ថៃ​ចាប់​ពលករ​ខ្មែរ​ស្ពាយ​ឈើ​គ្រញូង​15​នាក់

ខេត្ត​ស្រះ​កែវ-ប្រទេស​ថៃ ៖ ពលករ​ស៊ី​ឈ្នួល​លី​សែង និង​កាប់​ឈើ​គ្រញូង​លើ​ទឹកដី​ថៃ មួយ​ក្រុម ប្រមាណ​១៥​នាក់ ត្រូវ​សមត្ថកិច្ច​ចម្រុះ​ថៃ​ព័ទ្ធ​ចាប់​បាន ខណៈ​កំពុង​ស្ពាយ​ឈើ​គ្រញូង ចេញពី​ឧទ្យាន​អភិរក្ស​ប៉ា​ង​ស៊ី​ដា ក្នុងស្រុក​វ៉ា​ត់​ថា ណា​ណា​ក់​ខន ខេត្ត​ស្រះ​កែវ ប្រទេស​ថៃ កាលពី​វេលា​ម៉ោង​៨​ព្រឹក ថ្ងៃ​ទី​១៧ វិច្ឆិកា ។

តាម​ប្រភព​ព័ត៌មាន​បាន​ប្រាប់​ថា ក្នុង​ប្រតិបត្តិការ​បង្ក្រាប​ករណី​កាប់​ជញ្ជូន​ឈើ​គ្រញូង​នេះ សមត្ថកិច្ច​មក​ពី​អង្គភាព​ចម្រុះ មាន​ទាហាន​តម្រួត និង​ជំនាញ​អភិរក្ស​ព្រៃឈើ​ឧទ្យាន​ជាតិ ប៉ា​ង​ស៊ី​ដា សរុប​៤០​នាក់ បាន​ព័ទ្ធ​ចាប់​ពួក​គេ​។ ក្រោយ​ការ​ព័ទ្ធ​ចាប់​បាន​ពលករ​ទាំងអស់​ខាងលើ ក៏​បាន​ឈាន​ទៅ​ឡោម​ព័ទ្ធ និង​ឆែកឆេរ​ផ្ទះ​ជនសង្ស័យ​ជា​ជនជាតិ​ថៃ និង​ឃាត់ខ្លួន​បុរស​ជា​ម្ចាស់ផ្ទះ វ័យ​៤០​ឆ្នាំ​ម្នាក់ ទៀត​ផង ។

ការ​ឆែកឆេរ​ផ្ទះ​សង្ស័យ​នោះ សមត្ថកិច្ច​ថៃ​បាន​រក​ឃើញ​អាវុធ​ច្នៃ​វែង​-​ខ្លី មួយ​ចំនួន និង​រឹបអូស​ឈើ​គ្រញូង​ពី​ពលករ​ដែល​កំពុង​ស្ពាយ​លី​សែង ចេញពី​ព្រៃ បាន​៤៧​បន្ទះ​ទាំង​វែង​ទាំង​ខ្លី ។ ទោះជា​យ៉ាងណា ពលករ​ខ្មែរ​ទាំង​១៥​នាក់ មិន​ទាន់​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ ហើយ​មន្ត្រី​កម្ពុជា​នៅ​មាត់ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត (​ក្រុមការងារ​ទំនាក់ទំនង​ព្រំដែន​កម្ពុជា​-​ថៃ​) ប្រាប់​តាម​ទូរស័ព្ទ​ថា ពលករ​ខ្មែរ​ទាំងអស់​ខាងលើ កំពុង​ត្រូវ​បាន​សមត្ថកិច្ច​ថៃ​បញ្ជូន​ឡើង​តុលាការ នៅ​ខេត្ត​ស្រះ​កែវ ។

គេ​ពុំ​ដឹង​ថា ពលករ​ទាំងនេះ​អាច​នឹង​ប្រឈម​ទោសទណ្ឌ​តាម​ច្បាប់​របស់​តុលាការ​ថៃ យ៉ាងណា​នោះ​ទេ ព្រោះ​វត្ថុ​តាង​ត្រូវ​គេ​ចាប់​បាន​ជាក់ស្តែង ក្នុង​នោះ​ខ្លះ​មាន​ពាក់ព័ន្ធ​នឹង​ការ​កាន់​អាវុធ និង​វិទ្យុទាក់ទង​ទៀត​ផង ។ ប្រភព​បញ្ជាក់​ថា ក្នុង​ហេតុការណ៍​នេះ មាន​ពលករ​ខ្មែរ​ប្រមាណ​៣០​នាក់​ឯណោះ ដែល​ទៅ​ស៊ី​ឈ្នួល​កាប់​ឈើ​គ្រញូង​នៅ​ទីនោះ ។ ប៉ុន្តែ​ដោយសារ​ការ​បង្ក្រាប​របស់​សមត្ថកិច្ច​ថៃ ត្រូវ​អ្នកយាម​ផ្លូវ​ដឹង​មុន ក៏​បែកការ​រត់​រួច​បាន​១៥​នាក់ ។

គួរ​បញ្ជាក់​ថា មួយ​រយៈ​ចុង​ក្រោយ​នេះ ចំនួន​អ្នក​សុ​ី​ឈ្នួល​ឡើង​ភ្នំ ទៅ​កាប់​ឈើ​គ្រញូង​លើ​ទឹកដី​ថៃ ខ្លះ​រត់​មក​វិញ ខ្លះ​ត្រូវ​គេ​ចាប់​តាម​ដងផ្លូវ ដឹក​ត្រឡប់​មក​ដាក់​នៅ​ទីតាំង​ទទួល​ពលករ​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត ហាក់​មានការ​កើនឡើង ហើយ​ពលករ​ទាំងនោះ​តែង​អះអាង​ថា ខ្លួន​ចាញ់បោក​គេ ។ ប៉ុន្តែ​ក្នុង​ចំណោម​ពលករ ដែល​ទៅ​ទាំងនោះ ខ្លះ​ឃើញ​តែ​មុខ​ដដែល​ៗ ដែល​នេះ​បញ្ជាក់​ថា មិនមែន​ចាញ់បោក​គេ​ទេ គឺជា​ចេតនា​ទៅ​ទាំង​បំពាន ដោយសារ​ស្រេកឃ្លាន​ទឹកប្រាក់​ហួស​ហេតុតែ​ម្តង ។

តាម​ប្រភព​ពី​ខេត្ត​ស្រះ​កែវ បានឱ្យ​ដឹង​ថា ពេល​នេះ អាជ្ញាធរ​និង​មេ​ប៉ូលិស​ខេត្ត​ស្រះ​កែវ នៃ​ប្រទេស​ថៃ បាន​ដាក់​បទបញ្ជា​ដល់​ស្រុក​ជាប់​ព្រំដែន​ទាំង​៤ ត្រូវ​ត្រួតពិនិត្យ​ទប់ស្កាត់​ការ​ចំណាកស្រុក​ខុសច្បាប់​របស់​ពលករ​ខ្មែរ ពិសេស​អ្នក​ចូល​ទៅ​កាប់​និង​ជញ្ជូន​ឈើ​គ្រញូង​លើ​ទឹកដី​ថៃ ។ ជាមួយនឹង​ការ​ចាត់វិធានការ​របស់​សមត្ថកិច្ច​ថៃ សង្ឃឹមថា សមត្ថកិច្ច​ខាង​កម្ពុជា​ដែល​នៅ​តាម​បន្ទាត់​ព្រំដែន នឹង​មិន​បន្ត​ចង់បាន​ប្រាក់ ដោយ​សុខចិត្ត​បណ្តោយ​ឱ្យ​ពលរដ្ឋ​ខ្លួនឯង ហូរ​ចូល​ទៅ​កាប់​គ្រញូង​លើ​ទឹក​ថៃ ដោយ​ផ្សងគ្រោះថ្នាក់​ដល់​ជីវិត​របៀប​នេះ​ទៀត​ឡើយ ៕