ក្រុមជម្រើសជាតិកម្ពុជា ហោះទៅចិន ទាំងមិនសូវមានកីឡាករសំខាន់ៗ

ក្រោយ​ពី​បាន​ចាញ់​ក្រុម​ជម្រើស​ជាតិ​ជប៉ុន ២-០ ក្នុង​ការ​ប្រកួត​ជម្រុះ​ជុំ​ទី​២ពាន 2018 FIFA World Cup Russia ប្រចាំ​ទ្វីប​អាស៊ី នៅ​លើ​ទឹក​ដី​ខ្លួន​ឯង ​កាល​ពី​យប់​ថ្ងៃ​អង្គារ ក្រុម​ជម្រើស​ជាតិ​កម្ពុជា បាន​បន្ត​ដំណើរ​ដោយ​យន្ត​ហោះ​បោះ​ពួយ​ទៅ​កាន់​ប្រទេស​ចិន​ កាល​ពី​ថ្ងៃ​ពុធ ម្សិលមិញ ដើម្បី​ចូល​រួម​ការ​ប្រកួត 2015 Yunnan, Asean International Football Open Tournament ​​នោះ​ទី​នោះ។

យ៉ាង​ណាក៏​ដោយ កីឡាករ​សំខាន់ របស់​ក្លិប​បឹង​កេត​អង្គរ ភ្នំពេញ​ក្រោន និង​ណាហ្គាវើល គ្មាន​ឈ្មោះ​នៅ​ក្នុង​បញ្ជី​ឈ្មោះ​កីឡាករទាំង​២០​នាក់ រួម​ទាំង​ថ្នាក់​ដឹក​នាំ គ្រូ​បង្វឹក និង​​គ្រូ​ពេទ្យ ដែល​បាន​​ចេញ​ទៅ​ប្រកួត​2015 Yunnan, Asean International Football Open Tournament ដែល​នឹងឡើង​ចាប់​ពី​​ថ្ងៃ​ទី​២០ ដល់​ថ្ងៃ​​ទី​៣០ ខែ វិច្ឆិកា ក្នុង​ទីក្រុង Mang Shi City នា​​​ខេត្តយូណាន់​ នោះ​ឡើយ។
1
ប៉ុន្តែបើ​តាម​​​លោក ឆាំង ពិសិដ្ឋ អ្នក​ចាត់​ការ​ទូ​ទៅ​​ក្រុម​ជម្រើស​ជាតិ​កម្ពុជា បាន​ប្រាប់​​ពី​ថ្ងៃ​ពុធ ម្សិល​មិញ​ថា៖​«សមាជិក​របស់​ក្លិបភ្នំពេញ​ក្រោន បឹង​កេតអង្គរ និង​ណាហ្គាវើល ត្រូវ​បាន​ដក​ចេញ​ពី​បញ្ជី​ឈ្មោះ​នេះ​ជា​បណ្តោះ​អាសន្ន​សិន ព្រោះ​អ្នក​ទាំង​នេះ​ត្រូវ​ចូល​រួម​ជួយ​ក្លិបរបស់​ពួក​គេ ដែល​ត្រូវ​ប្រកួត​វគ្គ​​ផ្តាច់​ព្រ័ត្រនៃ​ក្រប​ខ័ណ្ឌ​មិត្ត​ហ្វូនខេម​បូឌាន​លីក ប្រចាំ​ឆ្នាំ​២០១៥ នា​ពេល​ខាង​មុខ​នេះ»។

ចំពោះកីឡាករ​ទាំង​២០​នាក់ ដែល​បាន​ធ្វើ​ដំណើរ​ទៅ​ចិន​ កាល​ពី​ម្សិល​មិញ​នោះ រួម​មានកីឡាករ​ ឈិន ឈឿន, ច្រឹង ពលរដ្ឋ, ហួយ ផល្លីន, កែ វណ្ណៈ, ខែក ខេមរិន្ទ, ផាន់នី អ៊ីរដ្ឋា, នេន សុធារ័ត្ន, នួន បុរី, ណុប តុលា, ប្រាក់ មុន្នីឧត្តម, ពុំ ដារាំង, រឿម ចាន់រឿន, សំអឿន ពិដោរ, សាន់ ធីដេត, សឿយ វិសាល, ស៊ុន វ៉ាន់ដេត, ទិត្យ ឌីណា, ទូច រ៉ូម៉ា, អ្នក​ចាំ​ទី ប្រាក់ មុន្នីភារុណ និង​អ៊ុំ សេរីរ័ត្ន ក្រោម​​ការ​ដឹក​នាំ​របស់​លោក ឆាំង ពិសិដ្ឋ គ្រូ​បង្គោលលោក Lee Tae Hoon គ្រូ​ជំនួយ​លោក អ៊ុង កនយ៉ានិត លោក អ៊ុំ សាវង្ស លោក ហោ សុខហេង គ្រូ​ចាំ​ទី​លោក អ៊ិន សុខា អ្នក​គ្រូ​ពេទ្យ​ ហៃ សក្ខរី និង ស្រៀង ប៊ុណា។
2
​​​បើ​តាម​​​លិខិត​ផ្លូវ​ការ​​របស់​ភាគី​ចិន​ ដែល​ជា​​​​ម្ចាស់​ផ្ទះ គឺ​ការ​ប្រកួត 2015 Yunnan, Asean International Football Open Tournament ចិន​បាន​អញ្ជើញ​ក្រុម​ជម្រើស​ជាតិកម្ពុជា មីយ៉ាន់ម៉ា ម៉ាឡេស៊ី ថៃ ឡាវ វៀតណាម និង​បង់ក្លាដេស ​ឲ្យ​ចូល​រួម​ប្រកួត​ជាមួយ​ក្រុម​បាល់​ទាត់​ខេត្ត​យូណាន់ ខណៈ​ការ​ចំណាយ​លើ​ការ​ស្នាក់​នៅ​ ហូប​ចុក និង​ការធ្វើ​ដំណើរ​ក្នុង​ស្រុក ជា​បន្ទុក​របស់​ចិន ចំណែក​សំបុត្រ​យន្ត​ហោះ​ទៅ​មក ជា​បន្ទុក​របស់​​ក្រុម​ចូល​រួម​នីមួយៗ។

លោក ឆាំង ពិសិដ្ឋ បាន​និយាយ​ថា៖​«ការ​ប្រកួត​នេះ​ធ្វើ​ឡើង​ក្នុង​គោល​បំណង​រឹតចំណង​មិត្ត​ភាព​រវាង​ប្រទេសនៅ​តំបន់​អាស៊ាន។ បើ​ទោះ​បី​ជា ​ក្មេងៗ​​មួយ​ចំនួន ដែល​​យើង​បាន​ដាក់​​ជំនួស​បងៗ​ដែល​ជាប់​លេង​ក្រប​ខ័ណ្ឌ​លីក ​មិនអាច​លេង​បាន​ល្អ​​ដូច​ក្រុម​ឈុត​ធំ​​សុទ្ធ​ប៉ុន្តែ​យើងនឹង​ព្យាយាម​​ប្រកួត​ឲ្យ​អស់​សមត្ថ​ភាព ព្រោះ​​នេះ​ជា​​ឱកាស​ដ៏​ល្អ​សម្រាប់ពួក​គេក្នុង​ការ​ដក​ស្រង​បទ​ពិសោធ​ជាមួយ​ក្រុម​ផ្សេងៗ​​ទៀត ដើម្បី​ពង្រឹង​សមត្ថ​ភាព​ឲ្យ​កាន់​តែ​បាន​ល្អ​ប្រសើរ»៕