ឈប់​​ម៉ូតូ​​ចុះបត់ជើងតូច​​ត្រូវ​ចោរ​ចុច​ដំបង​ឆក់​​ប្លន់​យក​ម៉ូតូ​​

​រាជ​ធានី​ភ្នំពេញ ៖ ​យុវជន​ម្នាក់​​​ចេញពី​ផឹកស៊ី​ឈប់​ម៉ូតូ​ចុះ​បត់ជើង​តូច ត្រូវ​​ចោរ​​​​​ធ្វើ​សកម្ម​ភាព​ដោយ​ចុច​ដំបង​ឆក់​​​​​ប្លន់​យក​​​យកម៉ូតូ​​​ កាលពី​វេលា​ម៉ោង​២​​និង៤០​​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៩ ​វិច្ឆិកា តាម​បណ្តោយ​ផ្លូវ​វ៉េង​​ស្រេង ភូមិ​ចោម​ចៅ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ​សែន​ជ័យ ។

យុវជន​រង​គ្រោះ​​ឈ្មោះ ភឹ​ម ​អាយុ​២៤​​ឆ្នាំ ​​ជា​​ជាង​ផ្សារ​ដែក ស្នាក់​នៅ​សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ មានស្រុក​កំណើត​នៅ​ឃុំ​ត្បូង​ក្រពើ ស្រុក​ស​ន្ទុ​ក ខេត្តកំពង់ធំ ​ម៉ូតូ​ដែល​ចោរប្លន់​យក​ទៅ​បាត់​នោះ​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​២០១៤​ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខកំពង់ធំ1J-2375 ។

ប្រភព​ព័ត៌មាន​ពី​ជន​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ ពួក​គេ​មាន​គ្នា​៤​នាក់ ជិះ​ម៉ូតូម៉ាក​ហុងដា​ឌ្រី​ម​២​គ្រឿង ទើប​​ចេញ​​​ពី​ផឹកស៊ី​នៅ​ម្តុំ​ស្ទឹង​មាន​ជ័យ ​​ធ្វើ​ដំណើរ​ទៅ ផ្ទះ​មិត្ត​ភ​ក្តិ​នៅ​សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ​លុះ​មក​ដល់​ចំណុច​​កើត​ហេតុ ក្នុង​ចំណោម​៤​នាក់​ មាន​ម្នាក់​​ឈឺបត់ជើងតូច​ក៏​បាន​ឈប់​ម៉ូតូ​អែបចិញ្ចើម​ផ្លូវ​ទាំង​២​គ្រឿង​ ​ចុះ​ដើរទៅ​បត់ជើងតូច​ នៅ​ចាំ​ម៉ូតូ​៣​នាក់ ​ខណៈ​នោះស្រាប់តែ​មាន​ជនសង្ស័យ​៥​នាក់​ ជិះ​ម៉ូតូ​២​គ្រឿង​ប្រដាប់​ដោយ​ដំបង​ឆក់​​ធ្វើ​សកម្មភាព​​ដោយ​​ចុច​ដាក់​​​ជនរង​គ្រោះ​ ធ្វើ​ឲ្យ​ជន​រង​គ្រោះ​ឮ​សំឡេង​ស្មាន​តែ​គេ​បាញ់​ភ័យ​​ស្លន់ស្លោ​​​រត់​ចោល​ម៉ូតូ​ ​​ត្រូវ​ជនសង្ស័យ​​យក​ម៉ូតូ​​មួយ​គ្រឿង​ជិះ​ចេញ​ទៅ​បាត់​ដោយ​សុវត្ថិភាព ។

ក្រោយ​ពេល​កើតហេតុ​ ជន​រង​គ្រោះ​​ទាំង​៤​នាក់​នៅ​សល់​ម៉ូតូ​មួយ​គ្រឿង​បាន​នាំ​គ្នា​ជិះ​ទៅ​ដាក់ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​ចោម​ចៅ តែ​មិន​មាន​ឯកសារ​ម៉ូតូ​គ្រប់គ្រាន់​សមត្ថកិច្ច​មិនទាន់​ទទួល​ពាក្យបណ្តឹង​ទេ រង់ចាំ​យក​ឯកសារ​មក​គ្រប់គ្រាន់​សិន ៕