លោក សម រង្ស៊ី នឹង​វិល​មក​មាតុភូមិ​វិញ​ក្រោយពេល​មាន​ដំណោះស្រាយ​សមស្រប​

កាល​ពិ​រសៀល​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៥ គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​គណបក្ស​សង្គ្រោះ​ជាតិ បាន​បើក​កិច្ចប្រជុំ​សំខាន់​មួយ ហើយ​បានសម្រេច​ឲ្យ​លោក​ប្រធាន សម រង្ស៊ី វិល​ត្រឡប់មក​កម្ពុជា​វិញ ប្រសិនបើ​មានការ​សម្របសម្រួល​ផ្នែក​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដោយ​សន្តិវិធី និង​សភាពការណ៍​វិលត្រឡប់​ទៅរក​ភាព​ដើម​វិញ​។ លោក អេង ឆៃអ៊ាង មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​បាន​មានប្រសាសន៍ថា ប្រសិនបើ​លោក សម រង្ស៊ី វិល​ចូល​កម្ពុជា​នាពេលនេះ អាច​នឹងមាន​បញ្ហា​មួយចំនួន​កើតឡើង​ជាយថាហេតុ​។ លោក អេង ឆៃអ៊ាង បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា ក្រោយពេល​សិក្សា​រួច​ទើប​គណៈកម្មាធិការ​អចិន្ត្រៃយ៍​សម្រេច​ឲ្យ​លោក សម រង្ស៊ី ត្រឡប់មក​កម្ពុជា​វិញ លុះ​ណា​មានការ​សម្របសម្រួល​ផ្នែក​នយោបាយ​ជាមួយ​គណបក្សកាន់អំណាច​។

​លោក អេង ឆៃអ៊ាង បាន​ឲ្យ​ដឹង​ទៀតថា​បច្ចុប្បន្ននេះ គណបក្ស​សង្គ្រោះ​ជាតិ​កំពុងតែ​ស្វែងរក​ដំណោះស្រាយ​ជាមួយ​សហគមន៍​អន្តរជាតិ និង​គណបក្សកាន់អំណាច​ផងដែរ​។ លោក​បាន​សង្កត់ធ្ងន់ថា​«​ជា​រួច​គណៈកម្មាធិការ​អចិន្ត្រៃយ៍​យើង​ភាគច្រើន​ទាំងអស់គ្នា គឺ​យើង​យល់ឃើញថា​លោក​ប្រធាន​ចាំបាច់​ត្រូវ​វិល​ត្រឡប់មក​ប្រទេស​កម្ពុជា​វិញ ប៉ុន្តែ​មិនមែន​វិល​ត្រឡប់មក​ស្អែក​ឬ​ខានស្អែក​ទេ ត្រូវ​ជ្រើសរើស​ពេលវេលា​សមស្រប​ណាមួយ ហើយ​មិនយូរ​ទេ​។ ចន្លោះ​ពេលវេលា​ហ្នឹង​គឺ​គណបក្ស​នឹង​ខិតខំ​ធ្វើការ ដើម្បី​ឲ្យ​មាន​ដំណោះស្រាយ​នយោបាយ​ដោយ​សន្តិវិធី បានន័យថា​ការវិលត្រឡប់​របស់លោក សម រង្ស៊ី មកវិញ​ដោយ​សន្តិវិធី អាហ្នឹង​គឺ​យើង​បាន​ឯកភាពគ្នា​»​។​

​ក្រុមអ្នកវិភាគ​ស្ថានការណ៍​នយោបាយ​ក្នុងប្រទេស​កម្ពុជា​បានលើកឡើង​ថា សេចក្តីសម្រេច​របស់​គ​ណៈ​ក​ម្មា​ធិ​ការ​អចិន្ត្រៃយ៍​គណបក្ស​សង្គ្រោះ​ជាតិ គឺ​ស្របតាម​ស្ថានភាព​ជាក់ស្តែង​ដើម្បី​បញ្ចៀស​បាន​នូវ​អំពើហិង្សា និង​បញ្ហា​ផ្សេងៗ​ទៀត​។ ដោយហេតុថា​ដីកាចាប់ខ្លួន​លោក សម រង្ស៊ី កំពុង​ធ្វើ​ឲ្យ​មាន​បញ្ហា​ចម្រូងចម្រាស​យ៉ាងខ្លាំង ហើយ​អង្គការសហប្រជាជាតិ​និង​សហគមន៍​អន្តរជាតិ​ប្រតិកម្ម​យ៉ាងខ្លាំង​ក្លា​ជា​បន្តបន្ទាប់ ចំពោះ​ការ​ធ្វើទុក្ខបុកម្នេញ​លើ​លោក សម រង្ស៊ី មេដឹកនាំ​គណបក្សជំទាស់​នៅក្នុង​ប្រទេស​កម្ពុជា​។ ម្យ៉ាងទៀត​ការដកហូត​តួនាទី​និង​អភ័យឯកសិទ្ធិ​លោក សម រង្ស៊ី គឺជា​ការបំពាន​លើ​រដ្ឋធម្មនុញ្ញ​ដែលជា​ច្បាប់កំពូល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​យ៉ាង​គឃ្លើន​។

​តាម​ព័ត៌មាន​ថ្មីៗ​ចុងក្រោយ​បាន​ឲ្យ​ដឹងថា លោក សម រង្ស៊ី បាន​ចាក​ចេញពី​ប្រទេស​កូរ៉េខាងត្បូង ទៅកាន់​ប្រទេស​ហ្វីលីពីន កាលពី​យប់​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៥​។ នៅ​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១៥​នេះ មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​មួយចំនួន​នឹងធ្វើ​ដំណើរ​ទៅ​ជួប​លោក​ប្រធាន សម រង្ស៊ី នៅក្នុង​ប្រទេស​ហ្វីលីពីន​។ បញ្ហា​នេះ​ត្រូវបាន​មជ្ឈដ្ឋាន​ជាតិ​និង​អន្តរជាតិ​តាមដាន​ដោយ​យកចិត្តទុកដាក់ ជាពិសេស​គេ​ចង់ដឹង​ពី​ការសម្របសម្រួល​ផ្នែក​នយោបាយ ដើម្បី​ឲ្យ​លោក សម រង្ស៊ី វិល​មក​មាតុភូមិ​វិញ​ដោយ​សន្តិវិធី​៕

CH-00386 cam-photo-cnrp-supplied-KHMER-WEB-800x533