​CNRP សម្រេច​ថា លោក​សម រង្ស៊ី ត្រូវតែ​វិល​ត្រឡប់មក​កម្ពុជា​វិញ

​រាជធានី​ភ្នំពេញ​៖​គណៈកម្មការ​អចិន្ត្រៃយ៍​គណបក្ស​សង្គ្រោះ​ជាតិ​កាលពី​រសៀល​ថ្ងៃទី​១៨ ខែវិច្ឆិកា​ឆ្នាំ​២០១៥ បាន​បើក​កិច្ចប្រជុំ​បន្ទាន់​មួយ​ហើយ​បានសម្រេច​ថា​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ចាំបាច់​ត្រូវតែ​វិល​ត្រឡប់មក​ប្រទេស​កម្ពុជា​វិញ​។ 

​     លោក​អេង ឆៃអ៊ាង មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ថា គណបក្ស​បាន​បើក​កិច្ចប្រជុំ​មួយ ហើយ​របៀបវារៈ​នៃ​កិច្ចប្រជុំ គឺ​បាន​ពិភាក្សា​ទាក់ទង​ទៅនឹង​ដំណើរ​មកកាន់​មាតុប្រទេស​វិញ​របស់លោក សម រង្ស៊ី និង​ការងារ​នៅ​រដ្ឋសភា ហើយ​ជា​លទ្ធផល សមាជិក​ទាំងអស់​យល់​ថា លោក សម រង្ស៊ី ត្រូវតែ​ត្រឡប់មក​ប្រទេស​កម្ពុជា​វិញ​។ ប៉ុន្តែ​មិនមែន​ថា វិល​ត្រឡប់មក​ស្អែក ឬ​ខានស្អែក​នោះទេ ត្រូវ​ជ្រើសរើស​ពេលវេលា​សមស្រប​ណាមួយ មិនយូរ​នោះទេ ហើយ​ចន្លោះ​ពេលវេលា​ហ្នឹង គណបក្ស​នឹង​ខិតខំ​ធ្វើ​កិច្ចការ ដើម្បី​ឲ្យ​មាន ដំណោះស្រាយ​នយោបាយ​ដោយ​សន្តិវិធី បានន័យថា ការវិលត្រឡប់​របស់​លោក​ត្រូវតែ​ធ្វើឡើង​ដោយ​សន្តិវិធី​”​។ 

​    ​ទាក់ទង នឹង​ការងារ​នៅ​រដ្ឋសភា លោក អេង ឆៃអ៊ាង អះអាងថា យើង​ចាំមើល​ស្ថានការណ៍​សិន ពីព្រោះ​យើង​ដឹង​ហើយ​ថា បើ​និយាយ​ពី​ក្បាលរថភ្លើង គឺ​ត្រូវបាន​កាត់ផ្តាច់ ហើយ​កន្ទុយ​រទេះភ្លើង​យ៉ាងណា ត្រូវតែ​តាម​ក្បាលរថភ្លើង​ដែរ ដូច្នេះ​ត្រូវ​ដោះស្រាយ​ធ្វើយ៉ាងណា​ឲ្យ​ក្បាល​រទេះភ្លើង និង​កន្ទុយ​ត្រូវ​ត​ភ្ជាប់​គ្នា​សិន ទើប​អាច​ទៅធ្វើ​ការ​នោះ​ពេញលេញ​។ 

​    ​គួរ បញ្ជាក់ថា លោក សម រង្ស៊ី ត្រូវបាន​គេ​រាយការណ៍​ថា ទើប​ចេញពី​ប្រទេស​កូរ៉េខាងត្បូង កាលពី​យប់មិញ ក្នុង​ដំណើរ​ឆ្ពោះទៅ​ប្រទេស​ហ្វីលីពីន គ្រា​ដែល​មុននេះ​គេ​ទទួល​ព័ត៌មាន​ថា លោក​បាន​ចេញពី​កូរ៉េ​ទៅ​បារាំង ដែលជា​ស្រុកកំណើត​ទី​២​របស់​មេដឹកនាំ​បក្សប្រឆាំង​រូបនេះ ៕ 

​CNRP សម្រេច​ថា លោក​សម រង្ស៊ី ត្រូវតែ​វិល​ត្រឡប់មក​កម្ពុជា​វិញ