គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ស្ថាបនា លីមីត​ធី​ត គ្រោង​ប្តូរ​ទៅ​ជា​ធនាគារ​នៅ​ដើមឆ្នាំ​ក្រោយ

រាជធានី​ភ្នំពេញ ៖ បច្ចុប្បន្ន វិស័យ​ធនាគារ​មានការ​អភិវឌ្ឍ​រីក​ចម្រើន​គួរ​ឲ្យ​កត់សម្គាល់ តាម​រយៈ​ការ​កើនឡើង​នៃ​ទ្រព្យសកម្ម​ចំនួន​២៦,៣៥% ឥណទាន​៣២,៣៣% និង​ប្រាក់​បញ្ញើ​២២,៤៩% បើ​ប្រៀបធៀប​នឹង​ឆ្នាំ​មុន ស្រប​ពេល​ដែល​ឥណ​-​ទាន​មិន​ដំណើរការ​នៅ​តែ​ស្ថិត​ក្នុង​កម្រិត​ទាប​ប្រមាណ​២,៧% ។ ទន្ទឹម​នឹង​នោះ គ្រឹះស្ថាន​មីក្រូហិរញ្ញ​វត្ថុ​មួយ​ចំនួន​ក៏​បាន​វិវឌ្ឍន៍​ខ្លួន​ទៅ​ជា​ធនាគារ​ជា​បន្ដបន្ទាប់​។ ជាក់ស្តែង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ស្ថាបនា លីមីត​ធី​ត គ្រោង​នឹង​ប្តូរ​ទៅ​ជា​ធនាគារ​ស្ថាបនា ភី​អិ​ល​ស៊ី នៅ​អំឡុង​ត្រីមាស​ទី​១ ដើមឆ្នាំ​២០១៦​ខាង​មុខ ដោយ​សហការ​ជាមួយ​ធនាគារ​ម៉ា​រ៉ូ​ហាន់ ។ ការ​ប្តូរ​ឈ្មោះ​ពី​មីក្រូហិរញ្ញវត្ថុ ទៅ​ជា​ធនាគារ​ស្ថាបនា ភី​អិ​ល​ស៊ី អាច​នឹង​ដំណើរការ​ទៅ​តាម​ការ​គ្រោងទុក ពេល​ដែល​ធនាគារជាតិ​នៃ​កម្ពុជា​ផ្ដល់​អាជ្ញាប័ណ្ណ​បាន​ឆាប់រហ័ស ។

លោក​បណ្ឌិត ប៊ុ​ន មុនី នាយក​ប្រតិបត្តិ​នៃ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ស្ថាបនា លីមីត​ធី​ត បាន​មាន​ប្រសាសន៍​ថា ៖ «​តាំងពី​ដើមឆ្នាំ​មក គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ស្ថាបនា លីមីត​ធី​ត បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ធនាគារ​ម៉ា​រ៉ូ​ហាន់ ដោយ​ដាក់​ភាគហ៊ុន​តែ​មួយ ហើយ​យល់ព្រម​ប្រើ​ឈ្មោះ​តែ​មួយ ។ សព្វ​ថ្ងៃនេះ យើង​កំពុង​តែ​សុំ​ច្បាប់​ពី​ធនាគារជាតិ​នៃ​កម្ពុជា ដើម្បី​ប្តូរ​ទៅ​ជា​ធនាគារ​វិញ ហើយ​យើង​រំពឹង​ថា នៅ​ដើមឆ្នាំ​២០១៦ នឹង​មានការ​យល់ព្រម​ពី​ធនាគារជាតិ​នៃ​កម្ពុជា​ផង​ដែរ ។ ម្យ៉ាងទៀត ប្រសិនជា​ធនាគារជាតិ​នៃ​កម្ពុជា​ព្រម​ទទួលស្គាល់ និង​ប្រគល់​អាជ្ញាប័ណ្ណ​ឱ្យ​ប្តូរ​ឈ្មោះ​ទៅ​ជា​ធនាគារ​នោះ យើង​នៅ​តែ​រក្សា​នូវ​យុទ្ធសាស្ត្រ​ដដែល ដោយ​ផ្តោត​ទៅ​លើ​ប្រជាពលរដ្ឋ​ក្រីក្រ​ក្នុង​ការ​បង្កើត និង​ពង្រីក​អាជីវកម្ម​ជា​ដៃគូ​សហគ្រិន ដើម្បី​ផ្ដល់​សេវាកម្ម​ហិរញ្ញវត្ថុ មាន​ន័យ​ថា យើង​នឹង​រក្សា​អតិថិជន​ដដែល ព្រមទាំង​បង្កើន​អតិថិជន​ថ្មី​» ។

លោក​បន្ត​ថា ៖ «​បន្ទាប់​ពី​ទទួល​បាន​ឈ្មោះ​ជា​ធនាគារ​ហើយ យើង​នឹង​ផ្ដល់​សេវាកម្ម​ថ្មី​បន្ថែម​ទៀត​ដល់​អតិថិជន​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក ដូច​ជា ការ​ផ្ទេរ​ប្រាក់​ពី​ក្រៅ​ស្រុក (​សម្រាប់​អតិថិជន​មាន​អាជីវកម្ម​នៅ​ក្រៅ​ស្រុក​) និង​មាន​សេវាកម្ម​ធនាគារ​ជា​ច្រើន​ទៀត​សម្រាប់​បំពេញតម្រូវការ​អតិថិជន​» ។

លោក​បន្ថែម​ថា ៖ «​ចំពោះ​ដើមទុន​សម្រាប់​ប្តូរ​ទៅ​ជា​ធនាគារ​នោះ យើង​មាន​ច្រើន​ហើយ​ដែរ ក្នុង​នោះ​ដើមទុន​របស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ស្ថាបនា លីមីត​ធី​ត មាន​ជាង​៤០​លាន​ដុល្លារ​អា​មេ​រិ​ក បូក​ជាមួយ​ដើមទុន​របស់​ធនាគារ​ម៉ា​រ៉ូ​ហាន់ ចំនួន​៨០​លាន​ដុល្លារ​អា​មេ​រិ​ក​ទៀត​។ ការ​សហការ​គ្នា​រវាង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ស្ថាបនា លីមីត​ធី​ត និង​ធនាគារ​ម៉ា​រ៉ូ​ហាន់ ធ្វើ​ឱ្យ​យើង​មាន​ដើមទុន​សរុប​ប្រមាណ​ជា​១២០​លាន​ដុល្លារ​អា​មេ​រិ​ក ដែល​ទុន​ទាំងនេះ​នឹង​បង្កើត​ភាព​ជឿជាក់​កាន់តែ​ខ្លាំង​ឡើង​ពី​សំណាក់​អតិថិជន​» ។

យោង​តាម​ប្រសាសន៍​របស់​លោក​បណ្ឌិត ប៊ុ​ន មុនី ដែល​បាន​ថ្លែង​ក្នុង​ពិធី​បូក​សរុប​លទ្ធផល​ប្រចាំឆ្នាំ នៅ​ឯ​សណ្ឋាគារ​ឯករាជ្យ ក្នុង​ខេត្ត​ព្រះ​សីហ​នុ ឱ្យ​ដឹង​ថា អស់​រយៈពេល​២០​ឆ្នាំ​កន្លង​មកនេះ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ស្ថាបនា លីមីត​ធី​ត បាន​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ និង​ចូលរួម​យ៉ាង​សកម្ម​ដើម្បី​កាត់​បន្ថយ​ភាព​ក្រីក្រ តាម​រយៈ​ការ​ផ្ដល់​ផលិតផល និង​សេវាកម្ម​មីក្រូហិរញ្ញវត្ថុ ដែល​មាន​លក្ខណៈ​ប្រកួតប្រជែង ស្រប​ទៅ​តាម​តម្រូវការ​ទីផ្សារ ។

រហូត​មក​ដល់​ពេល​នេះ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ស្ថាបនា លីមីត​ធី​ត មាន​ប្រាក់​បញ្ញើ​ប្រមាណ​២៦៥​លាន​ដុល្លារ​ហើយ ខណៈ​ឥណទាន​មាន​ចំនួន​៤៥៥​លាន​ដុល្លារ​អា​មេ​រិ​ក ។
គួរ​បញ្ជាក់​ថា តាម​របាយការណ៍​របស់​ធនាគារជាតិ​នៃ​កម្ពុជា គិត​ត្រឹម​ឆមាស​ទី​១ ឆ្នាំ​២០១៥ បង្ហាញ​ថា ប្រព័ន្ធ​ធនាគារ​នៅ​កម្ពុជា រួម​មាន ធនាគារពាណិជ្ជ​៣៦ ធនាគារ​ឯកទេស​១១ ការិយាល័យ​តំណាង​ធនាគារ​បរទេស​៨ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​៤៩ ប្រតិបត្តិ​ករ​ឥណទាន​ជនបទ​៤២ ក្រុម​ភតិសន្យា​ហិរញ្ញវត្ថុ​៨ និង​ក្រុមហ៊ុន​ក្រេ​ឌី​ត​ប៊្យូ​រ៉ូ​កម្ពុជា ចំនួន​១ ៕