បញ្ហា​ដី​សម្បទាន​សង្គមកិច្ច​ក្នុង​ខេត្តមណ្ឌលគិរី អាជ្ញាធរ​មិនទាន់​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​

លោក អេង ប៊ុន​ហ៊ាង អភិបាលខេត្ត​មណ្ឌលគិរី ត្រូវបាន​ក្រុមមន្ត្រី​សង្គម​ស៊ីវិល​និង​ប្រជាពលរដ្ឋ​រិះគន់ថា មិន​យកចិត្តទុកដាក់​ដោះស្រាយ​បញ្ហា​ដី​សម្បទាន​សង្គមកិច្ច​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ​គ្មាន​ដីធ្លី ឲ្យ​ស្របទៅតាម​វិធានការ​របស់​រដ្ឋាភិបាល​នោះទេ​។ ជាក់ស្តែង​រដ្ឋាភិបាល​បានអនុញ្ញាត​ឲ្យ​អាជ្ញាធរខេត្ត​មណ្ឌលគិរី រៀបចំ​ដី​សម្បទាន​សង្គមកិច្ច​៣០០០​ហិកតា សម្រាប់​ជនក្រីក្រ​និង​ជនជាតិដើម​ភាគតិច​ដែល​គ្មាន​ដី​តាំង​លំនៅដ្ឋាន ដើម្បី​ជួយ​ដល់​ពួកគាត់​។ ប៉ុន្តែ​រហូតមក​ដល់ពេលនេះ​លោក អេង ប៊ុន​ហ៊ាង អភិបាលខេត្ត​មណ្ឌលគិរី មិនទាន់​បែងចែក​ដីធ្លី​ដល់​ប្រជាពលរដ្ឋ​តាម​គោលការណ៍​របស់​រដ្ឋាភិបាល​នៅឡើយ ហើយ​គម្រោង​ផ្តល់​ដី​សម្បទាន​សង្គមកិច្ច​នោះ បាន​បង្កើត​ឲ្យ​មាន​បញ្ហា​ស្មុគស្មាញ​ប្រទាំង​ប្រទើស​យ៉ាងច្រើន​។

​ក្រុមមន្ត្រី​អង្គការសិទ្ធិមនុស្ស​បាន​អំពាវនាវ​ដល់​អាជ្ញាធរ​ថ្នាក់ជាតិ​ឲ្យ​តាមដាន​និង​ស៊ើបអង្កេត​ទៅលើ​ភាពមិនប្រក្រតី​នៃ​ការបែងចែក​ដី​សម្បទាន​សង្គមកិច្ច​នៅ​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ណា​ម​លៀរ ឃុំ​ប៊ូ​ស្រា ស្រុក​ពេ​ជ្រា​ដា ដែល​កើតមាន​ភាពចម្រូងចម្រាស​ជា​បន្តបន្ទាប់​។ មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​បាន​រកឃើញ​ភាពមិនប្រក្រតី​ដូចជា ការបែងចែក​ដី​នៅ​យឺតយ៉ាវ អ្នកទទួលបាន​ដី​សម្បទាន​សង្គមកិច្ច​មួយ​ចំនួន​ពុំមាន​លក្ខណៈសម្បត្តិ​ទទួលបាន​ដី​តាម​ការកំណត់​របស់រ​ដ្ឋា​ភិ​បាល ហើយ​ដី​សម្បទាន​សង្គមកិច្ច​ខ្លះ ត្រូវបាន​គេ​លក់​បន្ត​ពី​ម្នាក់​ទៅ​ម្នាក់​។ ដូច្នេះ​អាជ្ញាធរ​ថ្នាក់ជាតិ​ក៏ដូចជា​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ ត្រូវ​ចាត់វិធានការ​ត្រួតពិនិត្យ​ជាបន្ទាន់​។

​តាម​របាយការណ៍​រប​ស់ម​ន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​បាន​ឲ្យ​ដឹងថា រដ្ឋាភិបាល​បានសម្រេច​ផ្តល់​ដី​៣០០០​ហិកតា សម្រាប់​សម្បទាន​សង្គម​កិច្ច​ដល់​ពលរដ្ឋ​មកពី​ខេត្តកំពង់ចាម ជាង​៥៨៨​គ្រួសារ​និង​សហគមន៍​ជនជាតិដើម​ភាគតិច​ភូមិ​ពូ​លុ​១៥០​គ្រួសារ បន្ទាប់ពី​ប្រជាពលរដ្ឋ​ស្នើសុំ​ដី​សម្រាប់​រស់នៅ​និង​ប្រកប​របរ​កសិកម្ម​ចិញ្ចឹមជីវិត​។ ប៉ុន្តែ​តំណាង​សហគមន៍​ជនជាតិដើម​ភាគតិច​ភូមិ​ពូ​លុ បាន​ឲ្យ​ដឹងថា​រហូតមក​ដល់ពេលនេះ​ពួកគាត់​មិនទាន់​ទទួលបាន​ដី​សម្បទាន​សង្គមកិច្ច​នៅឡើយ​ទេ ហើយ​ដី​ខ្លះ​ត្រូវ​ជនល្មើស​យកទៅលក់​ជាប​ន្ត​បន្ទាប់​។ ហេតុនេះហើយ​ទើប​ប្រជាពលរដ្ឋ​អំពាវនាវ​ឲ្យ​លោក អេង ប៊ុន​ហ៊ាង អភិបាលខេត្ត​មណ្ឌលគិរី ចាត់វិធានការ​ដោះស្រាយ​បញ្ហា​នេះ​ជាបន្ទាន់​៕

DSC02366លោក អេង ប៊ុនហ៊ាង អភិបាលខេត្តមណ្ឌលគិរី