លោក យ៉ែម បុញ្ញ​ប្ញ​ទ្ធិ បញ្ជាក់ថា​សាសនា​ជា​មូលដ្ឋាន​អភិវឌ្ឍន៍​ជាតិ និង​ការកសាង​សន្តិភាព​

​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​ព្រៃវែង និង​ជា​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យ៉ែម បុញ្ញ​ប្ញ​ទ្ធិ បាន​ថ្លែងថា​យើង​នៅតែ​ជឿជាក់ថា វិស័យ​សាសនា ពិតជា​បាន​ជួយ​ដល់​ប្រជាជាតិ​ខ្មែរ​មួយ​នេះ តាមរយៈ​ការអប់រំ​ផ្លូវចិត្ត​របស់​មនុស្ស ឲ្យ​មានការ​អធ្យាស្រ័យ អត់ឱន និង​យោគយល់​ចំពោះ​គ្នា​ទៅវិញទៅមក ក្នុងនាម​ជា​ជាតិ​សាសន៍ ដែលមាន​ប្រវត្តិ​ក្នុង​ការកសាង​ចក្រភព​របស់ខ្លួន​ដ៏​ល្បីល្បាញ ហើយ​យើង​ក៏​ជឿជាក់ថា ប្រជាជាតិ​ខ្មែរ​បាន​យល់ដឹង និង​ដោះស្រាយ​បញ្ហា​ខ្លះ​បានជា​ច្រើន​មកហើយ តាមរយៈ​ស្មារតី​ជាតិនិយម និង​តម្កល់​ផលប្រយោជន៍​ជាតិ​ជាធំ​។​

​លោក យ៉ែម បុញ្ញ​ប្ញ​ទ្ធិ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​ព្រៃវែង និង​ជា​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ពន្យល់ថា ជំនឿ​ផ្លូវចិត្ត​របស់​មនុស្ស មាន​សារៈសំខាន់​ជាទីបំផុត ដែល​ផ្តល់នូវ​សេចក្តីក្លាហាន ភាព​មោះមុត ចិត្ត​បរិសុទ្ធ សីលធម៌​ខ្ពស់ ក្នុង​ចិត្ត និង​ក្នុងការ​រស់នៅ​របស់គេ ក៏ដូចជា​ក្នុងការ​ដឹកនាំ​។ លោក យ៉ែម បុញ្ញ​ប្ញ​ទ្ធិ បានបញ្ជាក់​ទៀតថា សាសនា ជា​សសរ​មួយ​ក្នុង​សសរស្តម្ភ​ទាំងបី គឺ ជាតិ សាសនា ព្រះមហាក្សត្រ ដូច្នេះ បុគ្គល​ដែល​កំពុងតែ​ប្រមាថ​សាសនា ដោយ​ប្រយោល ឬ​ដោយផ្ទាល់ ដោយ​ចេតនា ឬ​ដោយ​អ​ចេតនា គឺ​ពុំបាន​សិក្សា​ស្វែងយល់​គ្រប់​ជ្រុងជ្រោយ ក្នុងការ​រៀបចំ​សង្គមជាតិ​មួយ​នោះទេ​។​

​ជុំវិញ​បញ្ហា​នេះ លោក យ៉ែម បុញ្ញ​ប្ញ​ទ្ធិ បាន​បញ្ជាក់ថា ប្រជាជាតិ​ខ្មែរ​បាន​យល់ដឹង និង​ដោះស្រាយ​បញ្ហា​បានជា​ច្រើន​ខ្លះ​មកហើយ ក៏ប៉ុន្តែ​តើ​ប្រជាជាតិ​ខ្មែរ អាច​កាត់បន្ថយ​ភាពជ្រុលនិយម មិន​ឆ្វេង​ពេក មិន​ស្ដាំ​ពេក លើកស្ទួយ​គុណធម៌​សង្គម និង​សីលធម៌​សង្គម ក្នុងសង្គម​ខ្មែរ​បច្ចុប្បន្ន​បាន​ដោយ​របៀប​ណា​? លោក យ៉ែម បុញ្ញ​ប្ញ​ទ្ធិ បាន​សម្តែង​ការ​ជឿជាក់ថា ខ្មែរ​គ្រប់រូប​ចង់បាន​យុត្តិធម៌​សង្គម សង្គម​ថ្លៃថ្នូរ សីលធម៌​ក្នុងការ​រស់នៅ អភិវឌ្ឍន៍​សង្គម​ប្រកបដោយ​សមធម៌ ជាពិសេស​តែងតែ​នឹក​ចង់បាន ឲ្យ​អារ្យធម៌​រន្ទឺ​លើ​លោកា សង្គម​ថ្កើងថ្កាន សីលធម៌​បវរ ដែល​បរទេស និង​ខ្មែរ​គ្រប់រូប​ទទួលស្គាល់​នា​សម័យ​មហានគរ ដែល​តម្រូវ​ឲ្យ​យើង​ជា​ខ្មែរ​ចូលរួម​ទាំងអស់គ្នា ទាំង​ផ្នែក​ពុទ្ធចក្រ និង​អាណាចក្រ​។​

​គួរ​បញ្ជាក់ថា ក្នុង​ចុង​សប្តាហ៍​នេះ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​បានធ្វើ​បុណ្យ​រួមគ្នា ដង្ហែ​អង្គ​កឋិនទាន​ទៅ​វេរ​ប្រគេន​ព្រះសង្ឃ​គង់នៅ វត្ត​អម្ម​វ័​ន្ទ​រស្មី​មង្គល ស្ថិតក្នុង​ភូមិ​កោះ​រកា​ក្រោម ឃុំ​កោះ​រកា ស្រុក​ពាម​ជរ ខេត្តព្រៃវែង ក្នុងនាម​ខ្មែរ​តែមួយ ដើម្បី​ទុកជា​សម្បត្តិ​ក្នុង​វិស័យ​ព្រះពុទ្ធសាសនា ដោយ​តម្កល់​ផលប្រយោជន៍​ប្រជាជាតិ​ខ្មែរ និង​មាតុភូមិ​កម្ពុជា​ជាធំ​៕

12246817_1019764164753715_6248749608180142941_n