ឪពុក និង​កូន​ប្រុស​អាយុ​៤​ឆ្នាំ​ជិះ​ម៉ូតូ​បម្រុង​ឆ្លង​ថ្នល់​ត្រូវ​រថយន្ត​បាឡែន​បុក​ស្លាប់​ទាំង២

ខេត្តកំពង់ឆ្នាំង ៖ បុរស​ម្នាក់​បាន​ស្លាប់​នៅ​​នឹង​កន្លែង​កើតហេតុ ចំណែក​កូនប្រុស​អាយុ​៤​ឆ្នាំ បាន​ស្លាប់​នៅ​ក្នុង​មន្ទីរពេទ្យ​ខេត្ត ខណៈ​ពេលដឹកទៅ​សង្គ្រោះ បន្ទាប់​ពីជិះ​ម៉ូតូបម្រុង​​ឆ្លង​ថ្នល់​ជាតិ​​​​​ត្រូវ​រថយន្ត​បុក​។

ហេតុ​ការណ៍​នេះ​បាន​​កើតឡើងកាលពី​វេលា​ម៉ោង៤​ និង​១០​នាទី​រសៀល ថ្ងៃ​ទី​១៨ ​វិច្ឆិកា ​​២០១៥ នៅ​ចំណុច​ផ្លូវ​កោង កំណាត់​ផ្លូវជាតិ​លេខ​៥ ចន្លោះ​គីឡូម៉ែត្រ​លេខ​៩៦-៩៧  ស្ថិត​ក្នុងភូមិ​ស្មែ​ត្រ ឃុំ​ស្វាយ​ជ្រុំ ស្រុក​រលាប្អៀរ ​។

មន្ត្រី​នគរបាល​មូលដ្ឋាន​បាន​និយាយ​​ថា បុរស​រង​គ្រោះ​មានឈ្មោះ ប៊ុត សកល អាយុ៤៣​ឆ្នាំ និង​កូនប្រុស​រង​របួសធ្ងន់ ឈ្មោះ កាន សេង​ហុង អាយុ​៤​ឆ្នាំ រស់នៅ​ភូមិ-ឃុំ​កើតហេតុ​ខាងលើ​។

មុន​ពេល​កើតហេតុ បុរស​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​ម៉ាក​គុប​ជ្រុង សេ៩០ ​ពណ៌​ទឹកប៊ិច គ្មាន​ស្លាកលេខចេញពីផ្ទះ​ ដោយ​មាន​ដាក់​កូន​តូច​នៅ​ពីមុខ ហើយ​បាន​ជិះសសៀរខាងឆ្វេង​ដៃបំរុង​ឆ្លងថ្នល់​ទៅ​ខាងស្តាំក៏​ស្រាប់តែ​ត្រូវ​រថយន្ត​មួយ​គ្រឿងម៉ាក​កាម​រី​បា​ឡែ​ន ស៊េរី​ឆ្នាំ​២០០២ ពណ៌​ស្ករ ពាក់​ស្លាក​លេខ ភ្នំពេញ 2Q-6236 បើកបរ​ដោយ​ជន​ពុំ​ស្គាល់ឈ្មោះក្នុង​ដំណើរ​ពី​ភ្នំពេញ​ទៅ​បាត់ដំបង បើកបរ​ក្នុង​ល្បឿន​លឿនបុក​ចំ​ពី​មុខ​ម៉ូតូ​ជន​រង​គ្រោះ​យ៉ាង​ពេញទំហឹងបណ្តាលឱ្យ​ប៉ើង​ជន​រង​គ្រោះ​ទាំង​២​នាក់​ឪពុក​ និង​កូន បុក​ធ្លាយ​កញ្ចក់​ចូល​ក្នុង​រថយន្តស្លាប់​បុរស​ជា​ឪពុក​នៅ​នឹង​កន្លែង ចំណែក​កូនប្រុស​ត្រូវ​បាន​ដឹក​យក​ទៅ​សង្គ្រោះនៅ​មន្ទីរពេទ្យ តែ​ជា​អកុសល​បាន​ស្លាប់​ក្នុង​មន្ទីរពេទ្យ​ដោយសារ​តែ​រ​បួស​ធ្ងន់ធ្ងរ​ពេក ។

​ក្រោយ​ពេល​កើតហេតុ អ្នកបើកបរ​រថយន្ត​បាន​គេចខ្លួន​បាត់ រី​ឯម៉ូតូ​ និង​រថយន្ត​បង្ក​ត្រូវ​បាន​សមត្ថកិច្ចយក​មក​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរ​ណ៍​ផ្លូវគោក​ដើម្បី​រង់ចាំ​ការ​ដោះស្រាយ​តាម​និ​តិ​វិធី​ច្បាប់ ​៕​