Selena Gomez និង Justin Bieber នឹង​សម្ដែង​នៅ​លើ​ឆាក​តែ​មួយ

Selena Gomez និង Justin Bieber នឹង​សម្ដែង​នៅ​លើ​ឆាក​តែ​មួយ

ថ្មី​ៗ​នេះ Justin Bieber ទើប​តែ​ប្រកាស​ថា​ខ្លួន​នឹង​សម្ដែង​បិទ​ឆាក​ក្នុង​កម្មវិធី​ប្រគល់​រង្វាន់ American Music Awards ហើយ​អ្វី​ដែល​ចៃដន្យ​នោះ​គឺ​អតីត​មិត្តស្រី Selena Gomez ក៏​នឹង​មាន​វត្តមាន​សម្ដែង​ក្នុង​កម្មវិធី​នោះ​ដែរ។

 

Selena Gomez និង Justin Bieber នឹង​សម្ដែង​នៅ​លើ​ឆាក​តែ​មួយ
 

អ្នក​គាំទ្រ​របស់​តារា​ចម្រៀង​កាណាដា Justin Bieber និង​អ្នក​ចម្រៀង​អាមេរិក Selena Gomez ប្រាកដ​ជា​កំពុង​រីករាយ​ណាស់​ដោយ​សារ​​តារា​វ័យ​ក្មេង​ទាំង​ពីរ​បាន​បញ្ជាក់​ថា​ពួក​គេ​នឹង​ចូល​រួម​សម្ដែង​ក្នុង​កម្មវិធី​ប្រគល់​រង្វាន់​តន្ត្រី​អាមេរិក​​ប្រចាំ​ឆ្នាំ American Music Awards ២០១៥។ ខុស​ពី​អ្នក​គាំទ្រ​របស់​ខ្លួន​ដែល​ចង់​ឃើញ​អ្នក​ទាំង​ពីរ​បង្ហាញ​មុខ​រួម​គ្នា Justin និង Selena អាច​នឹង​​មិន​ចង់​ជួប​គ្នា​ក៏​ថា​បាន​បន្ទាប់​ពី​អ្វី​ដែល​ពួក​គេ​បាន​និយាយ​​ពី​គ្នា​នៅ​លើ​បណ្ដាញ​ព័ត៌មាន​នៅ​ពេល​ថ្មី​ៗ​នេះ។

 

ជាក់ស្ដែង ម្ចាស់​បទ “Sorry” បាន​ទទួល​ស្គាល់​ថា​នៅ​ក្នុង​អាល់ប៊ុម “Purpose” ដែល​ទើប​នឹង​ចេញ​នោះ គឺ​មាន​បី​បទ​ដែល​តារា​ចម្រៀង​រូប​នេះ​បាន​តែង​ឡើង​ដើម្បី​អតីត​មិត្ត​ស្រី​របស់​ខ្លួន។ រីឯ​ភាគី​ខាង​ស្រី​វិញ​ក៏​មិន​ចាញ់​គ្នា​ប៉ុន្មាន​ដែរ​ដោយ Selena បាន​និយាយ​ពី​រឿង​ស្នេហា​រវាង​ខ្លួន​និង Justin ជា​ច្រើន​ដង​នៅ​លើ​ទស្សនាវដ្ដី​ថា​នាង​នៅ​តែ​មាន​ចិត្ត​ស្រលាញ់​តារា​ចម្រៀង​អាយុ​២១​ឆ្នាំ​រូប​នេះ។

 

គេ​នៅ​ចាំ​បាន​ថា​នៅ​ក្នុង​កម្មវិធី Video Music Awards ដែល​ត្រូវ​បាន​ប្រារព្ធ​នៅ​ពេល​កន្លង​មក និង​​មាន​វត្តមាន​របស់​អ្នក​ទាំង​ពីរ​ចូល​រួម​ នៅ​ពេល Bieber ឡើង​ឆាក​សម្ដែង​បទ “What Do You Mean?” ស្រាប់​តែ​បាត់​មុខ Selena Gomez ឲ្យ​ឈឹង​ដោយ​មិន​ដឹង​មូលហេតុ​ច្បាស់​លាស់។ ហាក់​បី​ដូច​តួ​រឿង “Spring Breakers” មិន​ទាន់​ត្រៀម​ចិត្ត​រួច​ជា​ស្រេច​ដើម្បី​ជួប​អតីត​មិត្ត​ប្រុស​ក្នុង​កម្មវិធី​តែ​មួយ​នោះ​ទេ។​

 

ជាមួយ​គ្នា​នេះ​ដែរ​កម្មវិធី​ប្រគល់​រង្វាន់ AMAs ឆ្នាំ ២០១៥ នឹង​ត្រូវ​បាន​ប្រព្រឹត្ត​ឡើង​នៅ​ថ្ងៃ​ទី ២២ ខែ​វិច្ឆិកា​ខាង​មុខ​នេះ៕

 

ចុចអាន៖Selena Gomez ប្រកាស​លក់​ភូមិគ្រឹះ៤,៥លាន​ដុល្លារ​​​ ព្រោះ​មាន​​អ្នក​លុកលុយ​ចូល​​ច្រើន​ពេក

 

ប្រែសម្រួល៖ សុវណ្ណផៃ
ប្រភព៖hollywoodlife