អង្គការ NGO Forum បង្ហាញ​របាយការណ៍​ករណី​ជម្លោះ​ដីធ្លី​៤​ខេត្ត

អង្គការ​វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្ដីពី​កម្ពុជា (NGO Forum)  បង្ហាញ​របាយការណ៍​ករណី​ជម្លោះ​ដីធ្លី​ក្នុង​ខេត្ត​ចំនួន​៤ នៅ​ប្រទេស​កម្ពុជា និង​រក​ឃើញ​មាន​ករណី​ធំៗ​ចំនួន ២៨ ដែល​ដោះស្រាយ​មិន​ទាន់​បាន។ ចំណែក​មន្ត្រី​រដ្ឋាភិបាល​ដែល​ធ្វើ​ការងារ​ទាក់ទង​រឿង​ដីធ្លី​អះអាង​ថា នឹង​ពិនិត្យ​លើ​របាយការណ៍​នោះ ហើយ​បន្ទាប់​ពី​ពិនិត្យ​រួច នឹង​មាន​ចំណាត់​ការ​ជាក់ស្ដែង។

របាយការណ៍​ដែល​មាន​កម្រាស់ ១៣៦​ទំព័រ ជា​ភាសា​ខ្មែរ និង​មាន​ជា​ភាសា​អង់គ្លេស​ផង​នោះ នឹង​ត្រូវ​ដាក់​ជូន​ស្ថាប័ន​រដ្ឋ​សភា រដ្ឋាភិបាល សង្គម​ស៊ីវិល និង​អ្នក​ពាក់ព័ន្ធ​ពិនិត្យ​ពិភាក្សា​ក្នុង​ពេល​ខាង​មុខ។ គោលបំណង​នៃ​ស្រាវជ្រាវ​ដែល​ត្រូវ​បង្ហាញ​នៅ​ថ្ងៃ​ទី​១៨ ខែ​វិច្ឆិកា  ដើម្បី​ធ្វើការ​ពិភាក្សា​ជំរុញ​ឲ្យ​ការ​មាន​ការ​ដោះស្រាយ​លើ​ករណី​ដី​ជម្លោះ​ដែល​បាន​បង្ហាញ​នៅ​ក្នុង​របាយការណ៍។

នាយក​អង្គការ​វេទិកា​នៃ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ស្ដីពី​កម្ពុជា លោក តឹក វណ្ណរ៉ា ស្នើ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​យក​ចិត្ត​ទុក​ដាក់​ពិនិត្យ​លើ​របាយការណ៍​នេះ។ លោក​រំពឹង​ថា រាជរដ្ឋាភិបាល​នឹង​ផ្ដល់​ធនធាន​មនុស្ស យន្តការ​បច្ចេកទេស និង​ថវិកា​ដើម្បី​ដោះស្រាយ​បញ្ហា​ដែល​បាន​រក​ឃើញ៖ «យើង​នឹង​យក​ទៅ​បន្ត​ការ​ពិភាក្សា ដើម្បី​ឲ្យ​រដ្ឋាភិបាល​ដែល​ជា​អ្នក​ប្រតិបត្តិ​ដោះស្រាយ​ដោយ​មាន​ប្រសិទ្ធភាព»

​ខេត្ត​ដែល​អង្គការ NGO Forum សហការ​ជាមួយ​អង្គការ​ជីវិត​ថ្លៃថ្នូរ ចុះ​សិក្សា​ស្រាវជ្រាវ​រួម​មាន​ខេត្ត​កំពង់ស្ពឺ កំពង់ឆ្នាំង ពោធិ៍សាត់ និង​ខេត្ត​បាត់ដំបង។ ការ​ស្រង់​ទិន្នន័យ​ជម្លោះ​ដីធ្លី គឺ​សិក្សា​អង្កេត​លើ​ពលរដ្ឋ​ដែល​មាន​បញ្ហា​ដីធ្លី​ចាប់​ពី ៥​គ្រួសារ​ឡើង នោះ​មាន​ន័យ​យ៉ាង​ហោច​ណាស់​មួយ​ករណី​មាន​ពលរដ្ឋ ៥​គ្រួសារ។ ជម្លោះ​ភាគ​ច្រើន​កើត​ឡើង​ជា​សមូហភាព​ដែល​ជា​ជម្លោះ​រវាង​ក្រុម​ពលរដ្ឋ ដោយសារ​ផែនការ វិនិយោគ​ដី​សម្បទាន​សេដ្ឋកិច្ច និង​ការ​ផ្តិល​ដី​សម្បទាន​សង្គមកិច្ច។

​ទាក់ទង​រឿង​នេះ​ដែរ អ្នក​នាំ​ពាក្យ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក ជៀម សុផលមករា ឲ្យ​ដឹង​ថា ក្រសួង​នឹង​យក​របាយការណ៍​របស់​អង្គការ NGO Forum មក​ពិនិត្យ។ បើ​តាម​អ្នក​នាំ​ពាក្យ​ដដែល​កន្លង​មក​ក្រសួង​ក៏​ធ្លាប់​បាន​ទទួល​របាយការណ៍​ពី​អង្គការ​នេះ​ដែរ៖ «របាយការណ៍​ដែល​ដាក់​មក​ហ្នឹង​យើង​ពិនិត្យ​ព្រោះ​យើង​ចង់​ឲ្យ​របាយការណ៍​នោះ​ល្អ»

​ពលរដ្ឋ​មាន​បញ្ហា​ដីធ្លី​ម្នាក់​ក្នុង​ខេត្ត​មួយ​នៃ​ខេត្ត​ទាំង ៤ ដែល​ក្រុម​ការងារ​ចុះ​សម្ភាស គឺ​លោកស្រី យ៉ុង រ៉ាន់ រំពឹង​ថា រឿងរ៉ាវ​របស់​លោកស្រី​នឹង​បាន​ដឹង​ឮ​ដល់​ក្រសួង​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ។ ពលរដ្ឋ​មាន​បញ្ហា​ដីធ្លី​ដែល​មក​ពី​ខេត្ត​ពោធិ៍សាត់ រូប​នេះ ស្នើ​ឲ្យ​ស្ថាប័ន​នានា ដោះស្រាយ​ជូន​លោកស្រី និង​ពលរដ្ឋ​ផ្សេង​ទៀត​ឲ្យ​មាន​តម្លាភាព និង​យុត្តិធម៌៖ «ខ្ញុំ​សង្ឃឹម​ទុក​ថា រឿង​របស់​ខ្ញុំ​នឹង​ដឹង​ដល់​អាជ្ញាធរ​ថ្នាក់​លើ ខ្ញុំ​សុំ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ដែល​ដោះស្រាយ​នោះ ធ្វើ​ការងារ​ដោយ​យុត្តិធម៌»

ការ​សិក្សា​ស្រាវជ្រាវ​ដដែល​បង្ហាញ​ថា ករណី​ដីធ្លី​ដែល​ដោះស្រាយ​មិន​ទាន់​បាន​នោះ គឺ​ដោយសារ​ការ​ផ្ដល់​សំណង​តិចតួច មាន​ការ​ចោទ​ប្រកាន់​ថា ជាប់​ព័ន្ធ​រឿង​នយោបាយ និង​រឿង​ខ្លះ​ទៀត មន្ត្រី​ថ្នាក់​ក្រោម​មិន​ហ៊ាន​ដោះស្រាយ ព្រោះ​វា​មាន​ជាប់​ពាក់ព័ន្ធ​នឹង​មន្ត្រី​ថ្នាក់លើ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។