ស្រវឹងស្រា​ជិះ​ម៉ូតូ​លឿន​ទៅ​បុក​រថយន្ត​ស្លាប់​ម្នាក់​នៅ​ស្រុក​បាកាន

ខេត្តពោធិ៍សាត់​ ៖ ​បុរស​ម្នាក់​ទំនងជា​ស្រវឹងស្រា​ជោគ​ជាំ​បាន​ជិះ​ម៉ូតូ​ក្នុង​ល្បឿន​លឿន​​​​ទៅ​បុក​រថយន្ត​ដែល​កំពុង​ធ្វើ​ដំណើរ​បញ្ច្រាសទិស​គ្នា​បណ្ដាល​ឲ្យ​ប្រកាច់​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ​។​

គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​១៨ ​វិច្ឆិកា ​​២០១៥ ​វេលា​ម៉ោង​១​រសៀល​ នៅ​លើ​ផ្លូវ​កៅស៊ូ​មួយ​ខ្សែ​ស្ថិត​ក្នុងភូមិ​ក្រសាំង​គ្រួ​ ឃុំ​បឹង​ខ្នារ​ ស្រុក​បាកាន​ ។

​លោកនាយ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​បឹង​ខ្នារ​បាន​ប្រាប់​ឲ្យ​ដឹង​ថា​ ជន​រង​គ្រោះ​ដែល​ជិះ​ម៉ូតូ​បុក​រថយន្ត​ស្លាប់​នេះ​ឈ្មោះ​អ៊ុ​ន ម៉ុ​ន​ ភេទ​ប្រុស ​អាយុ​២៩​ឆ្នាំ ​រស់នៅ​ភូមិរ​ហា​ទិល ​ឃុំ​តា​លោ ​ស្រុក​បាកាន​ជិះ​ម៉ូតូ​ម៉ាក​វ៉េវ​អាល់​ហ្វា​ព៌​ណ​ខ្មៅ​លាយ​ត្រួយ​ចេក ​គ្មាន​ស្លាក​លេខ​។

​ចំណែក​រថយន្ត​ម៉ាក​សាំ​យ៉ុ​ង​ ពណ៌ខៀវ​ ពាក់​ស្លាក​លេខ​ភ្នំពេញ​2D.8706​ អ្នកបើកបរ​មិន​ស្គាល់ឈ្មោះ​បាន​គេចខ្លួន​បាត់​។​ លោកនាយ​ប៉ុស្តិ៍​បាន​​ឲ្យ​ដឹង​ថា​ នៅ​ថ្ងៃ​នោះ​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​ម្នាក់ឯង​ពី​ត្បូង​ទៅ​ជើង​ក្នុង​ល្បឿន​លឿន​ ពេលទៅ​ដល់​កន្លែង​កើតហេតុ​ក្នុងភូមិ​ក្រសាំង​គ្រួ ​ឃុំ​បឹង​ខ្នារ​ មិនដឹង​ជា​យ៉ាងម៉េច​ស្រាប់តែ​ទៅ​បុក​រថយន្ត​សាំ​យ៉ុ​ង​ដែល​កំពុង​ធ្វើ​ដំណើរ​មក​ពីមុខ​បញ្ច្រាសទិស​គ្នា​បណ្ដាល​ឲ្យ​បែកក្បាល​ហូរ​ឈាម​ប្រកាច់​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ​។​

ឃើញ​ហេតុការណ៍​គួរ​ឲ្យ​រន្ធត់​បែប​នេះ​អ្នកបើកបរ​រថយន្ត​បាន​ទុក​រថយន្ត​ចោល​នៅ​ទីនោះ​ហើយ​បាន​គេចខ្លួន​បាត់​តែ​ម្ដង​៕
    ​