លោក សុក សិត ប្រធាន​មន្ទីរ​ដែនដី​នគរូបនីយកម្ម​ខេត្តតាកែវ កំពុង​ល្បីល្បាញ​ខាង​ពុករលួយ​

​ក្នុងការ​កាន់តំណែង​ជា​ប្រធាន​មន្ទីរ​ដែនដី​នគរូបនីយកម្ម​សំណង់​និង​សុរិយោដី​ខេត្តតាកែវ ជាច្រើន​ឆ្នាំ​កន្លងទៅនេះ លោក សុក សិត កំពុង​ល្បីល្បាញ​ខាង​ប្រព្រឹត្ត​អំពើពុករលួយ កេងប្រវ័ញ្ច​ថវិការដ្ឋ​យកទៅ​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន​យ៉ាង​ក្រអឺតក្រទម​។ បញ្ហា​នេះ​ថ្នាក់ដឹកនាំ​ក្រសួង​ដែនដី​នគរូបនីយកម្ម​សំណង់​និង​សុរិយោដី គួរ​ចាត់វិធានការ​ស៊ើបអង្កេត​ជាបន្ទាន់ ដើម្បី​កុំ​ឲ្យ​លោក សុក សិត ប្រើប្រាស់​អំណាច​ស្វែងរក​ផលប្រយោជន៍​តាម​អំពើ​ចិត្ត​តទៅទៀត​។ ទន្ទឹមនឹងនេះ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ដែលមាន​លោក ឱម យ៉ិនទៀង ជា​ប្រធាន ក៏​គួរ​ស៊ើបអង្កេត​អំពើពុករលួយ​របស់លោក សុក សិត ផងដែរ​។

​ប្រភពពី​មន្ត្រីរាជការ​នៃ​មន្ទីរ​ដែនដី​នគរូបនីយកម្ម​សំណង់​និង​សុរិយោដី បាន​ឲ្យ​ដឹងថា​លោក សុក សិត ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាង​ពេញបន្ទុក​ក្នុងការ​វាស់វែង​ដីធ្លី និង​ការងារ​សំណង់​ក្នុង​ខេត្តតាកែវ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា​ច្រើន​ឆ្នាំ​មកនេះ​លោក សុក សិត ចេញ​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​យ៉ាងច្រើន ហើយក៏​ទទួលបាន​កម្រៃជើងសា​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ផងដែរ ហើយ​ការអនុញ្ញាត​ឲ្យ​សាងសង់​សំណង់​ផ្សេងៗ​ក្នុង​ខេត្ត គឺជា​ប្រភព​ចំណូល​ដ៏​សំខាន់​របស់លោក សុក សិត និង​បក្ខពួក​មួយ​ក្ដាប់​តូច​។ ជាងនេះទៅទៀត​លោក សុក សិត បាន​ឃុបឃិត​ជាមួយ​មន្ត្រីក្រោមឱវាទ​ស្និទ្ធ​នឹង​ខ្លួន កឹ​ប​កេង​ថវិកាជាតិ​សម្រាប់​ចំណាយ​ក្នុង​មន្ទីរ​ដែនដី​នគរូបនីយកម្ម​សំណង់​និង​សុរិយោដី យ៉ាង​សុខ​ស្រួល មិន​ញញើត​នឹង​វិធានការ​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​បន្តិច​ណា​ឡើយ​។

ប្រភពពី​មន្ត្រីរាជការ​នៅក្នុង​មន្ទីរ​ដែនដី​នគរូបនីយកម្ម​សំណង់​និង​សុរិយោដី​ខេត្តតាកែវ បាន​ឲ្យ​ដឹង​ទៀតថា​លោក សុក សិត ប្រើតែ​មនុស្ស​៣​ទៅ​៤​នាក់​ដែល​ស្និទ្ធ​នឹង​ខ្លួន​ឲ្យ​ធ្វើ​ការងារ ដើម្បី​ងាយស្រួល​បែងចែក​ផលប្រយោជន៍​។ ចំណែក​អនុប្រធាន​មន្ទីរ​មួយចំនួន​គ្មាន​ការងារ​ធ្វើ ហើយ​ទទួលរង​នូវ​ការគាបសង្កត់​សព្វបែបយ៉ាង​ពី​លោក សុក សិត ដែល​បញ្ហា​នេះ​ថ្នាក់ដឹកនាំ​ក្រសួង​ដែនដី​នគរូបនីយកម្ម​សំណង់​និង​សុរិយោដី មិនត្រូវ​មើលរំលង​នោះទេ ព្រោះ​លោក សុក សិត ប្រព្រឹត្ត​អំពើពុករលួយ​កាន់តែខ្លាំង​ឡើងៗ​ហើយ​។ មន្ត្រីរាជការ​ក្នុង​មន្ទីរ​ដែនដី​នគរូបនីយកម្ម​សំណង់​និង​សុរិយោដី អំពាវនាវ​ឲ្យ​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ចាត់វិធានការ​លើ​មន្ត្រី​ពុករលួយ​ដូច​លោក សុក សិត ជាបន្ទាន់​បំផុត​ដើម្បី​ជាការ​ព្រមាន​ដល់​មន្ត្រី​ពុករលួយ​ដទៃទៀត​ផងដែរ​៕

1369pdt1-600x448