ភ្លើង​ប្រចណ្ឌ​សន្ធោសន្ធៅ ប្តី​ឈាមខ្មៅ​ប្រល័យ​ជីវិតប្រពន្ធ​និង​កូនស្រី​អាយុ​២​ឆ្នាំ

ភ្លើង​ប្រចណ្ឌ​សន្ធោសន្ធៅ ប្តី​ឈាមខ្មៅ​ប្រល័យ​ជីវិតប្រពន្ធ​និង​កូនស្រី​អាយុ​២​ឆ្នាំ

ខេត្តកំពង់ធំ​ ៖ បុរស​ចិត្ត​អប្រិយ​ឈាមខ្មៅ​ម្នាក់ ដោយសារ​តែ​ភ្លើង​ប្រចណ្ឌ​ឆេះ​សន្ធោសន្ធៅ បាន​ផ្ទុះ​ជម្លោះ​ក្នុង​គ្រួសារ​រហូត​ឈាន​ដល់​ការ​សម្លាប់​ប្រពន្ធ និង​កូនស្រី​អាយុ​២​ឆ្នាំ​យ៉ាង​ឃោរឃៅ​បំផុត ។

លោក​វរសេនីយ៍ឯក កែ ខាន់​ណា​រ៉ា ស្នងការ​រង​នគរបាល​ខេត្ត និង​ជា​នាយការិយាល័យ​ព្រហ្មទណ្ឌ​ថ្លែង​ថា បើ​តាម​ការ​ចុះ​ស្រាវជ្រាវ​របស់​សមត្ថកិច្ច អំពើ​ដ៏​សាហាវឃោរឃៅ​ព្រៃផ្សៃ​ខាងលើ​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​យប់​ថ្ងៃ​ទី​១៥ វិច្ឆិកា នៅ​ក្នុង​ខ្ទម​ស្នាក់​នៅ​ចាំចម្ការ​បោចវល្លិ និង​ដង​ជ័រ ក្នុង​ព្រៃ​១​កន្លែង​ជាប់​ព្រំប្រទល់​ខេត្តស្ទឹងត្រែង និង​ខេត្តក្រចេះ ចម្ងាយ​ប្រហែល​៥០​គីឡូម៉ែត្រ​ពី​ឃុំ​មាន​រឹទ្ធិ ស្រុក​សណ្ដាន់ ក្នុង​តំបន់​អូរ​ទ្រព្យ​រទេះ ។ បុរស​ជា​ប្ដី​ឈ្មោះ គុន គី អាយុ​៤៨​ឆ្នាំ បាន​វាយដំ​ទាត់​ធាក់​ប្រពន្ធ​ឈ្មោះ ថោ​ង មិ​ុ​ច អាយុ​៣៥​ឆ្នាំ បណ្ដាល​ឱ្យ​រង​របួស​ជា​ទម្ងន់ និង​បាន​ចាប់​បោក​កូនស្រី​(​កូនចុង​) ឈ្មោះ ភាន មាលា អាយុ​២​ឆ្នាំ បណ្ដាល​ឱ្យ​ស្លាប់​រួច​យក​សព​ទៅ​កប់​ក្នុង​ព្រៃ ។

ចំណែក​ស្ដ្រី​ជា​ប្រពន្ធ​ដែល​រង​ការ​វាយដំ​ទាត់​ធាក់ ត្រូវ​បាន​ឆ្អើរភ្លើង​និង​ឱ្យ​ផឹកថ្នាំ​គ្រាំ​ប៉ុន្តែ​ដោយសារ​តែ​អាកា​រៈ​ធ្ងន់ធ្ងរ​ពេក​នៅ​ថ្ងៃ​ទី​១៧ វិច្ឆិកា ក៏​បាន​ស្លាប់​ដែរ ទើប​រឿងរ៉ាវ​នេះ​លេច​ធ្លាយ​ដឹង​ដល់​សមត្ថកិច្ច ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ ហើយ​ឃាត់ខ្លួន​ជនសង្ស័យ​នៅ​ល្ងាច​ថ្ងៃ​ដដែល​នោះ ។ ក្រុម​គ្រួសារ​នេះ មាន​ទីលំនៅ​ភូមិ​ជាំ​ស្វាយ ឃុំ​មាន​រឹ​ទិ្ធ ស្រុក​សណ្ដាន់ ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជន​ឈ្មោះ គុន គី​សារភាព​ថា ខ្លួន​ពិតជា​បាន​ប្រព្រឹត្ត​អំពើ​ឃាតកម្ម​នេះ​មែន ដោយសារ​ខឹង​ប្រពន្ធ​ចិត្ត​មិន​ស្មោះត្រង់​ជាមួយ​ខ្លួន ។ ជុំវិញ​ករណី​នេះ​ដែរ បើ​តាម​ព័ត៌មាន​ពី​អ្នក​រស់នៅ​ទីនោះ​ប្រាប់​ថា ប្ដី​ប្រពន្ធ​នេះ​ជា​មនុស្ស​ញៀន​ស្រា​ដូច​គ្នា ហើយ​ទើបតែ​បាន​គ្នា​មិនយូរ​ប៉ុន្មាន​ឡើយ ឯ​កូន​ស្រិ​ដែល​ស្លាប់​គឺជា​កូន​ប្ដី​មុន ។ ក្នុង​គ្រួសារ​នេះ​ពុំ​សូវ​មាន​សេចក្ដីសុខ​ទេ គឺ​ឧស្សាហ៍​មាន​ជម្លោះ​ញឹកញាប់​ណាស់ ព្រោះ​ដោយសារ​តែ​ទឹក​ប្ដូរ​និស្ស័យ ស្ដ្រី​ជា​ប្រពន្ធ​តែង​ដើរ​លែបខាយ​បញ្ឈឺចិត្ត​ប្ដី ទើប​បណ្ដាល​ឱ្យ​កើតរឿង​បែប​នេះ​តែ​ម្ដង ។

អ្វី​ដែល​ជា​ការ​កត់សម្គាល់​នោះ គឺ​បន្ទាប់​ពី​កើតហេតុ ម្ដាយ​ស្ដ្រី​រង​គ្រោះ​ក៏​មិន​បាន​ប្ដឹង​សមត្ថកិច្ច​ដែរ ទម្រាំ​តែ​ខាង​សមត្ថកិច្ច​ដឹង​ចាត់ការ​រឿង​នេះ និង​ឈាន​ទៅ​ដល់​ការ​គាស់​យក​សព​ក្មេង​ស្រី​មក​ធ្វើ​កោសល្យវិច័យ ខណៈ​សព​ធុំក្លិន​ស្អុយ​បន្តិច​ៗ​ទៅ​ហើយ ។

ជុំវិញ​ករណី​នេះ សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនជាប់ចោទ​ទៅ​កាន់​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​ផ្លូវច្បាប់ ៕