ជាងកាត់ដេរ​ប្រុស-​ស្រី​១៥​នាក់​ពុល​ក្តាមប្រៃ​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត

ខេត្ត​បន្ទាយ​មាន​ជ័យ​​ ៖ ជាងកាត់ដេរ​ប្រុស-​ស្រី​១៥​នាក់​ពុល​ក្តាមប្រៃ​បណ្តាល​ឱ្យ​ក្អួត-​រាគត្រូវ​គេ​ដឹក​ទៅ​​​ព្យាបាល​នៅ​គ្លីនិក​ឯកជន កាល​ពី​វេលា​ម៉ោង​១២​ថ្ងៃ​ត្រង់ ថ្ងៃ​ទី​១៨ ​វិច្ឆិកា ២០១៥​ ​​ស្ថិត​នៅ​ភូមិ​ក្បាលស្ពាន​១ ​សង្កាត់​/​ក្រុង​ប៉ោយ​ប៉ែ​ត​។

ឈ្មោះ គង់ ដា ភេទ​ប្រុស​ អាយុ​២៥​ឆ្នាំ ​​មុខ​របរ​ជាងកាត់ដេរ​ បាន​ប្រាប់​ថា ​​មុន​ពេល​កើត​ហេតុ​​​ នារី​​ម្នាក់បាន​​​ទៅ​ផ្សា​រ​ទិញ​​ម្ហូ​ប ដោយ​ទិញ​ក្តាមប្រៃ​យក​មក​​បុកល្ហុង​ហូប​​​រួម​គ្នា​ ។ ក្រោយ​ពេល​ហូប​បាន​រយៈ​ពេល​១០​ទៅ​២០​នាទី​ ​ស្រាប់តែ​​ឈឺពោះ​ ហើយ​ក្អួត​ និង​រាគតែ​ម្តង​។

​ក្រោយមក​ថៅកែ​ជា​ម្ចាស់ផ្ទះ​កាត់ដេរ​បាន​បញ្ជូន​ទៅ​គ្លីនិក​ឯកជន​យីហោ​នគ​ររាជ​ត្រូវ​បាន​គ្រូពេទ្យ​ដាក់​សេរ៉ូម​ និង​ចាក់​ថ្នាំ​បំបាត់​ក្អួត​និង​រាគ​។

លោក​វេជ្ជបណ្ឌិត ជាតិ ហួត ម្ចាស់​គ្លីនិក​បាន​ប្រាប់​ថា​ តាម​ការ​ពិនិត្យ ​អ្នកជម្ងឺ​ដែល​ត្រូវ​បាន​បញ្ជូន​មក​ដល់​គ្លីនិក​ដើម្បី​សង្គ្រោះ​បន្ទាន់​ ​គឺ​ពុល​ចំណី​​​​។

លោក​វេជ្ជ​បណ្ឌិត​បាន​បញ្ជាក់​ថា​ ជន​រង​គ្រោះ​​​​ពុល​ក្តាមប្រៃ​ ព្រោះ​ក្តាមប្រៃ​ជ្រក់​ទុក​យូរ ហើយ​ប្រើ​ថ្នាំ​​ការពារ​កុំ​ឱ្យស្អុយ​ទៀត៕