ក្តៅ​ដល់ អ​.​ស​.​ប លោក​បាន គី​មូ​ន អំពាវនាវ​ឱ្យ​គណបក្ស​ទាំង​២​ងាក​មក​រក​វប្បធម៌​សន្ទនា​ជា​ថ្មី

ក្តៅ​ដល់ អ​.​ស​.​ប លោក​បាន គី​មូ​ន អំពាវនាវ​ឱ្យ​គណបក្ស​ទាំង​២​ងាក​មក​រក​វប្បធម៌​សន្ទនា​ជា​ថ្មី

រាជធានី​ភ្នំពេញ ៖ ស្ថានភាព​នយោបាយ​នៅ​កម្ពុជា​ដែល​កំពុង​តែ​ឡើងក​ម្តៅ​រវាង​គណបក្ស​ជាប់​ឆ្នោត​ក្នុង​សភា គឺ​គណបក្ស ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ បាន​ក្តៅ​ដល់​អង្គការសហប្រជាជាតិ​។ ប្រទេស​កម្ពុជា ដែល​កាន់​របប​ប្រជា​ធិ​ប តេ​យ្យ​ក្នុង​ចំណោម​ប្រទេស ផ្សេង​ៗ​លើ​សាកលលោក​នោះ ត្រូវ​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​លោក​បាន គី​មូ​ន បង្ហាញ​ពី​កង្វល់ ។

យោង​តាម​គេហទំព័រ United Nations ដែល​ចេញផ្សាយ​សេចក្តីថ្លែងការណ៍​របស់​លោក​បាន គី​មូ​ន តាម​រយៈ​អ្នក​នាំ​​ពាក្យ​កាលពី​ថ្ងៃ​ទី​១៧ វិច្ឆិកា ឲ្យ​ដឹង​ថា លោក​បាន គី​មូ​ន បាន​សម្តែង​កង្វល់​ចំពោះ​ចំណាត់ការ​របស់​តុលាការ ចំពោះ​ការ​តាម​ចាប់​លោក​សម រ​ង្ស៊ី ប្រធាន​គណបក្សប្រឆាំង​នៅ​កម្ពុជា ។

នៅ​ក្នុង​សេចក្តីថ្លែងការណ៍​តាម​រយៈ​អ្នកនាំពាក្យ​ដដែល​បាន​ឲ្យ​ដឹង​ថា លោក​អគ្គលេខាធិការ​សម្តែង​ក្តី​ព្រួយបារម្ភ​ពី​ភាព​តានតឹង​ដែល​កើតឡើង​រវាង​គណបក្សកាន់អំណាច និង​គណបក្សប្រឆាំង​នៅ​កម្ពុជា និង​ដីកាចាប់ខ្លួន​មេដឹកនាំ​គណបក្សប្រឆាំង លោក​សម រ​ង្ស៊ី នៅ​ថ្ងៃ​ទី​១៣ វិច្ឆិកា ឆ្នាំ​២០១៥ កន្លង​មក ។ ជាមួយ​គ្នា​នោះ​ដែរ​លោក​អគ្គលេខាធិការ បាន​អំពាវនាវ និង​ជម្រុញ​ឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ​បន្ត​កិច្ច​សហប្រតិបត្តិការ និង​ការ​សន្ទនា​គ្នា និង​លើកទឹកចិត្ត​ដល់​អ្នកនយោបាយ​ទាំងអស់ ដើម្បី​បញ្ឈប់​អំពើ​ហិង្សា ការ​បំភិតបំភ័យ និង​ការ​យាយី​ផង​ដែរ ។

លោក​សុខ ឥ​សាន្ត អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​លើក​ឡើង​ថា​គណបក្ស  ប្រជាជន​កម្ពុជា​នៅ​តែ​ប្រកាន់​គោល​ជំហរ​ក្នុង​ការ​ចរចា​តាម​រយៈ​វប្បធម៌​សន្ទនា​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​ជា​រៀង​រហូត ប៉ុន្តែ​ចំពោះ​សំណុំរឿង​របស់​លោក​សម រ​ង្ស៊ី ដូច​ជា​ហួសពេល​បន្តិច​ហើយ ព្រោះ​តុលាការ​បាន​ចេញ​ដីកា​ដែល​គេ​ហៅ​ថា​លិខិត​គតិយុត្តិ​រួច​ហើយ  ។ ដូច្នេះ​វា​ស្ថិត​ក្នុង​អំណាចតុលាការ​មិន​អាច​លូកដៃ​បាន​ទេ ។

ចំពោះ​ការ​ប្រើ​វប្បធម៌​សន្ទនា ដើម្បី​បន្ថយកម្តៅ​នយោបាយ​នោះ​ត្រូវ​លោក​កឹ​ម សុខា​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លើក​ឡើង​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា លោក​ចង់ឱ្យ​មានការ​ចូល​តុ​ចរចា​រវាង​ថ្នាក់ដឹកនាំ​បក្ស​ទាំង​ពីរ ។

លោក​កឹ​ម សុខា ចង់ឱ្យ​ថ្នាក់ដឹកនាំ​កុំ​យក​អំពើ​ហិង្សា​មក​ដោះស្រាយ គឺ​ចង់ឱ្យ​មានការ ដោះស្រាយ​គ្នា​តាម​ការ​សន្ទនា ។ ប៉ុន្តែ​តាម​រយៈ​វប្បធម៌​សន្ទនា​នា​ពេល​កន្លង ត្រូវ​លោក​ថា​«​មិនមែន​ជា វប្បធម៌​សន្ទនា​ពិត​នោះ​ទេ រូបភាព​ច្រើន​យ៉ាងដូច​ជា​ការ​វាយ​អ្នកតំណាង​រាស្ត្រ  ការ​ដក​តួនាទី​អនុប្រធាន​ទី​១​រដ្ឋសភា និង​រូបភាព​ច្រើន​ទៀត​ដែល​មិនមែន​ជា​ដំណោះស្រាយ​នោះ​ទេ »​។

ទាក់ទិន​រឿង​នេះ​លោក​សុខ ឥ​សាន្ត បញ្ជាក់​ថា ជា​ការ​ហួសពេល​ទៅ​ហើយ​ព្រោះថា តុលាការ​បាន​ចេញ​ដីការ​ចាប់ខ្លួន​លោក​សម រ​ង្ស៊ី​រួច​ហើយ ដោយសារ​ថា ដីកា​គឺជា​លិខិត​គតិយុត្តិ​ក្នុង​អំណាចតុលាការ​។ ផ្ទុយ​ទៅ​វិញ​ប្រសិនបើ យើង​យក​វប្បធម៌​សន្ទនា​មក​ជ្រៀតជ្រែក​លូកដៃ​កិច្ចការ​ផ្ទៃក្នុង​របស់​តុលាការ​នោះ មាន​ន័យ​ថា តុលាការ​មិន​ឯករាជ្យ ដូច្នេះ​គួរតែ​លោក​សម រ​ង្ស៊ី​ប្រឈម​មុខ​ចំពោះ​ច្បាប់ ។

ទាក់​ទិ​ង​នឹង​វប្បធម៌​សន្ទនា​ដែល​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ​កសាង​ឡើង​នោះ​ត្រូវ​លោក​សុខ ឥ​សាន្ត អះអាង​ថា​មិន​អាច​បញ្ចប់​បាន​ទេ ទោះបីជា​គ្មាន​វត្តមាន​លោក​សម រ​ង្ស៊ី​ក្តី ប៉ុន្តែ​មាន​លោក​កឹ​ម សុខា  និង​លោក​ប៉ុ​ល ហំ​ម ដែរ​មិនមែន អត់​សម រ​ង្ស៊ី​និយាយ​មិន​បាន​នោះ​ទេ ។

ក្រុម​អ្នក​តាមដាន​ស្ថានការណ៍​នយោបាយ​នាំ​គ្នា​លើក​ឡើង​ថា គណបក្ស​ជាប់​ឆ្នោត​ទាំង​២​សុទ្ធតែ​មាន​អ្នកគាំទ្រ​រៀងខ្លួន គឺ​ស្ទើរតែ​មាន​ពាក់កណ្តាល ម្នាក់​ៗ​ទៅ​ហើយ ដូច្នេះ​ដើម្បី​ចៀសវាង​បញ្ហា​ណាមួយ​នោះ​គួរតែ​អ្នក​នយោបាយ ឬ​ថ្នាក់ដឹកនាំ​បក្ស​ទាំង​២​ដោះស្រាយ​គ្នា​ដោយ​ចូល​តុ​ចរចា​គ្នា​ដើម្បី​រក​ចំណុចរួម​មួយ​ដែល​ទាំង​២​ភាគី​ទទួលយក​បាន​ដូច​គ្នា ។

លោក​បាន គី​មូ​ន បាន​ទទូច​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ​វិល​ទៅ​រក​កិច្ច​សហប្រតិបត្តិការ និង​កិច្ច​សន្ទនា​និង​លើកទឹកចិត្ត​ដល់​អ្នកនយោបាយ​ដើម្បី​ទប់ស្កាត់​ពី​អំពើ​ហិង្សា ការ​គំរាមកំហែង និង​រំខាន​។ ការ​មិន​ជ្រែក​ជ្រែក​បរិយាកាស​នៃ​ការ​សន្ទនា​បែប​ប្រជាធិបតេយ្យ គឺ​វា​សំខាន់​ស្ថិរភាព​នយោបាយ​និង​សង្គម​ពោរពេញ​ដោយ​សន្តិភាព ។

ស្រប​ពេល​ជាមួយ​គ្នា​នេះ​ដែរ គណបក្ស​សង្គ្រោះ​ជាតិ បាន​កោះ​ប្រជុំ​តំណាងរាស្ត្រ​របស់​ខ្លួន​ទាំងអស់ នៅ​រសៀល​ថ្ងៃ​ទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៥ ដើម្បី​ពិភាក្សា​បញ្ហា​មួយ​ចំនួន ជា​ពិសេស​ផ្តោត​ទៅ​លើ​ការ​កំណត់​ថ្ងៃ​គ្រោង​វិល​ត្រឡប់​របស់​លោក​សម រ​ង្ស៊ី និង​លោក​កឹ​ម សុខា មក​ប្រទេស​កម្ពុជា​វិញ ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ។

កិច្ចប្រជុំ​កំណត់​ថ្ងៃ​ឲ្យ​លោក​សម រ​ង្ស៊ី ត្រឡប់​មក​កម្ពុជា​វិញ គឺ​បន្ទាប់​ពី​លោក​បាន​លុប​ចោលការ​វិល​ត្រឡប់​មក​កម្ពុជា​វិញ​កាលពី​ថ្ងៃ​ទី​១៦ វិច្ឆិកា ។

នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៥ លោក សម រ​ង្ស៊ី បាន​ថ្លែង​តាម​ហ្វេ​ស​ប៊ុ​កថា បញ្ហា ធំ​ៗ​ជា​ច្រើន​ដែល​បាន​កើតឡើង ទៅ​លើ​គណបក្ស​របស់​លោក​រយៈពេល​ចុង​ក្រោយ​នេះ គឺ​បង្ក​ឡើង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​នេះ​បញ្ជាក់​ថា កម្ពុជា​វិល​ទៅ​រក​ប្រព័ន្ធ​បក្ស​តែ​មួយ មុន​ថ្ងៃ​កិច្ចព្រមព្រៀង​ទី​ក្រុងប៉ារីស ២៣ តុលា  ១៩៩១ ។ បញ្ហា​ទាំង​អស់នេះ​គណបក្ស​ប្រជាជន​កម្ពុជា គឺជា​អ្នក​ធ្វើ​រដ្ឋប្រហារ​រដ្ឋ​ម្មនុញ្ញ ។

ចំណែក​មន្ត្រី​គណ​ប្រជាជន​កម្ពុជា បាន​ថ្លែង​ថា ការ​លើក​ឡើង​របស់​លោក​សម រ​ង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ នោះ​ជា​សិទ្ធិ​ដែល​ចង់​បញ្ចេញមតិ ប៉ុន្តែ​មិន​អាច​យក​ជា​ការ​បាន​ទេ ។ ដោយសារ​រដ្ឋធម្មនុញ្ញ​មាន​ក្រុមប្រឹក្សា​ជា​អ្នក​វាយតម្លៃ​យ៉ាង​ត្រឹមត្រូវ មិនមែន​ចេះ​តែ​លើក​ឡើង​គ្មាន​ហេតុផល​នោះ​ទេ ៕