​ខាងលើនេះ លោក លាង អ៊ួ​ក ប្រធាន​ទីស្នាក់ការ​គយ ច្រកទ្វារ​ផែ​អន្តរជាតិ ស្រុក​ស្ទឹងហាវ ទូរស័ព្ទ​ទៅ​លោក​រក​ការបំភ្លឺ​ជុំ វិញ​បញ្ហា​ខាងលើនេះ ដោយ​លោក​ពុំ​លើក​ឡើយ​។ ដោយឡែក លោក យឹ​ក យូ ប្រធាន​សាខាគយ ខត្ត​ព្រះសីហនុ ក៏​ពុំ​អា​ចរក​ការបំភ្លឺ​បាន​នោះដែរ​។​

​សូមបញ្ជាក់ថា ក្រុមហ៊ុន​ដែល​បាន​នាំចូលក្បាល​រថយន្ត​ចាស់ៗ មាន​ចំនួន​៤​ក្រុមហ៊ុន មាន​ក្រុមហ៊ុន F.G.I (cambodia) Co ltd,  ក្រុមហ៊ុន Global  organic  plantation Co,ltd,  ក្រុមហ៊ុន  lyTreasure និង​ក្រុមហ៊ុន Cheav Pheng  Development ហើយ​ក្បាល​រថយន្ត​ទាំងនោះ កម្ទេចចោល​ក្រោមរូបភាពមិន​ប្រក្រតី​នោះឡើយ​៕V/S