របាយការណ៍​រក​ឃើញ​ថា កម្ពុជា​ជាប់​លំដាប់​អន់​ទី​៧​ផ្នែក​តម្លាភាព​ថវិកា

យោង​តាម​របាយការណ៍​ចុងក្រោយ​របស់​ភាពជា​ដៃ​គូ​ថវិកា​អន្តរជាតិ ដែល​ចេញ​កាលពី​ថ្ងៃអង្គារ ដោយ​វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​នៅ​ក្រុង​ភ្នំពេញ​ឲ្យ​ដឹង​ថា ថវិកា​ជាតិ​ឆ្នាំ២០១៤​របស់​ប្រទេស​កម្ពុជា​មាន​តម្លាភាព​តិច​ជាង​ថវិកា​ឆ្នាំ​២០១២។

ប្រទេស​កម្ពុជា​ក៏​ជាប់​លំដាប់​ប្រទេស​អន់​ទី៧​ចំពោះ​តម្លាភាព​ថវិកា​ក្នុងចំណោម​១០២​ប្រទេស​ ដែល​សិក្សា​ដោយ​អង្គការ​ឯករាជ្យ​នេះ គឺ​មាន​លំដាប់​ស្មើ​នឹង​ប្រទេស​វេណេហ្សូអេឡា។

យោង​តាម​របាយការណ៍​នេះ ផ្អែកលើ​ថវិកា​ឆ្នាំមុន ភាព​ខ្សោយ​បំផុត​របស់​ប្រទេស​កម្ពុជា គឺ​កង្វះ​ការ​ទាក់ទង​ជាមួយ​សាធារណជន អំឡុង​ដំណាក់កាល​ពិគ្រោះ​យោបល់​ដំបូង និង​ការ​ខកខាន​មិន​បាន​បញ្ចេញ​ទិន្នន័យ​ពិស្ដារ​អំពី​ថា​តើ ថវិកា​ប្រើប្រាស់​ទៅ​ទីណា​ពិត​ប្រាកដ បន្ទាប់ពី​មាន​ការ​សម្រេច​យល់ព្រម​រួច​ហើយ។

ប្រទេស​កម្ពុជា​បាន​ពិន្ទុ​៨​ប៉ុណ្ណោះ​ក្នុង​ចំណោម​ពិន្ទុ​១០០​សម្រាប់​តម្លាភាព​និង​ការ​ចូលរួម​ជា​សាធារណៈ ធៀប​ទៅ​នឹង​១៥​ពិន្ទុ​ក្នុង​ការ​សិក្សា​ចុងក្រោយ ដែល​ពិនិត្យ​មើល​ថវិកា​ឆ្នាំ២០១២។

ពិន្ទុ​កំណត់​ដោយ​ការ​វិនិច្ឆ័យ​លើ​ការ​ទទួល​បាន​ឯកសារ ដែល​ពន្យល់​អំពី​ថវិកា និង​ដោយ​ការ​ពិនិត្យ​លើ​ការ​ព្រាង និង​ការ​អនុវត្ត​របស់​ខ្លួន ក្នុង​នោះ​មាន​សំណើ​ដំបូង ការ​អនុម័ត ការ​ពិនិត្យ ភាព​ជឿនលឿន និង​សវនកម្ម​ដោយ​ឯករាជ្យ។

ធៀប​ទៅ​នឹង​ពិន្ទុ២៥​ជាមធ្យម​លើ​ពិភពលោក របាយការណ៍​និយាយ​ថា ពិន្ទុ​៨​របស់​”កម្ពុជា​ក្នុង​ចំណោម​ពិន្ទុ​១០០ បង្ហាញ​ថា ការ​ផ្តល់​ឱកាស​ឲ្យ​សាធារណជន​ចូលរួម​ក្នុង​ដំណើរការ​ថវិកា​គឺ​ខ្សោយ”។

របាយការណ៍​បន្ថែម​ថា ក្នុងចំណោម​កង្វល់​ពិសេស​គឺ​ភាព​មិន​គ្រប់គ្រាន់​នៃ “របាយការណ៍​ថវិកា​សង្ខេប” របស់​ក្រសួង​ហិរញ្ញវត្ថុ ដែល​សំដៅ​អប់រំ​សាធារណជន​អំពី​ថវិកា។ របាយការណ៍​និយាយ​ថា ថវិកា​ជា​សង្ខេប​គឺ​មិន​ទូលំទូលាយ ឬ​ផ្សព្វផ្សាយ​ជា​ទូទៅ​ដល់​សាធារណជន​ទេ”។

លោក សុន ឆ័យ តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង និង​ជា​អនុប្រធាន​គណៈកម្មការ​ធនាគារ ហិរញ្ញវត្ថុ និង​សវនកម្ម​នៃ​រដ្ឋសភា បាន​មាន​ប្រសាសន៍​ថា លទ្ធផល​រក​ឃើញ​ពី​ការ​សិក្សា​នេះ​គឺ​សម​ហេតុ​សម​ផល។

ដោយ​លើក​បង្ហាញ​ក្រសួង​ការពារ​ជាតិ​ជាឧទាហរណ៍​មួយ​នៃ​ភាព​មិន​ច្បាស់​លាស់​នៃ​ហិរញ្ញវត្ថុ​រដ្ឋាភិបាល លោក​បាន​មាន​ប្រសាសន៍​ថា “ពលរដ្ឋ​កម្ពុជា​ជា​ម្ចាស់​ប្រទេស ពួកគេ​បង់​ពន្ធ ដូច្នេះ​ហើយ​យើង​ចង់​ឲ្យ​ពួកគេ​អាច​មាន​សិទ្ធិ​ទទួល​បាន​ឯកសារ”។

ដោយ​សំដៅ​លើ​ការ​បន្ថែម​ឈ្មោះ​ក្លែងក្លាយ​ក្នុង​បញ្ចី​ប្រាក់​ខែ ដើម្បី​ឲ្យ​អ្នក​ផ្សេង​អាច​ទទួល​ប្រាក់ខែ​នោះ លោក​បាន​មាន​ប្រសាសន៍​ថា “នៅ​ក្រសួង​ការពារ​ជាតិ យើង​ដឹង​ថា ពួកគេ​មាន​ទាហាន​ខ្មោច ដូច្នេះ​លុយ​នោះ​ធ្លាក់​ចូល​ទៅ​ក្នុង​ខ្ទង់​ហ្នឹង”។

លោក ឡាយ សុខឃាង អនុប្រធាន​នាយកដ្ឋាន​ថវិកា​ក្រសួង​ហិរញ្ញវត្ថុ បាន​បន្ទោស​ទំនាក់ទំនង​មិន​ល្អ​ចំពោះ​របាយការណ៍​ថវិកា​យឺត​ពេល និង​បាន​មាន​ប្រសាសន៍​ថា កង្វះ​ភាព​មិន​ច្បាស់​លាស់​របស់​ពួកគេ មិន​មាន​ន័យ​ថា នាយកដ្ឋាន​របស់​លោក​មិន​ហ្មត់ចត់​នោះ​ទេ។

លោក​បាន​មាន​ប្រសាសន៍​ថា “យើង​អាច​ធ្វើ​ការងារ​របស់​យើង ប៉ុន្តែ យើង​មិន​អាច​សរសេរ​របាយការណ៍​បាន​រហ័ស។ ដោយ​មិន​បាន​បញ្ចេញ​របាយការណ៍​សម្រាប់​ការ​ផ្សព្វផ្សាយ យើង​មិន​អាច​ទទួល​បាន​ពិន្ទុ​ល្អ​ទេ”។

ចំពោះ​ការ​ចូលរួម​សាធារណៈ លោក សុខឃាង បាន​មាន​ប្រសាសន៍​ថា នាយកដ្ឋាន​របស់​លោក​នៅ​ឆ្នាំ​នេះ​បាន​អញ្ជើញ​ក្រុម​ហ៊ុន​អចលនទ្រព្យ និង​និស្សិត​សកល​វិទ្យាល័យ​ដែល​សិក្សា​ហិរញ្ញវត្ថុ ដើម្បី​លើក​កង្វល់​និង​សំណួរ​អំពី​ថវិកា។

លោក គឹម ណៃ នាយក​គម្រោង​វេទិកា​អង្គការ​មិនមែន​រដ្ឋាភិបាល​បាន​មាន​ប្រសាសន៍​ថា ការ​ពិគ្រោះ​ជាមួយ​ពលរដ្ឋ​មាន​ការ​អប់រំ​និង​អ្នក​ពាក់ព័ន្ធ​មិន​ទាន់​គ្រប់គ្រាន់​នៅ​ឡើយ​ទេ។

លោក​បាន​មាន​ប្រសាសន៍​ថា “ការ​ពិគ្រោះ​យោបល់​កន្លះ​ថ្ងៃ​មិន​គ្រប់គ្រាន់​ឡើយ។ ពួកគេ​ត្រូវ​ផ្តល់​យ៉ាង​ច្បាស់លាស់​នូវ [ការ​អប់រំ] នៅ​កម្រិត​ឃុំ​សង្កាត់ និង​និយាយ​ទៅ​កាន់​ប្រជាពលរដ្ឋ​ដោយ​ផ្ទាល់”។

លោក ហ្សាវីយ៉េ កាស្ទីឡូ អាល់វ៉ារេស ប្រធាន​កិច្ច​សហការ​ម៉ាក្រូ​សេដ្ឋកិច្ច​របស់​សហភាព​អឺរ៉ុប​នៅ​ប្រទេស​កម្ពុជា ដែល​បាន​ចូលរួម​ការ​បញ្ចេញ​របាយការណ៍​នេះ ក៏​មាន​ចម្ងល់​អំពី​ការ​អះអាង​របស់​លោក សុខឃាង ដែល​ថា នាយកដ្ឋាន​របស់​លោក​មិន​អាច​ចេញផ្សាយ​របាយការណ៍​ទាន់​ពេល។

លោក​បាន​មាន​ប្រសាសន៍​ថា “ប្រសិនបើ​រដ្ឋាភិបាល​មិន​អាច​បញ្ចេញ​របាយការណ៍​ទាំង​នេះ​[ឲ្យ​យើង]​ក្នុង​ពេល​ពីរ​សប្ដាហ៍ តើ​ហេតុអ្វី​ពួកគេ​មិន​អាច​ផ្សព្វផ្សាយ​វា?”៕ និត

 

The post របាយការណ៍​រក​ឃើញ​ថា កម្ពុជា​ជាប់​លំដាប់​អន់​ទី​៧​ផ្នែក​តម្លាភាព​ថវិកា appeared first on ខេមបូឌា ដេលី.