ការ​នៅ​ផ្ទះ​ និង​ការ​នៅ​ហាង​ ចង​ដៃ​ខុស​គ្នា?

ការ​នៅ​ផ្ទះ​ និង​ការ​នៅ​ហាង​ ចង​ដៃ​ខុស​គ្នា?

សម្រាប់​អ្នក​រស់​នៅ​ភ្នំពេញ​ដែល​ពុំ​មាន​ទី​ធ្លា​គ្រប់​គ្រាន់​សម្រាប់​រៀប​ចំ​ពិធី​មង្គលការ​ គេ​និយម​ជួល​ហាង​នានា​ដើម្បី​ប្រារព្ធ​ពិធី​ឡើង ឯ​អ្នក​មាន​ទី​ធ្លា​ផ្ទះ​ធំ​ទូលាយ​អាច​រៀប​ចំ​ពិធី​បាន​ គេ​សម្រេច​ជ្រើស​រើស​ការ​នៅ​ផ្ទះ។ ប៉ុន្តែ​ភ្ញៀវ​ដែល​ទៅ​ចូល​រួម​មង្គល​ការ​​ពិត​ជា​ចង​ដៃ​ខុស​គ្នា​មែន​ឬ?

 

 

អ្នក​នាង​គ្រី ហ្គេកទៀង​ជា​បុគ្គលិក​ស្ថាប័ន​រដ្ឋ​មួយ​កន្លែង​បាន​ប្រាប់​ថា អ្នក​នាង​ចង​ដៃ​ខុស​គ្នា​ពិត​មែន​ដោយ​ ចង​ដៃ​​អ្នក​ការ​នៅ​ហាង​ច្រើន​ជាង​អ្នក​ការ​នៅ​ផ្ទះ​ ព្រោះ​ចាត់​ទុក​ថា​ជួយ​ចេញ​ថ្លៃ​ជួល​ហាង​បាន​ខ្លះ។ ប៉ុន្តែ​អ្នក​នាង​អះ​អាង​ថា ចំណង​ដៃ​មិន​លើស​គ្នា​ច្រើន​នោះ​ទេ​ គឺ​ត្រឹម​ ៥ ដុល្លារ​ទៅ ១០ ដុល្លារ​ប៉ុណ្ណោះ។

 

 

​ចំណែក​កញ្ញា ឡាង គន្ធី​បាន​ប្រាប់​ Sabay ថា​សម្រាប់​កញ្ញា​ផ្ទាល់​ កញ្ញា​ចង​មិន​ឱ្យ​លើស​ខ្វះ​គ្នា​ទេ បើ​សិន​អ្នក​ទាំង​ពីរ​មាន​មិត្តភាព​ចំពោះ​កញ្ញា​​ដូច​គ្នា។ កញ្ញា​លើក​ឡើង​ថា ចំណង​ដៃ​គឺ​ជា​ទឹក​ចិត្ត​សម្រាប់​គូ​ស្វាមី​ភរិយា​ថ្មី​ មិន​មែន​សំដៅ​លើ​ភាព​ហំ​ហាន​នៃ​មង្គលការ​ទេ។ «អ្នក​ទាំង​ពីរ​ចង់​ការ​នៅ​ផ្ទះ​ នៅ​ហាង​ឬ​នៅ​បាត​សមុទ្រ​ ជា​រឿង​របស់​គេ​ តែ​ខ្ញុំ​ចង​មិន​ឱ្យ​ខុស​គ្នា​ទេ មាន​ប៉ុណ្ណា​​ចង​ប៉ុណ្ណឹង!»។ គន្ធី​បាន​បន្ថែម។

 

 

ការ​នៅ​ផ្ទះ​ និង​ការ​នៅ​ហាង​ ចង​ដៃ​ខុស​គ្នា?

 

​​កញ្ញា ហុង សា​រ៉ៃ​​យ៉ា​ អតីត​និស្សិត​ វិទ្យាស្ថាន​ជាតិ​​ពាណិជ្ជសាស្ត្រ​បាន​ប្រាប់​ថា កញ្ញា​ចង​ចំណង​ដៃ​អ្នក​ទាំង​ពីរ​មិន​ឱ្យ​ខុស​គ្នា​ឡើយ ពោល​គឺ​វា​អាស្រ័យ​លើ​ចំណង​មិត្តភាព​ និង លទ្ធភាព​របស់​កញ្ញា​ដែរ​។

 

 

ងាក​មក​លោក វែង វឌ្ឍនៈ បុគ្គលិក​ក្រុម​ហ៊ុន​ឯកជន​ដែល​បាន​អះអាង​ថា​ខែ​នេះ​ លោក​ទទួល​បាន​ការ​អញ្ជើញ​៥ រោង​នោះ​លើក​ឡើង​ថា «ទោះ​ចង​ការ​គេ​ក៏​ត្រូវ​ចង​ដៃ​ឱ្យ​ស្មើ​ៗ​គ្នា​ដែរ! បើ​គ្នា​ការ​នៅ​ផ្ទះ​ចង​ដៃ​គ្នា​តិច​ជាង​ការ​នៅ​ហាង​ គ្នា​ដឹង​អន់​ចិត្ត​ស្លាប់!»។

 

លោក​វឌ្ឍនៈ​ក៏​បាន​បន្ត​ទៀត​ថា​ ភ្ញៀវ​មិន​គួរ​រើស​អើង​ថា​ការ​នៅ​ផ្ទះ​ចង​តិច​ ការ​នៅ​ហាង​ចាំ​ចង​ដៃ​ច្រើន​នោះ​ទេ ព្រោះ​អ្នក​ការ​នៅ​ផ្ទះ​មក​ពី​​មិន​សូវ​មាន​លុយ​ទើប​ការ​នៅ​ផ្ទះ​ ដូច្នេះ​បើ​ចង​ដៃ​តិច​ទៀត​ គឺ​មិន​ល្អ​មើល​នោះ​ទេ។

 

 

ការ​នៅ​ផ្ទះ​ និង​ការ​នៅ​ហាង​ ចង​ដៃ​ខុស​គ្នា?

 

 

ចុចអាន៖ មក​ដល់​ថ្ងៃ​នេះ បាន​​​សំបុត្រ​ការ​ប៉ុន្មាន​ហើយ?

ចុចអាន៖ ​ប៉ះ​កង់​ឡាន​ចល័ត​២៤​ម៉ោង យប់​ព្រលប់​លែង​ភ័យ

 

 

ផ្ទុយ​ទៅ​វិញ​កញ្ញា​ វ៉ាន់ តារាតី​ និស្សិត​នៅ​សាកល​វិទ្យាល័យ​កម្ពុជា​បាន​ប្រាប់​ថា កញ្ញា​ចង​ដៃ​អ្នក​ការ​នៅ​ហាង​ច្រើន​ជាង​អ្នក​ការ​នៅ​ផ្ទះ​ ព្រោះ​ថា​អ្នក​ការ​នៅ​ហាង​ត្រូវ​ចំណាយ​លុយ​ ជិត​មួយ​ពាន់​ដុល្លារ​ឬ​លើស​មួយ​ពាន់​ដុល្លារ​ ​គ្រាន់​តែ​ថ្លៃ​សម្បក​ហាង​ដែល​មាន​តុ​និង​កៅអី​ប៉ុណ្ណោះ​ ដូច្នេះ​នៅ​ថ្លៃ​ម្ហូប​អាហារ​ និង​សេវាកម្ម​ផ្សេង​ទៀត។ ចំណែក​អ្នក​ការ​នៅ​ផ្ទះ​ ពួក​គេ​ចំណេញ​លុយ​ជិត​មួយ​ពាន់​ដុល្លារ​នោះ​ស្រាប់​ទៅ​ហើយ។ រាតី​បន្ត​ទៀត​ថា ការ​លើក​ឡើង​បែប​នេះ​មិន​មែន​មាន​ន័យ​ថា​ អ្នក​ការ​នៅ​ផ្ទះ​ចង​ដៃ​តិច​ៗ​នោះ​ទេ​ គឺ​កញ្ញា​ពន្យល់​ថា «ឧទាហរណ៍​ថា ជា​ទូទៅ​សមត្ថភាព​យើង​ចង​ដៃ​គេ ម្ភៃ​ដុល្លារ​ បើ​គេ​ការ​ញ៉ាំ​នៅ​ផ្ទះ​យើង​ចង​ម្ភៃ​តែ បើ​គេ​ការ​នៅ​ហាង​យើង​ចង​លើស​ហ្នឹង​ប្រាំ​ដុល្លារ​ឬ​ដប់​ដុល្លារ​ទៅ!»៕

 

 

ចុះ​ចំណែក​ប្រិយមិត្ត​វិញ យល់​យ៉ាង​ណា​ដែរ? តើ​គួរ​ចង​ដៃ​អ្នក​ការ​នៅ​ហាង​ និង​នៅ​ផ្ទះ​ដូច​គ្នា​ឬ​ក៏​ខុស​គ្នា?

 

ចុចអាន៖ Sabay​ប្រកាស​ជួយ​​អង្គការ​ខ្មែរ​ដែល​មាន​សកម្មភាព​​ល្អៗ តែ​​ការ​​​ផ្សព្វផ្សាយ​​នៅ​​មាន​​កម្រិត

 

 

អត្ថបទ៖ ណេង​ ណេង​​