វត្ត​សសរ​១០០​ញាំញី​ដោយ​រឿងអាស្រូវ​ចៅអធិការ ស្ត្រី​ម្នាក់​បីកូន​ទៅ​ប្តឹង​មន្ទីរ​ធម្មការ​ថា​ជា​កូន​លួចលាក់

វត្ត​សសរ​១០០​ញាំញី​ដោយ​រឿងអាស្រូវ​ចៅអធិការ ស្ត្រី​ម្នាក់​បីកូន​ទៅ​ប្តឹង​មន្ទីរ​ធម្មការ​ថា​ជា​កូន​លួចលាក់

ខេត្តក្រចេះ ៖ គណៈកម្មការ​វត្ត តា​អាចារ្យ និង​ពុទ្ធបរិស័ទ​នៅ​វត្ត​សសរ​១០០ ក្នុងស្រុក​សំបូរ បាន​ចាត់​ទុក​ការ​និមន្ត​ចាក​ចេញពី​វត្ត​របស់​ចៅអធិការ ថា​ជា​ការ​គេចវេះ​ពី​ការ​ចាប់​ផ្សឹក​របស់​មន្ទីរ​ធម្មការ​ខេត្ត ក្រោយ​ពី​ចៅអធិការ​វត្ត​អង្គ​នេះ​បាន​ប្រ​ពឹត្ត​ខុស​ពី​ធម៌​វិន័យ លួច​សេពសន្ថវៈ​ជាមួយ​នារី​ម្នាក់​រហូត​មានកូន​១ និង​ឈាន​ដល់​ការ​ប្តឹងប្តល់ ទើប​បែកធ្លាយ​នូវ​រឿងអាស្រូវ​នេះ ។

ចៅអធិការ​វត្ត​សសរ​១០០ នាម ម៉ៅ ច​ន្ថា ហៅ​ផល សុ​ផា ព្រះ​ជន្ម​ជាង​៣០​ឆ្នាំ និង​ជា​ព្រះ​អនុគណ​ស្រុក​ផង​ដែរ ត្រូវ​បាន​ពុទ្ធបរិស័ទ និង​គណៈកម្មការ អាចារ្យវត្ត និយាយ​ថា បាន​មក​គង់នៅ​ធ្វើ​ជា​ចៅអធិការ​វត្ត​សសរ​១០០​បាន​រយៈពេល​ជាង​ពីរ​ព្រះ​វស្សា និង​បាន​និមន្ត​ចាក​ចេញពី​វត្ត​ដោយ​មិនដឹង​ថា គេច​ទៅ​ណា​ឡើយ​ក្រោយ​ថ្ងៃ​ចេញ​ព្រះ​វស្សា​បាន​មួយ​ថ្ងៃ ។

គិត​មក​ទល់​នឹង​ថ្ងៃនេះ គឺ​មាន​រយៈពេល​ជិត​២០​ថ្ងៃ​មក​ហើយ ដែល​ចៅអធិការ​បាន​និមន្ត​ចាក​ចេញពី​វត្ត​ដោយ​មិនដឹង​ថា​ទៅ​ណា ហើយ​វត្ត​នេះ​ក៏​នៅ​មិន​ទាន់​ចាត់តាំង​ចៅអធិការ​វត្ត​ថ្មី​ជំនួស​នៅឡើយ​ដែរ ។ ការ​និមន្ត​ចេញ​របស់​ចៅអធិការ​នេះ ត្រូវ​បាន​អ្នកស្រុក​អះអាង​ថា ជា​ការ​គេចវេះ​ពី​ការ​ចាប់​ផ្សឹក​របស់​មន្ត្រី​សង្ឃ និង​មន្ទីរ​ធម្មការ​ខេត្ត ក្រោយ​ពី​ចៅអធិការ​អង្គ​នេះ បាន​ផ្ទុះ​នូវ​រឿងអាស្រូវ​រង​ការ​ចោទ​ពី​នារី​ម្នាក់​ថា សង្ឃ​អង្គ​នេះ​លួច​រួមរ័ក​ជាមួយ​នាង​រហូត​មានកូន​មួយ តែ​សង្ឃ​អង្គ​នេះ​មិន​ទទួលខុសត្រូវ​ដូច​តាម​ការ​ធ្លាប់​សន្យា​ជាមួយ​នាង​ថា មួយ​ខែ​នឹង​ជួយ​ផ្តល់​លុយ​១០០​ដុល្លារ និង​អង្ករ​១​បាវ​ឲ្យ​ទៅ​នាង ។

នៅ​ថ្ងៃ​ទី​១៨ ខែវិច្ឆិកា គណៈកម្មការ អាចារ្យវត្ត​សសរ​១០០ បាន​ឲ្យ​ដឹង​ថា ចៅអធិការ​នាម ម៉ៅ ច​ន្ថា ហៅ​ផល សុ​ផា ជា​អតីត​ចៅអធិការ​វត្ត​ស្រែ​ស្បូវ ក្នុង​ឃុំ​ក្បាលដំរី ស្រុក​សំបូរ និង​បាន​ប្រកាស​តែងតាំង​ជា​ព្រះ​អនុគណ​ស្រុក​សំបូរ និង​ជា​ចៅអធិការ​វត្ត​សសរ​១០០ មាន​រយៈពេល​ជាង​២​ព្រះ​វស្សា​ហើយ ។ ក្រោយ​ពី​បាន​មក​គង់នៅ​ក្នុង​វត្ត​នេះ​ជំនួស​អតីត​ចៅអធិការ​មុន​ដែល​បាន​លាចាក​សិក្ខាបទ  សង្ឃ​អង្គ​នេះ​មិន​ធ្លាប់​បាន​កសាង​សមិទ្ធផល​អ្វី​ក្នុង​វត្ត​ឲ្យ​បានជា​ដុំ​កំភួន​នៅឡើយ​ទេ ដែល​គ្រាន់តែ​ជួសជុល​ដំបូល​កុដិ​មាន​រយៈពេល​ជា​១​ឆ្នាំ​មក​ហើយ​នោះ ក៏​នៅ​មិន​ទាន់​រួចរាល់​ដែរ ដោយសារ​តែ​មិន​ឲ្យ​លុយ​ទៅ​ជាង​ក៏​ត្រូវ​ទុក​ចោល​កណ្តាល​ការ ។ ក្រុម​តា​អាចារ្យ​បាន​រិះគន់​ថា រាល់​ការ​ចាយវាយ​លុយកាក់​ជា​បច្ច័យ​វត្ត ក៏​មិន​ស្រប​តាម​តម្រូវការ​ច្បាស់លាស់​ដែរ ។

គណៈកម្មការ អាចារ្យវត្ត បាន​រៀបរាប់​ទៀត​ថា កន្លង​មក​ពួក​គាត់​តែង​បាន​ឃ្លាំ​មើលឃើញ​មាន​នារី​ម្នាក់​ឧស្សាហ៍​ចេញចូល​ក្នុង​កុដិ​ចៅអធិការ  តែ​ត្រូវ​ធ្លាប់​បាន​អះអាង​ប្រាប់​ថា ជា​ប្អូនស្រី ។

ចំណែក​នារី​ដែល​បាន​ចោទប្រកាន់​ថា ត្រូវ​ចៅអធិការ​លួច​សេពសន្ថវៈ​ជាមួយ​រហូត​មានកូន​១​នេះ មាន​ទីលំនៅ​ក្នុង​ឃុំ​ក្បាលដំរី ស្រុក​សំបូរ ក្បែរ​វត្ត​ស្រែ​ស្បូវ អតីត​វត្ត​ដែល​ភិក្ខុ​អង្គ​នេះ​ធ្លាប់​ធ្វើ​ជា​ចៅអធិការ​មុន​ផ្លាស់​មក​វត្ត​សសរ​១០០​។ ទំនាក់ទំនង​រវាង​ភិក្ខុ​នេះ​ជាមួយនឹង​នារី​រូប​នោះ គឺ​គេ​មិន​បានដឹង​ថា ចាប់ផ្តើម​តាំងពី​ពេល​ណា​មក​ទេ  តែ​បាន​បែកធ្លាយ បន្ទាប់​ពី​នារី​រូប​នេះ​បីកូន​ទៅ​កាន់​មន្ទីរ​ធម្មការ​ខេត្ត និង​ធ្វើ​លិខិត​ប្តឹង​ចៅអធិការ ថា​បាន​មានកូន​ជាមួយ​នាង តែ​មិន​ទទួលខុសត្រូវ ។

គណៈកម្មការ អាចារ្យវត្ត បាន​រៀបរាប់​ទៀត​ថា ក្រោយ​ពី​រឿងអាស្រូវ​នេះ​បាន​ផ្ទុះ​ឡើង ពុទ្ធបរិស័ទ​ចំណុះ​ជើងវត្ត បាន​ធ្វើ​លិខិត​ផ្តិត​មេដៃ​ទាមទារ​ឲ្យ​មន្ទីរ​ធម្មការ​ខេត្ត មាន​វិធានការ​លើ​ចៅអធិការ​អង្គ​នេះ ដើម្បី​កុំ​ឲ្យ​ខូច​មុខមាត់ និង​កេរ្តិ៍ឈ្មោះ​របស់​វត្ត ។

ដោយសារ​មាន​ភាព​ចម្រូងចម្រាស​បែប​នេះ មន្ទីរ​ធម្មការ​គ្រោង​នឹង​ធ្វើ​ពិធី​ផ្សឹក​ចៅអធិការ​វត្ត​អង្គ​នេះ តែ​ក្រោយ​ពី​គម្រោង​បាន​រៀបចំ ចៅអធិការ​ក៏​បាន​គេច​ចេញពី​វត្ត​មុន​ពិធី​ផ្សឹក​៤​ថ្ងៃ នៅ​សល់​តែ​កុដិ​ត្រូវ​ចាក់សោ​ជាប់​ពី​ខាងក្រៅ ។ 

ទោះបីជា​បែប​ណា មាន​ពុទ្ធបរិស័ទ​មួយ​ចំនួន​លើក​ឡើង​ថា ការ​ផ្ទុះ​រឿង​នេះ​ឡើងជា​ការ​រៀបចំ ក្រោយ​ពី​មានការ​បែកបាក់​ផ្ទៃក្នុង​រវាង​ចៅអធិការ​ជាមួយនឹង​គណៈកម្មការ​វត្ត និង​អាចារ្យវត្ត ផ្តើម​ចេញពី​រឿង​បច្ច័យ​ដែល​ចៅ​អធិការ​តែងតែ​សួរនាំ និង​ទាមទារ​ឲ្យ​រក្សា​ទុក​ឲ្យ​បាន​ត្រឹមត្រូវ ។

គួរ​បញ្ជាក់​ថា វត្ត​សសរ​១០០ ឬ​ព្រះ​វិហារ​ធំ​សសរ​១០០ នៅ​ស្រុក​សំបូរ ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​វិហារ​នៃ​ទី​អារាម​ព្រះពុទ្ធ​សាសនា​ដែល​បាន​បម្រើ​លើ​វិស័យ​ទេសចរណ៍​ប្រវត្តិសាស្ត្រ​នៅ​ខេត្តក្រចេះ និង​ក៏​ជាទី​សក្ការបូជា​យ៉ាង​ស័ក្តិសិទ្ធិ​របស់​ពុទ្ធសាសនិក​ជិត​ឆ្ងាយ​ទៀត​ផង ។ សព្វថ្ងៃ វត្ត​នេះ​មាន​ព្រះសង្ឃ​ចំនួន​១៧​អង្គ​គង់នៅ ហើយ​កន្លង​មក​ជា​ច្រើន​ឆ្នាំ​មាន​ចៅអធិការ​វត្ត​ជា​ច្រើន​អង្គ​មក​គង់​ស្នាក់​នៅ ហើយ​ក៏​មិន​ធ្លាប់​បារាជិក​ដូច​ភិក្ខុ​អង្គ​នេះ​ដែរ ។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​តា សោ ម៉ុ​ន អាយុ​៨០​ឆ្នាំ ជា​អាចារ្យវត្ត​សសរ​១០០ ។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ មន្ត្រី​មន្ទីរ​ធម្មការ​និង​សាសនា​ខេត្ត បាន​ឲ្យ​ដឹង​ថា បើ​ទោះបីជា មានការ​ស្នើ​សុំ​ពី​ពុទ្ធបរិស័ទ​ជាង​៣០០​នាក់ ឲ្យ​ព្រះសង្ឃ​អង្គ​នេះ​និមន្ត​មក​គង់នៅ​វត្ត​វិញ​យ៉ាងណា​ក្តី ក៏​មន្ទីរ​មិន​អនុញ្ញាត​ដែរ ព្រោះ​សង្ឃ​អង្គ​នេះ​បាន​ប្រព្រឹត្ត​ខុស​ពី​ធម៌​វិន័យ ៕