ក្លិប​២​នៅ​ Premier League​​ ចង់​ទិញ​យក​​​ Honda ពី​ AC Milan​ ​​ខែ​មករា

ក្លិប​២​នៅ​ Premier League​​ ចង់​ទិញ​យក​​​ Honda ពី​ AC Milan​ ​​ខែ​មករា

​​Keisuke Honda ​កីឡាករ​ playmaker ​របស់​ក្រុម​ AC Milan ​បាន​បង្ហើប​ប្រាប់​ពី​ការ​ខក​ចិត្ត​ជាមួយ​ក្រុម​យក្ស​អ៊ីតាលី ​​ហើយ​កីឡាករ​ជម្រើស​ជាតិ​ជប៉ុន​រូប​នេះ អាច​​នឹង​ចាក​ចេញ​នៅ​ខែ​មករា​ខាង​មុខ​នេះ ខណៈ​ដែល​ក្លិប​២​នៅ​ Premier League កំពុង​តែ​ចាប់​អារម្មណ៍​ខ្លាំង។ នេះ​បើ​តាម​សារព័ត៌មាន​ Daily Express។

 

ក្លិប​២​នៅ​ Premier League​​ ចង់​ទិញ​យក​​​ Honda ពី​ AC Milan​ ​​ខែ​មករា

 

​​Honda ជាប់​ជម្រើស​ដំបូង​របស់​ក្រុម​លោក​ Sinisa Mihajlovic ​តែ​៣​ដង​ប៉ុណ្ណោះ​នៅ​ក្របខ័ណ្ឌ​កំពូល​អ៊ីតាលី Serie A ​រដូវ​កាល​នេះ។ ​​ខ្សែ​ប្រយុទ្ធ​វ័យ​២៩​ឆ្នាំ បាន​និយាយ​ថា៖ “ស្ថានភាព​ពេល​នេះ មិន​ងាយ​ស្រួល​ឡើយ។ អង្គុយ​នៅ​កៅអី​បម្រុង​ជា​ច្រើន​ប្រកួត​ ជា​អ្វី​ដែល​មិន​ដែល​កើត​ឡើង​សម្រាប់​ខ្ញុំ​ពី​មុន។ ខ្ញុំ​ចាប់​ផ្ដើម​យល់​ពី​អារម្មណ៍​អ្នក​នៅ​ក្រៅ​ទីលាន​ហើយ។ តំណែង​របស់​ខ្ញុំ នៅ​ក្រុម​ជម្រើស​ជាតិ​ក៏​មាន​ភាព​ខុស​ប្លែក​​ផង​ដែរ”។

 

Tottenham Hotspur ​​គឺជា​ក្រុម​ដែល​ចាប់​អារម្មណ៍​​ខ្សែ​បម្រើ​ប្រយុទ្ធ​រូប​នេះ​ជា​ច្រើន​លើក​ច្រើន​សារ​មក​ហើយ ខណៈ​ដែល​ Everton ក៏​កំពុង​តែ​តាម​ដាន​ស្ថានការណ៍​ តារា​ឆ្នើម​ក្រុម​សាម៉ូរ៉ៃ​ខៀវ​ជប៉ុន​រូប​នេះ​ដូច​គ្នា។ ​

 

​ក្រុម​មាន់​ខ្នាយ​មាស​ Spurs ងាក​មក​ចាប់​អារម្មណ៍​កីឡាករ​អាស៊ី​ Honda ​នេះ​ទៀត​​ គឺ​បន្ទាប់​ពី​ពួកគេ​ទិញ​បាន​កីឡាករ​កូរ៉េខាងត្បូង Son Heung-Min ​ពី​ Bayer Leverkusen ​កាល​ដើម​រដូវ​កាល​នេះ ហើយ​​ពិត​ជា​​មាន​ទម្រង់​លេង​យ៉ាង​ល្អ។ ​រីឯ​ក្រុម​ Everton របស់​លោក​ Roberto Martinez ​ក៏​កំពុង​តែ​​ចង់​បាន​កីឡាករ​ដែល​ពូកែ​បង្កើត​ឱកាស​​បន្ថែម​ទៀត។

 

Honda ​ដែល​ធ្លាប់​លេង​ឲ្យ​ក្រុម​រុស្សី CSKA Moscow ​៤​រដូវ​កាល​ មុន​ផ្ទេរ​ទៅ​ AC Milan រូប​នេះ ស៊ុត​ឲ្យ​ជម្រើស​ជាតិ​ជប៉ុន​បាន​៣៤​គ្រាប់ ក្នុង​ការ​បង្ហាញ​ខ្លួន​៧៩​ប្រកួត រួម​ទាំង​គ្រាប់​បាល់​ចុង​ក្រោយ ដែល​តែត​ចូល​ក្រុម​ជម្រើស​ជាតិ​កម្ពុជា កាល​ពី​យប់​ថ្ងៃ​អង្គារ​ផង​ដែរ៕

 

-ចុចអាន៖ Moyes ធ្លាប់​ចង់​បាន​អ្នក​ចាំ​ទី​សិង្ហបុរី កាល​នៅ​ដឹកនាំ Sociedad

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
​ប្រភព៖ 90min | footballchannel.asia​