រថយន្ត​ដឹក​ក្រួស​ក្រហម វាក់​អើ​នឹង​រ៉ឺម៉ក​ដឹក​បាយ ចាប់​ហ្វ្រាំង​ក្រឡាប់​ឆេះ​

កំពង់ស្ពឺ: រថយន្ត​ដឹក​គ្រួស​ក្រហម បើក​លឿន​ពេក វាក់​អើ​ជាមួយ​រ៉ឺម៉ក​ដឹក​បាយ ចាប់​ហ្វ្រាំង​ខ្លាំងពេក បណ្តាល​ក្រឡាប់​ឆេះ​។ ហេតុការណ៍​គ្រោះថ្នាក់​នេះ​បានកើត​ឡើង កាលពី​វេលា​ម៉ោងជាង ១០ ព្រឹក ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៥ ស្ថិតនៅ​ចន្លោះ​គីឡូម៉ែត្រ​លេខ​៣ និង​លេខ​៤ ក្នុងភូមិ​រលោះ សង្កាត់​ច្បារមន ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ ។​

​បើតាម​អ្នកបើករ រថយន្ត​ដឹក​គ្រួស​ក្រហម ឈ្មោះ សាក់ ទូច អាយុ​២៨​ឆ្នាំ រស់នៅក្នុង​ភូមិ​ព្រៃ​បេះ ឃុំ​ពោធិ​ចំរើន ស្រុក​បសេដ្ឋ បាន​រៀបរាប់ថា មុនពេល​កើតហេតុ គាត់​បាន​បើករថយន្ត​ដឹក​គ្រួស​ក្រហម ក្នុងទិសដៅ​ពី លិច​មក​កើត លុះ​មកដល់​ចំណុច កើតហេតុ​ខាងលើ ក៏បាន​វាក់​អើ​ជាមួយ រ៉ឺម៉ក​ដឹក​បាយ​មក​លក់ នៅមុខ​រោងចក្រ ក៏​ជាន់​ហ្វ្រាំង​ខ្លាំងពេក បណ្តាល​ឲ្យ​ក្រឡាប់ ហើយ​បែក​ផ្កាភ្លើង បង្ក​អោយ​ឆាបឆេះ ជា​អណ្តាតភ្លើង​។​

​សូមបញ្ជាក់ថា រថយន្ត​បង្កហេតុ​ដោយ​ខ្លួនឯង​នេះ មិន​ស្គាល់​ម៉ាក ពាក់​ស្លាក​លេខ បាត់ដំបង 3A1890​។ ប៉ុន្តែ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​នេះ មិនមាន​អ្នក​រង​របួស​នោះ ទេ ក្រោយ​កើតហេតុ ម្ចាស់​រថយន្ត​បាន​ហៅ រថយន្តស្ទូច មក​ស្ទូច​យកទៅ​ជួសជុល នៅ​កា​រ៉ា​ស់​ក្នុង​ខេត្តកំពង់ស្ពឺ​៕V​/S