យុវជន​ម្នាក់ ទាស់សំដី ជាមួយ​ឪពុកម្ដាយ បាត់​២​ថ្ងៃ​១​យប់ ស្រាប់តែ​ប្រទះឃើញ​សាកសព​អណ្តែត​ទឹក​

បន្ទាយមានជ័យ: យុវជន​ម្នាក់ បាន​ឈ្លោះប្រកែក​គ្នា ជាមួយនឹង​ឪពុកម្ដាយ​បន្តិចបន្តួច ស្រាប់តែ​រត់​ចេញ ពីផ្ទះបាត់អស់​២​ថ្ងៃ ១​យប់ ស្រាប់តែ​នៅ​ព្រឹក​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១៥ ត្រូវបាន​គេ​ប្រទះឃើញ សព​អណ្ដែត​ទឹក ក្នុង​ស្ទឹង​សិរីសោភ័ណ ត្រង់​ស្ពានថ្ម​ថ្មី ក្នុងភូមិ​៣ សង្កាត់​ព្រះ​ពន្លា ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​។​

​ជនរងគ្រោះ ឈ្មោះ អ៊ា​វ អ៊ីវ​ឆាយ  អាយុ​២០​ឆ្នាំ ម្ដាយ​ឈ្មោះ ហ៊ូ ហួង អាយុ​៤៣​ឆ្នាំ និង​ឪពុក​ឈ្មោះ អ៊ា​វ អ៊ីវ​សេង រស់នៅក្នុង​ភូមិ​រោង​ម៉ាស៊ីន សង្កាត់​អូរ​អំបិល ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​។​

​បើតាម​ការអះអាង​រប​ស់​ម្តាយ​សព បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ កូន​របស់គាត់ បាន​ឈ្លោះ​គ្នា​ជាមួយនឹង​ម្តាយ​ឪពុក​បន្តិចបន្តួច ស្រាប់តែ​នៅ​ថ្ងៃទី​១៧​នោះ ជនរងគ្រោះ បាន​រត់គេច​ចេញពីផ្ទះ​បាត់ ហើយ​ពេលនោះ ឪពុកម្ដាយ ក៏បាន​តាម​ទៅរក​ឃើញ​វិញ​ដែរ​។ ស្រាប់តែ​នៅ​ថ្ងៃទី​១៨ កូន​របស់គាត់​បានរ​ត់​ចេញពីផ្ទះ​ម្តងទៀត បាត់​រហូត​រក​មិនឃើញ​ឡើយ​។​

​លុះ​នៅ​ព្រឹក​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១៥ ស្រាប់តែ​ប្រជាពលរដ្ឋ រស់នៅ​តាម​មាត់​ស្ទឹង​សិរីសោភ័ណ ប្រទះឃើញ​សព​អណ្ដែត​ទឹក នៅក្រោម​ស្ពានថ្ម​ថ្មី ហើយ​ប្រជាពលរដ្ឋ បាន​អូស​យកមក​ច្រាំង ដើម្បី​ស្វែងរក​ឪពុកម្ដាយ​។​

​ក្រោយពី​កើតហេតុ​រួច សមត្ថកិច្ច​មួយក្រុម បាន​ចុះ​មកដល់​កន្លែងកើតហេតុ ដើម្បី​ធ្វើការ​ពិនិត្យ​សព​។ ក្រោយពី​ធ្វើការ​ពិនិត្យ​ហើយ សមត្ថកិច្ច​បាន​សន្និដ្ឋាន​ថា សព​នេះ​មិនទាន់​ដឹង អំពី​មូលហេតុ​នៃ​ការស្លាប់​នៅឡើយ ព្រោះ​សព​វា​មាន​សភាព​ហើម​ខ្លាំង និង​ស្អុយ​ពិបាក​ក្នុងការ​ពិនិត្យ​។ បន្ទាប់ពី​បាន​ពិនិត្យ​រួច សមត្ថកិច្ច បាន​ប្រគល់ជូន​ក្រុមគ្រួសារ យកទៅ​ចាត់ចែង ធ្វើបុណ្យ​តាម​ប្រពៃណី​៕V/S

យុវជន​ម្នាក់ ទាស់សំដី ជាមួយ​ឪពុកម្ដាយ បាត់​២​ថ្ងៃ​១​យប់ ស្រាប់តែ​ប្រទះឃើញ​សាកសព​អណ្តែត​ទឹក​