ភ្នំពេញក្រោន និងក្លឹបអាជីពចិន ចុះ MOU ជាមួយគ្នា ២ឆ្នាំ

ភ្នំពេញ៖ ក្រុមបាល់ទាត់លីកកំពូលកម្ពុជា ភ្នំពេញក្រោន កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ម្សិលមិញនេះ បានចុះអនុស្សារណៈ យោគយល់គ្នា (MOU) ជាមួយក្លឹប Guangxi Long Guida FC របស់ចិន រយៈពេល២ឆ្នាំ ដើម្បីរឹតចំណងមិត្តភាព និងផ្លាស់ ប្ដូរនូវបទពិសោធន៍គ្នាទៅវិញទៅមក ។

ប្រភពព័ត៌មានពីក្លឹបភ្នំពេញក្រោន បានឲ្យដឹងថា ក្លឹប Guangxi Long Guida FC គឺក្រុមលំដាប់លីកទី២ របស់ចិន (Chinese League 2) ហើយក៏ជាក្រុមដ៏មានសក្ដានុពល និងមានធនធានច្រើនផងដែរ ។ សម្រាប់ការចុះ MOU រវាងក្លឹបភ្នំពេញក្រោន និងក្រុម Guangxi Long Guida FC បង្កើនចំណងមិត្តភាពតាមរយៈវិស័យកីឡាបាល់ទាត់រវាងក្លឹប និងប្រទេសទាំងពីរ ។

ពិធីចុះ MOU នេះ គឺមានការចូលរួមពីលោក ឬទ្ធី សំណាង ប្រធានក្លឹបភ្នំពេញក្រោន និងលោក Lu Wen Bo ប្រធានក្លឹប Guangxi Long Guida FC ។ ជាមួយគ្នានោះ ថ្នាក់ដឹកនាំក្លឹបទាំងពីរ បានឯកភាពលើគោលការណ៍សំខាន់ៗមួយចំនួន ដែលជាប្រយោជន៍ របស់ក្លឹប ទាំងពីរក្នុងអំឡុងរយៈពេល២ឆ្នាំ គឺមានការហ្វឹកហាត់វគ្គខ្លីសម្រាប់កីឡាករ ការមកទស្សនកិច្ចរបស់គ្រូបង្វឹងនៃក្លឹបទាំងពីរ ការប្រកួតមិត្តភាព ការអភិវឌ្ឍន៍ផ្នែកជំនួញ និងសហការផ្សេងៗ ។

គួរបញ្ជាក់ថា ក្លឹប Guangxi Long Guida FC បានក្លាយជាក្លឹបអាជីព នៅខែធ្នូ ឆ្នាំ២០១៤ ។ ពួកគេចាប់ផ្តើមជាក្លឹប Amateur តាំងពីឆ្នាំ ២០០៧ ព្រមទាំងលេងនៅ China League 2 កីឡដ្ឋានរបស់ពួកគេមានឈ្មោះថា Guangxi Sports Center ដែលស្ថិតនៅទីក្រុងណានជីង ប្រទេសចិន ។ ប្រធានក្លឹបអាជីពចិននេះ សង្ឃឹមថា ការសហការគ្នានេះនឹងបានជោគជ័យក្នុងរយៈពេលវែងជាមួយដៃ គូថ្មី គឺក្លឹបភ្នំពេញក្រោន ៕

ភ្នំពេញក្រោន និងក្លឹបអាជីពចិន ចុះ MOU ជាមួយគ្នា ២ឆ្នាំ

ភ្នំពេញក្រោន និងក្លឹបអាជីពចិន ចុះ MOU ជាមួយគ្នា ២ឆ្នាំ