ស្វាយរៀង ប៉ះទ័ព កម្ដៅ​សាច់​ដុំ មុន​ចេញ​ទៅប្រកួត​ពាន​មិត្ត​ភាព​នៅ​វៀតណាម

ភ្នំពេញ៖ ក្រុមបាល់ទាត់ខេត្តស្វាយរៀង នឹងធ្វើការប្រកួតមិត្តភាព ជាមួយក្រុម្ចាស់ផ្ទះក្រសួងការពារជាតិ(ទ័ព) នៅរសៀលថ្ងៃទី១៩ ខែវិច្ឆិកានេះ នៅលើទីលានពហុកីឡដ្ឋានជាតិ ដែលជាការប្រកួតកម្ដៅសាច់ដុំ មុននឹងចេញទៅប្រកួតពានរង្វាន់មិត្តភាពមួយ នៅប្រទេសវៀតណាម ។

ប្រភពព័ត៌មានពីមន្ដ្រីក្លឹបក្រសួងការពារជាតិ បានឲ្យដឹងថា នេះគឺជាការប្រកួតសមជើង ដើម្បីធ្វើតេស្ដសមត្ថភាពកីឡាករ ខណៈក្រុមស្វាយរៀង ក៏ដូចគ្នាដែរ ព្រោះក្រុមទាំងពីរ សុទ្ធតែទទួលបានការអញ្ជើញពីម្ចាស់ផ្ទះវៀតណាម ដើម្បីចូលរួមប្រកួតពានរង្វាន់អន្ដរជាតិនៅទីនោះ ។ ដូច្នេះកីឡាករក្រុមទាំងពីរ ត្រូវធ្វើការប្រកួតកម្ដៅសាច់ដុំជាមុន ដើម្បីត្រៀមខ្លួនប្រកួតប្រជែងជាមួយក្លឹបបាល់ទាត់អាជីពនៃប្រទេសវៀតណាម ។

ប៉ុន្ដែជំនួបមិត្តភាពនេះ ក្រុមទាំងពីរនឹងអវត្តមានកីឡាករសំខាន់ៗជាច្រើនដូចគ្នា ដោយពួកគេជាប់ជួយក្រុមជម្រើសជាតិកម្ពុជា ចេញទៅប្រកួតពានរង្វាន់អន្ដរជាតិមួយនៅចិន ក្នុងនោះក្រុមទ័ព នឹងបាត់សមាជិក ៨នាក់ រួមមានកីឡាករ ឈិន ឈឿន, ច្រឹង ពលរដ្ឋ, កែ វណ្ណៈ, ខែក ខេមរិន្ទ, ពុំ ដារាំង, រឿម ចាន់រឿន, ទូច រ៉ូម៉ា និងអ្នកចាទី អ៊ុំ សេរីរ័ត្ន រីឯក្រុមស្វាយរៀង បាត់សមាជិក ៧នាក់ គឺមានកីឡាករ ហួយ ផល្លីន, ផាន់នី អ៊ីរដ្ឋា, នេន សុធារ័ត្ន, ប្រាក់ មុន្នីឧត្តម, ណុប តុលា, សំអឿន ពិដោរ និងកីឡាករ សឿយ វិសាល ។

ចំពោះពានរង្វាន់មិត្តភាពអន្ដរជាតិ នៅប្រទេសវៀតណាមវិញ គឺនឹងធ្វើឡើងនៅចន្លោះថ្ងៃទី២៣ ខែវិច្ឆិកា រហូតដល់ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៥នេះ ។ ប៉ុន្ដែក្រុមត្រៀមចូលរួម អាចនឹងមានតែក្រុមបាល់ទាត់កម្ពុជា ២ក្រុម និងក្រុមម្ចាស់ផ្ទះវៀតណាមប៉ុណ្ណោះ  ព្រោះវៀតណាម មិនទាន់កោះអញ្ជើញក្រុមតាមបណ្ដាប្រទេសជិតខាងឲ្យចូលរួមនៅឡើយ ៕

ស្វាយរៀង ប៉ះទ័ព កម្ដៅ​សាច់​ដុំ មុន​ចេញ​ទៅប្រកួត​ពាន​មិត្ត​ភាព​នៅ​វៀតណាម

ស្វាយរៀង ប៉ះទ័ព កម្ដៅ​សាច់​ដុំ មុន​ចេញ​ទៅប្រកួត​ពាន​មិត្ត​ភាព​នៅ​វៀតណាម