ហ៊ុន ឈុន​ហេង បង្ខំ​​ចិត្ត​ចេញ​ពី​ពេទ្យ​ក្រោយ​អស់​ប្រាក់​​ពី​ខ្លួន​ និង​គ្មាន​ជំនួយ


ហ៊ុន ឈុន​ហេង បង្ខំ​​ចិត្ត​ចេញ​ពី​ពេទ្យ​ក្រោយ​អស់​ប្រាក់​​ពី​ខ្លួន​ និង​គ្មាន​ជំនួយ

​អ្នក​ប្រដាល់​ទម្ងន់​ស្រាល ហ៊ុន ឈុន​ហេង បង្ខំ​ចិត្ត​ចេញ​មន្ទីរពេទ្យ​​មិត្ត​ភាព​ខ្មែរ​សូវៀត​(​ពេទ្យ​រុស្ស៊ី​) ​នា​ព្រឹក​ថ្ងៃ​ទី១៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៥ នេះ​ ដោយ​សារ​ក្នុង​ខ្លួន​អស់​ប្រាក់​ព្យាបាល​របួស​បាក់​ជើង​ ​និង​​គ្មាន​ជំនួយ​​ប្រាក់​មួយ​រៀល​ពី​ថ្នាក់​ដឹកនាំ​ផ្សេងៗ។

 

ហ៊ុន ឈុន​ហេង បង្ខំ​​ចិត្ត​ចេញ​ពី​ពេទ្យ​ក្រោយ​អស់​ប្រាក់​​ពី​ខ្លួន​ និង​គ្មាន​ជំនួយ
កីឡាករ ​ហ៊ុន ឈុន ហេង

 

​​លោក មាស សុខគ្រី គ្រូ​បង្ហាត់​​របស់​កីឡាករ ឈុនហេង បាន​ឲ្យ​ដឹង​ថា នា​ព្រឹក​នេះ​កំពុង​រៀប​ចំ​ចេញ​ពី​មន្ទីរពេទ្យ​ហើយ ដោយ​សារ​អស់​ប្រាក់​ព្យាបាលបន្ត​ទៀត​​។ តាំង​ពី​រង​គ្រោះ​ថ្នាក់ចរាចរណ៍​បណ្តាល​​​​បាក់ជើង​​មក​ដល់​ពេល​នេះ​មិន​​ទាន់​មាន​ជំនួយ​ពី​ថ្នាក់​ដឹកនាំ​ ឬ​ប្រជា​ពល​រដ្ឋ​ណា​ម្នាក់​ឡើយ។ មក​ដល់​​បច្ចុប្បន្ន​​ប្រាក់​ដែល​ត្រូវ​ចំណាយ​សរុប​អស់​ប្រហែល​​ជិត១​ពាន់​ដុល្លារ​អាមេរិក​។

 

​គ្រូ​បង្ហាត់​រូប​នេះ​បន្ត​ថា ​កូន​សិស្ស​របស់​លោក ​អស់​ប្រាក់​ពី​ខ្លួន​​រលីង​ទៅ​ហើយ​​ សូម្បី​ប្រាក់​បង់​​​ចេញ​ពី​មន្ទីរពេទ្យ​ក៏​គ្មាន​ទើប​លោក​ជួយ​​ចេញ​​ប្រាក់​ចំនួន ៦០​​ដុល្លារ​​បន្ថែម​ប្រាក់​ដែល​ជួយ​ទិញ​ថ្នាំ​ និង​ចំណាយ​ផ្សេងៗ។ ​ឈុន ហេង នឹង​ទៅ​បាត់​ដំបង​ទឹក​ដី​កំណើត​ដើម្បី​រង់​ចាំ​ពេល​វេលា​ចំនួន៣ ខែ​មក​ដក​ដែក​ចេញ​ពី​ជើង​ ប៉ុន្តែ​មិន​ទាន់​ដឹង​ថា​អស់​ប្រាក់​ប៉ុន្មាន​ទៀត​នោះ​ទេ ខណៈ​​​កីឡាករ​​ប្រភេទ​ទម្ងន់ ៥១​គីឡូក្រាម​រូប​នេះ​ នឹង​ខក​​ខាន​ការ​ប្រកួត​រហូត​​ដល់​១​ឆ្នាំ​​ ម្ដាយ​ក្រី​ក្រ ហើយ​ប្រពន្ធ​មិន​អាច​ធ្វើ​ការ​ងារ​បាន​ព្រោះ​មាន​កូន​តូច។

 

លោក មាស សុខគ្រី ​​សូម​សំណូមពរ​ដល់​​ថ្នាក់​ដឹកនាំ​ ឬ​ឯក​ឧត្ដម​លោក​ជំទាវ​​ក្នុង​ប្រទេស​កម្ពុជា​ទាំង​អស់​ដែល​មាន​លទ្ធភាព​ជួយ​ផ្ដល់​ជំនួយ​ដល់​កូន​សិស្ស​របស់​លោក​ដែល​​ខ្វះខាត​​ ហើយ​ត្រូវ​ការ​ប្រាក់​ជា​ចាំ​បាច់​នេះ​ផង​។ ​ប្រជាពលរដ្ឋ​ ឬ​ឯក​ឧត្ដម​ចង់​ចូល​រួម​ជួយ​ឧបត្ថម្ភ​ដល់​កីឡាករ​ដែល​កំពុង​​ មានការ​ខ្វះ​ខាត​រូប​នេះ​សូម​ទំនាក់​ទំនង​តាម​រយៈ​ទូរសព្ទ​​លេខ 096 750​ 64 29៕

 

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​​​