កិនកម្ទេច​ក្បាល​រថយន្ត​ដែល​ឈ្មួញ​បន្លំ​នាំ​ចូល​ទុក​កាត់ត

ខេត្ត​ព្រះ​សីហ​នុ ៖ ក្បាល​រថយន្ត​ដែល​ប្រើប្រាស់​រួច (​កាប៊ី​ន​) ចំនួន​៥២ ​ដែល​បាន​ចាប់​ជា​បន្តបន្ទាប់​តាំងពី​ខែ​កុ​ម្ភះ ឆ្នាំ​២០១៥ កន្លង​មក តាម​លិខិត​ណែនាំ​របស់​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ ស្ដី​ពី​ការ​ផ្អាក​ការ​នាំ​ចូល​ជា​បណ្ដោះអាសន្ន​នូវ​ក្បាល​រថយន្ត (​កាប៊ី​ន​) ប្រើប្រាស់​រួចគ្រប់​ប្រភេទ ត្រូវ​បាន​កម្ទេច​ចោល​ជា​ផ្លូវការ​នៅ​ព្រឹក​ថ្ងៃ​ទី​១៨ វិច្ឆិកា ។ ការ​កម្ទេច​ចោល​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ នៅ​ក្នុង​បរិវេណ​កំពង់​ផែ​ស្ទឹង​ហាវ ដោយ​បញ្ជា​គ្រឿងចក្រ​ធុន​អេ​ស្កា​វ៉ា​ទ័​រ និង​រូ​ឡូ​ទម្ងន់​២០​តោន ទៅ​កិន​និង​សង្កត់​ឱ្យ​សំប៉ែត​ចូល​គ្នា​ក្លាយជា​ដែក​អេ​ត​ចាយ ។ ធ្វើ​បែប​នេះ​ជា​គំរូ​ល្អ​មួយ កុំឱ្យ​ឈ្មួញ​ទុច្ចរិត​យក​ទៅ​លួច​តម្លើង​ជា​រថយន្ត​គេចពន្ធ​បាន ។

លោក លាង អួ​ក ប្រធាន​ការិយាល័យ​គយ​និង​រដ្ឋាករ​ស្ទឹង​ហាវ​បាន​ថ្លែង​បញ្ជាក់​ថា ដោយ​មានការ​អនុញាត​ពី​លោក​បណ្ឌិត គុណ ញឹ​ម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា នៅ​ការិយាល័យ​គយ​និង​រដ្ឋាករ​ស្រុក​ស្ទឹង​ហាវ នៃ​សាខា​គយ​និង​រដ្ឋាករ​គយ​ខេត្ត ក៏​បាន​ធើ្វ​ពិធី​កម្ទេច​ក្បាល​រថយន្ត​ប្រើប្រាស់​រួច ដែល​បាន​ឃាត់​ទុក​ពេល​ឈ្មួញ​លួច​នាំ​ចូល​តាំងពី​ខែ​កុ​ម្ភះ ឆ្នាំ ២០១៥ រហូត​មក​ដល់​បច្ចុប្បន្ន​នេះ ចំនួន​៥២​កាប៊ី​ន ។

ក្នុង​ពិធី​នេះ​មានការ​ចូលរួម​ពី​មន្ត្រី​សាខា​គយ និង​រដ្ឋាករ​ខេត្ត​និង​ស្រុក​ស្ទឹង​ហាវ សមត្ថកិច្ច​ពាក់ព័ន្ធ មាន​នគរបាល​អន្តោប្រវេសន៍ មន្ត្រី​កាំកុងត្រូល តំណាង​ម្ចាស់​កំពង់​ផែ​អន្តរជាតិ​ស្ទឹង​ហាវ និង​តំណាង​ក្រុមហ៊ុន ដែល​មានការ​ពាក់ព័ន្ធ​ក្នុង​ការ​នាំ​ចូល​ក្បាល​រថយន្ត​ប្រភេទ​ប្រើប្រាស់​រួច​មាន ក្រុមហ៊ុន F.G.l (CAMBODIA) import export co.ltd, GLOBAL organic plantation co.ltd, Ly Treasure import export co.ltd ,Cheav Pheng Development.co.ltd សរុប​មាន​៤​ក្រុមហ៊ុន​ដែល​នាំ​ចូល និង​មាន​ក្បាល​រថយន្ត​ប្រើប្រាស់​រួច​ចំនួន​៥២​កាប៊ី​ន ។

លោក​ថ្លែង​ទៀត​ថា សាខា​គយ និង​រដ្ឋាករ​ខេត្ត​ព្រះ​សីហ​នុ ក៏​ដូច​ជា​បណ្ដា​អង្គភាព​គយ​ទាំងអស់ បាន​ខិតខំ​ទប់ស្កាត់​មិន​ឱ្យ​នាំ​ចូល​ទំនិញ​ប្រភេទ​នេះ​ដែល​ជា​កម្មវត្ថុ នៃ​ការយ​កមក​តម្លើង​ក្នុងស្រុក របស់​ឈ្មួញ​ខិលខូច​មួយ​ចំនួន ដែល​រក​ស៊ី​ទុច្ចរិត ដើម្បី​ប្រាក់​ចំណេញ គេចវេស​ពី​កាតព្វកិច្ច​នៃ​ការ​បង់ពន្ធ​អាករ លើ​យានយន្ត​តែ​ប៉ុណ្ណោះ ។ ករណី​ខ្លះ​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​សុខុមាលភាព និង​សុវត្ថិភាព​របស់​អ្នក​ប្រើប្រាស់​និង​តាម​ដងផ្លូវ ក៏​ដូច​ជា​ធ្វើ​ឱ្យ​ខូចខាត​ដល់​ហេដ្ឋារចនាសម្ព័ន្ធ​សាធារណៈ​ផង​ដែរ ។ ជា​ពិសេស​ប៉ះពាល់​ដល់​យុទ្ធសាស្ដ្រ​កៀងគរ​ចំណូល​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ។

សូម​បញ្ជាក់​ផង​ដែរ​ថា ការ​កម្ទេច​ចោល​នូវ​ក្បាល​រថយន្ត​(​កាប៊ី​ន​) ចំនួន​៥២​នេះ គឺជា​លើក​ទី​១​ហើយ សម្រាប់​សាខា​គយ​និង​រដ្ឋាករ​ខេត្ត​ព្រះ​សីហ​នុ បន្ទាប់​ពី​មាន​លិខិត​ណែនាំ​របស់​អគ្គនាយក​គយ និង​រដ្ឋាករ​ស្ដី​ពី​ការ​ផ្អាក​ការ​នាំ​ចូល​ជា​បណ្ដោះអាសន្ន​នូវ​ក្បាល​រថយន្ត ហើយ​វា​ជា​ការ​ព្រមាន​ដល់​ម្ចាស់​ក្រុមហ៊ុន​ទាំងអស់ ដែល​តែងតែ​លប​លួច​បន្លំ​នាំ​ចូល​ក្បាល​រថយន្ត​ដែល​ប្រើប្រាស់​រួច​មក​ក្នុង​ប្រទេស ។

គួរ​កត់​សម្គាល់ថា រថយន្ត​ធុន​តូច និង​រថយន្ត​ដឹក​ជញ្ជូន​ទំនិញ​ធុន​ធំ រថយន្ត​ដឹក​ដី ដែល​គ្មាន​ពន្ធ​កន្លង​មក សុទ្ធតែ​ជា​រថយន្ត​ដែល​គេ​កាត់ត ។ ពួក​ឈ្មួញ​បាន​បន្លំ​នាំ​ចូល​នូវ​ក្បាល​រថយន្ត កន្ទុយ ឬ​ដងខ្លួន​ដោយ​ដាក់​ក្នុង​កុងតឺន័រ​ដាច់​ដោយឡែក​ពី​គ្នា ។ ពួក​គេ​ដាក់​ថា សុំ​នាំ​ចូល​គ្រឿងបន្លាស់ ។ ពេល​បានការ​នាំ​ចូល​មក​គ្រប់គ្រាន់​ហើយ ក៏​តម្លើង​ជា​ថ្មី​ក្លាយជា​រថយន្ត ហើយ​លក់​ចេញ​បង្កើត​បញ្ហា​ឱ្យ​សង្គម​ជួប​ការ​លំបាក ។

ដោយ​ដេញ​ទាន់​ជាន់កែង​បែប​នេះ​ហើយ មាន​តែ​កម្ទេច​ចោល​តែ​ប៉ុណ្ណោះ កុំឱ្យ​កើត​មាន​បញ្ហា​ទៅ​ថ្ងៃក្រោយ​ទៀត ។ មន្ត្រី​គយ​មួយ​រូប​និយាយ​ថា ក្រុមហ៊ុន​មួយ​ឈ្មោះ​ថា Global ល្បីឈ្មោះ​ជាងគេ​ខាង​នាំ​ចូល​របៀប​នេះ ។ ក្រោយមក​នាំ​ចូល​ម៉ូតូ​ច្រើន​ណាស់ តាម​ច្រក​ចាំ​យាម ៕