មជ្ឈមណ្ឌល Porsche ភ្នំពេញ បានបង្ហាញនូវរថយន្ត ដែលមានលក្ខណៈពិសេស ផ្ទាល់ខ្លួនផ្តាច់ មុខគេនៅកម្ពុជា

ភ្នំពេញ៖ ក្រុមហ៊ុន Precision Cars (Cambodia) Ltd ដែលជាក្រុមហ៊ុននាំចូលរថយន្ត Porsche ជាផ្លូវការនៅប្រទេសកម្ពុជា បានរៀបចំព្រឹត្តិការណ៍ពិសេសមួយ ដោយសហការជាមួយនឹង Porsche Exclusive ដែលជានាយកដ្ឋានពិសេសមួយ មានទីតាំងនៅទីស្នាក់ការកណ្តាល របស់ Porsche ក្នុងប្រទេសអាល្លឺម៉ង់។

ព្រឹត្តិការណ៍នេះ បានរៀបចំឡើងនាពេលថ្មីៗនេះ នៅភោជនីយដ្ឋាន “La Rèsidence” ដែលជាទីតាំងទទួលទានអាហារដ៏ពិសេសមួយ នៅទីក្រុងភ្នំពេញក្នុងនោះរួមមាន ទាំងអាហារថ្ងៃត្រង់និងអាហារពេលល្ងាច សម្រាប់បណ្តាញប្រព័ន្ធផ្សព្វផ្សាយ និងអតិថិជន។

អ្នកជំនាញមួយរូបមកពី Porsche Exclusive នៅប្រទេសអាល្លឺម៉ង់ បានចូលរួមនៅក្នុងព្រឹត្តិការណ៍នេះ ដើម្បីជម្រាបជូនអតិថិជន និងបណ្តាញប្រព័ន្ធផ្សព្វផ្សាយទាំងអស់ អំពីលទ្ធភាពនៃការបង្កើតរថយន្ត Porsche ដែលមានលក្ខណៈពិសេសផ្ទាល់ខ្លួន ដែលផ្តល់ជូនតាមរយៈមជ្ឈមណ្ឌល Porsche ភ្នំពេញតែមួយប៉ុណ្ណោះ។

អ្នកជំនាញរូបនោះ បានឲ្យដឹងថា Porsche ជានិច្ចកាលតែងតែបង្កើតនូវរថយន្ត ដែលជាប្រភេទស្ព័រនិងមានភាពប្រណីត។ Porsche ជាម៉ាករថយន្តស្ព័រប្រណីតរបស់អាល្លឺម៉ង់ និងជាក្រុមហ៊ុនផលិតរថយន្តដំបូងគេបំផុត នៅលើពិភពលោក ដែលបានបង្កើតផ្នែកឯកទេសមួយជាផ្លូវការ នៃការប្តេជ្ញាចិត្តធ្វើការផលិតរថយន្តពិសេស និងផ្ទាល់ខ្លួនមួយដែលហៅថា Porsche Exclusive។

ដោយសម្របតាមនិន្នាការជាសកល នៃការធ្វើឲ្យមានលក្ខណៈជាឯកត្តតែមួយ Porsche Exclusive បានដាក់តាំងសិទ្ធិផ្តាច់មុខ ដែលផ្តល់ជំរើសឲ្យអតិថិជនរបស់ Porsche អាចសំរេចចិត្តយកជំរើសណាមួយ ឬច្រើនជាង១ ដែលអតិថិជនពេញចិត្ត ក្នុងចំនោមជាង៥០០ជំរើស ដើម្បីបង្កើតរថយន្តក្នុងក្តីស្រម៉ៃ។ អ្នកជំនាញដដែល បានបន្ថែមថា ប្រភេទនៃជម្រើសរបស់ Porsche Exclusive ដែលបានផ្តល់មានចាប់ពីសម្ភារៈតួរថយន្តខាងក្រៅ ដូចជា ប្រព័ន្ធបំពង់ស៊ីម៉ាំងស្ព័រ ចង្កៀង និងកង់ រហូតដល់ការកែលម្អផ្នែកខាងក្នុងយ៉ាងច្រើន ជាមួយនឹងស្បែកប្រណិតបំផុតឈើ អាលុយមីញ៉ូមឬAlcantara ។

Porsche Exclusive អះអាងថា នឹងបង្កើតនូវ “រថយន្តផ្ទាល់ខ្លួនបំផុត” ដើម្បីធ្វើឲ្យរថយន្តរបស់អតិថិជន មានលក្ខណៈខុសពីអ្វី ដែលគេឃើញមាននៅតាមដងផ្លូវ។ ការងារនេះត្រូវបានធ្វើឡើងទៅ នឹងគោលបំណងច្បាស់លាស់ សំដៅឆ្លុះបញ្ចាំងអំពីចំណង់ចំណូលចិត្ត និងលក្ខណៈផ្ទាល់ខ្លួនរបស់អតិថិជននីមួយៗ ខណៈដែលកម្រិតនៃលទ្ធភាព មានចាប់ពីលក្ខណៈបែបស្ព័រទាំងស្រុង រហូតដល់លក្ខណៈស៊ីវីល័យបំផុត  ឬលក្ខណៈទាំងពីររួមបញ្ចូលគ្នា។

គោលការណ៍ណែនាំរបស់ Porsche Exclusive គឺធ្វើឲ្យមានលក្ខណៈផ្ទាល់ខ្លួន ចំពោះរថយន្តនីមួយៗ ដោយយកចិត្តទុកដាក់ជាពិសេស សូម្បីតែចំពោះចំណុចលម្អិតតូចបំផុត ក្នុងអំឡុងដំណើរការពិគ្រោះយោបល់ ជាមួយអតិថិជន។ រាល់ជម្រើស Exclusive ទាំងអស់ត្រូវបានធ្វើឡើងដោយអ្នកឯកទេស Exclusive ដោយប្រើប្រាស់សម្ភារៈដែលត្រូវបានជ្រើសរើស យ៉ាងប្រយ័ត្នប្រយែង។ ការដំឡើងត្រូវបានធ្វើឡើង ដោយដៃដ៏ប៉ិនប្រសប់របស់អ្នកជំនាញ ហើយនេះជាគោលការណ៍សំខាន់បំផុតរ បស់ Porsche Exclusive ពីព្រោះមិនមានគ្រឿងម៉ាស៊ីនណាមួយ អាចចាត់ចែងសម្ភារៈបានល្អប្រណីត ដូចដៃមនុស្សឡើយ។
រាល់ជម្រើសទាំងអស់ពី PorscheExclusive ត្រូវបានបង្កើតឡើង និងដំណើរការនៅក្នុងប្រទេសអាល្លឺម៉ង់ ហើយបំពាក់លើរថយន្តនៅក្នុងរោងចក្រ របស់Porsche ជាមួយនឹងគុណភាពដ៏ល្បីល្បាញរបស់ Porsche ដែលមានការធានាពេញលេញ៕

មជ្ឈមណ្ឌល Porsche ភ្នំពេញ បានបង្ហាញនូវរថយន្ត ដែលមានលក្ខណៈពិសេស ផ្ទាល់ខ្លួនផ្តាច់ មុខគេនៅកម្ពុជា

មជ្ឈមណ្ឌល Porsche ភ្នំពេញ បានបង្ហាញនូវរថយន្ត ដែលមានលក្ខណៈពិសេស ផ្ទាល់ខ្លួនផ្តាច់ មុខគេនៅកម្ពុជា